លោក នួន ផារ័ត្ន ស្នើឱ្យមន្ដ្រីជំនាញចុះត្រួតពិនិត្យអ្នកដាំត្រកួន និងកញ្ឆែត នៅបឹងទំពុន  

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ — កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ នឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ លោក  នួន ផារ័ត្ន បានស្នើឱ្យមន្ដ្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ សុវត្ថិភាព អ្នកដាំបន្លែដូចជា ត្រកួន កញ្ឆែត ស្ពៃ និងផ្ទីនៅតំបន់ទឹកស្អុយ បឹងទំពុន មុននឹងឱ្យពួកគាត់យកទៅលក់នៅលើទីផ្សារ។ លោក នួន ផារ័ត្ន បានស្នើបែបនេះ នៅក្នុងពិធីបើកវគ្គផ្សព្វផ្សាយ ចំណេះដឹងការពារសុវត្ថិភាពម្ហូបអាហារ ដល់អាជីវករ អាជ្ញាធរខណ្ឌទាំង១២ មន្ទីរ និងស្ថាប័នជំនាញពាក់ព័ន្ធ រួមសហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម។ ក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងកាន់តែច្បាស់អំពី ម្ហូបអាហារ ប្រើជាតិគីមី បំផ្លាញសុខភាពដល់ពលរដ្ឋកម្ពុជាទូទៅ។  ពិធីផ្សព្វផ្សាយនេះ ដោយមានការចូលរួមផងដែរពីសំណាក់ លោក គឹមមាស សុខ សីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងអំពីកង្វល់ នៃការដាំត្រកួន និងកញ្ឆែត នៅបឹងទំពុន។​ លោកអភិបាលរង សូមឱ្យផ្នែកពាក់ព័ន្ធ សហការគ្នាចូលរួមកាត់បន្ថយ និងបង្កើនការយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យបញ្ហាសុវត្ថិភាពចំណីអាហាររបស់យើងដែលធ្វើចរាចរ ក្នុងទីក្រុងភ្នំពេញមានសុវត្ថិភាពគ្រប់គ្រាន់ជូនអ្នកប្រើប្រាស់។

លោក នួន ផារ័ត្ន បានលើកឡើងអំពីករណី នៃបញ្ហាមិនមានអនាម័យ សម្រាប់ អ្នកលក់មឹកនៅផ្សារធំថ្មី ដែលមិនមានមន្ត្រីជំនាញយកចិត្តទុកដាក់ ឬណែនាំដល់អាជីវករធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

លោកបន្តថា អាជីវករត្រូវសហការទប់ស្កាត់ អាហារខូចគុណភាព និងត្រូវលក់ជូនអ្នកប្រើប្រាស់នូវអាហារដែលមានគុណភាពល្អ។ ដូច្នេះការ គ្រប់គ្រងអាជីវកម្មជារឿងសំខាន់ដើម្បីប្រាកដថាការគ្រប់គ្រងសុវត្ថិភាពចំណីអាហាររបស់យើងមានសុវត្ថិភាព។ ការចូលរួមរបស់អាជីវករ និងបងប្អូនប្រជាពលរដ្ឋនិងធ្វើឱ្យ កម្មវិធីសុវត្ថិភាពម្ហូបអាហារនិងការពារអ្នកប្រើប្រាស់របស់យើងទទួលបានជោគជ័យ ព្រោះបើគ្មានការចូលរួមពីពួកគាត់ក៏មិនទទួលបានជោគជ័យនោះដែរ។

លោក គឹមមាស សុខសីហា បានបញ្ជាក់ថា បញ្ហាសុវត្ថិភាពម្ហូប អាហារ និងបញ្ហាផលិតផលសុទ្ធតែបានផ្សាភ្ជាប់ជាមួយនឹងស្ថានភាពនៃជីវភាពរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋានទាំងអស់៕

ដោយ សួស សំរិត