រាជរដ្ឋាភិបាលប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមជូនដល់អត្តពលិកជិត៣០០នាក់ ដំណាក់កាលទី១

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩​ — រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រគល់ប័ណ្ណ បេឡាជាតិ របបសន្តិសុខសង្គម ហៅកាត់ថា(ប.ស.ស)ជូនដល់អត្តពលិកចំនួន២៨២នាក់មកពី ១៧សហព័ន្ធកីឡាជាតិ ដែលបានផ្តល់ជូននៅព្រឹកថ្ងៃសុក្រទី២៩ ខែមីនា ឆ្នាំ២០១៩ នៅទី​ស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមាន​ប្រសាសាន៍ថា ក្នុងចំនួនកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីសហព័ន្ធកីឡាជាតិទាំង២៨២​នាក់​នេះ គឺជាការផ្តល់ជូនសម្រាប់ដំណាក់កាលទី១ ដែលបានបំពេញបែបបទបានមុនគេ ហើយ​នៅក្នុងឆ្នាំ២០១៩នេះ នឹងត្រូវបន្តការចុះឈ្មោះបំពេញបែបបទជូនដល់រាជរដ្ឋាភិបាល ដើម្បី​ទទួលយកប័ណ្ណ ប.ស.ស សម្រាប់ការថែទាំសុខភាព ការពិនិត្យព្យាបាលដោយឥតគិតថ្លៃ តាមគោលការណ៍ដែលបានកំណត់ទុក។ ឯកឧត្តមអះអាងថា ប័ណ្ណ ប.ស.ស នេះគឺពិតជា សំខាន់ណាស់ សម្រាប់ការថែទាំសុខភាពរបស់កីឡាករ កីឡាការិនី មន្ត្រីកីឡា គ្រូបង្វឹក។ ឯកឧត្តមអគ្គលេខាធិការបានអំពាវនាវឱ្យថ្នាក់ដឹកនាំ មន្ត្រីតំណាងសហព័ន្ធកីឡាជាតិ នានា គប្បីត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញបែបបទស្នើសុំប័ណ្ឌនេះ សម្រាប់អ្នកមិនទាន់បាន ក្នុងឆ្នាំ២០១៩នេះ ពីព្រោះថា ប័ណ្ណនេះមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ការថែទាំ និង ទទួលបានសេវាសុខភាពពីមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋនានាតាមគោលការណ៍ ដែលបាន កំណត់រួច។ ជាមួយគ្នានេះ ការទទួលបាននេះ គឺសម្រាប់កីឡាករ កីឡាការិនី ចៅក្រម អាជ្ញា​កណ្តាល គ្រូបង្វឹក មន្ត្រីបច្ចេកទេស នៅតាមបណ្តាក្លិប និងក្របខ័ណ្ឌសហព័ន្ធកីឡាជាតិ ដែល​ចុះបញ្ជីផ្លូវការ​របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងទទួលប័ណ្ណសេវាសុខាភិបាល បែប​នេះដូចៗគ្នា។ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានសម្តែងការដឹងគុណយ៉ាង​ជ្រាលជ្រៅជូនចំពោះ​សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់​ខ្ពស់ចំពោះ​ការគិតគូរ ថែទាំសុខភាព ជីវភាព ជូនដល់អ្នកកីឡាទាំងអស់។ចំណែកឯក លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធ​កម្ពុជា​បានសម្តែងនូវក្តីរីករាយជាខ្លាំង ដែលមន្ត្រីកីឡា កីឡាករ កីឡាការិនី ក្នុងក្របខ័ណ្ឌសហព័ន្ធ​របស់លោកទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនតាមការផ្តល់ប័ណ្ណ ប.ស.ស នេះ។ លោក​ក៏សម្តែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបាន​យកចិត្តទុកដាក់ខ្ពស់រហូតដល់ផ្តល់ប័ណ្ណនេះ នាថ្ងៃនេះ។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់ប័ណ្ណប.ស.សនេះ ក៏ទទួលបានការអញ្ជើញចូលរួម​ពន្យល់ពីបែបបទនៃការប្រើប្រាស់ពីលោកវេជ្ជបណ្ឌិត ប៊ុន សំណាង តំណាងក្រសួងសុខាភិ​បាល និងលោក សុក បូរ៉ា ប្រធានតាវកាលិកនៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងកា​រងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ដោយ ហេង ណាលីន