ឯកឧត្ដម ប្រាក់ សោភ័ណ បានបង្ហាញថា ព្រឹត្តិការណ៍សៀមរាប​សង្ក្រាន្តនឹង​មាន​ទស្សនីយភាព​ជាច្រើនទាក់ទងទៅនឹងវប្បធម៌ប្រពៃណីខ្មែរ

AKP សៀមរាប ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះថា ឆ្នាំនេះកម្ពុជាមិនបានរៀប ចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទេ ប៉ុន្តែសម្រាប់ខេត្តសៀមរាប គឺមាន​រៀប​ចំព្រឹត្តិការណ៍សៀមរាប​សង្ក្រាន្ត ដែល​ធ្វើ​នៅ​តំបន់ព្រះអង្គចេក ព្រះអង្គចម និងនៅសួនច្បារមុខព្រះរាជដំណាក់ ដោយមានកម្មវិធីកម្សាន្ត ល្បែងប្រជាប្រិយ និងការបង្ហាញវប្បធម៌ដ៏សសម្បូរបែបខ្មែរ ដែលធ្វើ អ្នកដែលបាន​ចូល​រួម ​នៅ​ក្នុងព្រឹត្តិការណ៍​សៀមរាបសង្ក្រាន្តនេះមាន​ភាព​សប្បាយរីករាយ ជាពិសេសអ្នកទេសចរបរទេសបានឈ្វេងយល់ពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងពិធីបុណ្យជាតិរបស់ខ្មែរផងដែរ។

ឯក​ឧត្តមបាន​បញ្ជាក់ថា បើទោះបីព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ មាន​ការរៀប ចំតូចជាងអង្គរសង្ក្រាន្តក៏ពិតមែន ប៉ុន្តែនៅក្នុង​ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះបាន​ប្រមូល យកកម្មវិធីសំខាន់ៗដែលមាន​នៅក្នុងអង្គរសង្ក្រាន្តមកដាក់ចូលនៅក្នុងព្រឹត្តិការណ៍នេះ។

ឯកឧត្តមបានបញ្ជាក់ទៀតថា កម្មវិធីសំខាន់ៗដែលគ្រោងរៀបចំនៅក្នុងព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្តនេះ មាន​ដូចជា ភូមិអាហារនៃក្តីស្រឡាញ់ ដែល​បាន​នាំយកអាហារ និងបង្អែមប្រចាំនៅតំបន់សៀមរាបជាច្រើនប្រភេទមកបង្ហាញ និង​ឱ្យអ្នកចូលរួមបាន​ស្គាល់ និងភ្លក់រសជាតិ នៃអាហារខ្មែររបស់យើង។ មានកម្មវិធី ភូមិខ្ញុំ តោះតោះលេងទឹក មានដាក់ តាំងបង្ហាញជ្រូកយក្ស ការតាំងបង្ហាញនូវការត្បាញក្រមា និងផលិតផលស្នាដៃស្ត្រីខ្មែរ ដែលកើតចេញកម្លាំងប្រាជ្ញារបស់បងប្អូនស្ត្រីខ្មែរ និងមាន​កម្មវិធីសប្បាយជាច្រើនទៀត។

ឯកឧត្ដម ប្រាក់ សោភ័ណ បានបន្តថា គិតត្រឹមថ្ងៃទី២៨ ខែមីនានេះ ការសាងសង់ សំណងនានានៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ ដំណើរការបានប្រមាណជា៥០ទៅ ៦០ភាគរយហើយ។ ក្រុមការងារសាងសង់ក៏កំពុងតែប្រញាប់ប្រញាល់ក្នុងការព​ន្លឿនការងារនេះឱ្យបានលឿនទាន់ពេលវេលាផងដែរ។

ឯក​ឧត្តមបាន​អំពាវនាវ​ឱ្យប្រជាពលរដ្ឋកម្ពុជា និង​ភ្ញៀវទេសចរបរទេស មកចូលរួម កម្សាន្តសប្បាយនៅក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះឱ្យបានច្រើន ជាពិសេសត្រូវចូលរួម​ថែរក្សបរិស្ថាន និងគោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរ ដើម្បីសុវត្ថិភាព​ទាំង​អស់គ្នា ៕

ដោយ ឃុត សៅ