២១ក្រុម ចូលរួមប្រជែងជើងឯកពានរង្វាន់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកទី២ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ — ក្រុមបាល់ទាត់នៃអគ្គនាយកដ្ឋានក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាចំនួន៧ និងក្រុម មន្ទីរអប់រំ យុវជន និងកីឡាតាមបណ្តាខេត្តចំនួន១៤​ សរុបចំនួន២១ក្រុម​បានចូលរួមប្រកួត​ប្រជែងម្ចាស់ជើងឯកពានរង្វាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា លើកទី២ ប្រចាំឆ្នាំ២០១៩ ដែលបានប្រកាសបើកការប្រកួត ជាផ្លូវការ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក។ថ្លែងក្នុងឱកាសបើកការប្រកួត ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមាន​ប្រសាស៍ថា តាមរយៈការប្រកួតលើកនេះ​នឹងជួយលើកកម្ពស់ដល់សុខុមាលភាព​របស់កីឡា​ករ ដែលជាមន្ត្រីរាជការនានាក្រោម ឱវាទក្រសួងអប់រំកាន់តែល្អប្រសើរបន្ថែមទៀត។ ក្រៅពី​នេះ​​ ក៏ជាឱកាសមួយដែលធ្វើឱ្យមន្ត្រីរាជការ នៅតាមអគ្គនាយកដ្ឋានផ្សេងៗពីគ្នា មន្ទីរអប់រំ​តាមបណ្តាខេត្ត និងរាជធានីបានស្គាល់គ្នា រិតចំណងសាមគ្គីភាពជាមួយគ្នា កាន់តែស្និទ្ធ​ស្នាលផង ជាពិសេសថែមទាំងបានមើលឃើញអំពីការការដឹកនាំ និងការយកចិត្តទុក​ដាក់​របស់ថ្នាក់ដឹកនាំរបស់ខ្លួនចំពោះកីឡាករ ដែលជាមន្ត្រីរាជការក្រោមឱវាទរបស់ខ្លួន។ ឯកឧត្តម​រដ្ឋមន្ត្រីអះអាងថា ប្រសិនបើក្រុមនីមួយៗមានសាមគ្គីភាពផ្ទៃក្នុងល្អ នោះការប្រជែងយកជ័យ​ជម្នះ​ក៏បានល្អប្រសើរដូចគ្នា ហើយបើក្រុមមួយគ្មានសាមគ្គីភាពផ្ទៃក្នុងបានល្អនោះទេ ក្រុម នោះ​មិនអាចដណ្តើមបានជ័យជម្នះបាននោះឡើយ។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និង​កីឡាបានគូសបញ្ជាក់ថា ការប្រកួតនេះចាប់ផ្តើមប្រកួតសន្សំពិន្ទុក្នុងពូលពីថ្ងៃទី២៨ ខែមីនា ដល់​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដែលប្រើប្រាស់រយៈពេលជាង៤ខែ ស្មើនឹង៥៣ប្រកួត នៅ​កីឡដ្ឋានជាតិ។ ក្នុងចំណោម២១ក្រុមនេះ ត្រូវបានចែកចេញជា៤ពូល ហើយ២ ក្រុមដែល ខ្លាំងៗមានពិន្ទុខ្ពស់ជាងគេនឹងត្រូវបានឡើងទៅប្រកួតបន្តនៅវគ្គ១ភាគ៤ ឬ៨ក្រុមចុងក្រោយ ដែលនឹងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

ឯកឧត្តមបានបញ្ជាក់ទៀតថា សម្រាប់ប្រាក់រង្វាន់ជ័យលាភីគឺជើងឯកមានប្រាក់រង្វាន់ត្រៀមទុក ពានរង្វាន់១ អមដោយប្រាក់ រង្វាន់ចំនួន៤លានរៀល,​ ជើងឯករង ៣លានរៀល ចំណាត់ថ្នាក់លេខ៣ ប្រាក់រង្វាន់២លាន រៀល ខណៈជ័យលាភីក្រុម Fair Play, កីឡាករទាត់បញ្ជូលទីច្រើនជាងគេ និងអ្នកចាំទីល្អ នឹងទទួលបានប្រាក់រង្វាន់ចំនួន១លានរៀលដូចៗគ្នា។ ក្រៅពីនេះក៏មានប្រាក់រង្វាន់លើកទឹក ចិត្តមួយចំនួនទៀតផងដែរ៕

ដោយ ហេង ណាលីន