ក្រសួងព័ត៌មាន នឹងរៀបចំកម្មវិធីជួបជុំកុមារ ដើម្បីចូលរួមអបអរសាទរខួបលើកទី៧០ ទិវាកុមារអន្ដរ​ជាតិ១មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ — ក្រសួងព័ត៌មាន នឹងរៀបចំពិធីជួបជុំជាមួយកុមារ  ដើម្បីចូលរួមអបអរសាទរខួបលើកទី៧០ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៩ ដើម្បីផ្ដល់ឱកាសដល់កុមារ ឱ្យទទួលបាននូវភាពសប្បាយរីក រាយ និងបង្កើននូវសាមគ្គីភាព ការស្គាល់គ្នាទៅវិញទៅមក។ នេះបើយោងតាមសេចក្ដីជូន​ដំណឹងរបស់​ក្រសួងព័ត៌មាន។

លោកជំទាវ ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារដើម្បីកុមារ ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការរៀបចំកម្មវិធីជួបជុំកុមារនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ខាងមុខ  នៅទីស្ដីការក្រសួងព័ត៌មាន ដោយមានការសម្ដែងកម្មវិធីសិល្បៈ និងល្បែងល្បងប្រាជ្ញាដោយមានការផ្ដល់ជារង្វាន់វត្ថុអនុស្សាវរីយ៍ និងផ្ដល់ជាអាហារសម្រន់​ជូនដល់កុមារផងដែរ។ លោកជំទាវបានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីនេះ ក្នុងគោលបំណង​ដើម្បីឱ្យកុមារបានចូលរួមសប្បាយរីករាយ ស្គាល់គ្នាទៅវិញទៅមក បង្កើនសាមគ្គីភាព ស្រឡាញ់គ្នា និងបានយល់ដឹងអំពីសិទ្ធិធំៗទាំង៤របស់កុមារ ដែលរាជរដ្ឋាភិបាលបានផ្ដោត ការយកចិត្តទុកដាក់ជាចម្បង។ លោកជំទាវក៏បានអំពាវនាវដល់មាតា បិតា អាណាព្យាបាល ទាំងអស់ នាំបុត្រធីតា កូន ចៅ និងក្មួយៗ ដែលមានអាយុចាប់ពី៥ឆ្នាំ ដល់១២ឆ្នាំ មកចូលរួម ក្នុងកម្មវិធីអបអរសាទរខួបលើកទី៧០ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៨ ទិវាពិភព​លោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៩ ឱ្យបានច្រើនកុះករ។

សូមបញ្ជាក់ថា ក្រសួងព័ត៌មានតែងតែបង្កើតកម្មវិធីជួបជុំជាមួយកុមារ និងកម្មវិធីមហា ស្រពតន្រ្ដី និងចម្រៀងកុមារជារៀងរាល់ឆ្នាំ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងដល់កុមារ ជាពិសេសផ្ដល់ឱកាសឱ្យកុមារអាចបញ្ចេញនូវសមត្ថភាព ទេពកោសល្យ ព្រមទាំងផ្ដល់​ឱ្យ​កុមារទទួលបានការអប់រំប្រកបដោយសីលធម៌ ដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្ដល្អ និង​ប្រជាពលរដ្ឋល្អនាថ្ងៃអនាគត៕

ដោយ អ៊ុន រិទ្ធី