ក្រុមខេត្តសៀមរាប យកឈ្នះខេត្ដឧត្តរមានជ័យ ២-១ វគ្គជម្រុះថ្នាក់ខេត្តពានរង្វាន់សម្តេច តេជោ ហ៊ុន សែន រដូវកាល ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ — ក្រុមបាល់ទាត់ខេត្តសៀមរាបបានយកឈ្នះក្រុមខេត្តឧត្តរមានជ័យ ដោយលទ្ធផល២ទល់១ វគ្គជម្រុះថ្នាក់ខេត្តនៃព្រឹត្តិការណ៍ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល ២០១៩ ដែលបានប្រកួតកាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅកីឡដ្ឋានខេត្ត សៀមរាប។យោងតាមលទ្ធផលជាផ្លូវការផ្តល់ជូនពីគណៈកម្មការជាតិបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC បានឱ្យដឹងថា ការប្រកួតរវាងខេត្តសៀមរាប និងក្រុមឧត្តរមានជ័យ គឺជាការប្រកួត សន្សំពិន្ទុ ក្នុងពូលE ខណៈម្ចាស់ផ្ទះ ខេត្តព្រះវិហារបានប្រកួតចាញ់ក្រុមខេត្តកំពង់ធំ ០ទល់១។ ចំណែកឯ២ប្រកួតផ្សេងទៀត កាលពីល្ងាចថ្ងៃទី ២៧ ខែមីនា នៃវគ្គសន្សំពិន្ទុក្នុងពូល D ដែល ក្រុមខេត្តកែបយកឈ្នះក្រុមខេត្តព្រះសីហនុ១ទល់០ ខណៈក្រុម ខេត្តកោះកុង​យកឈ្នះខេត្ត​កំពត ដោយលទ្ធផលបច្ចេកទេស ៤ទល់២។

វគ្គជម្រុះថ្នាក់ខេត្តនឹងត្រូវបញ្ចប់នាថ្ងៃទី១០ ខែមេសា ខាងមុខ ដើម្បីស្វែងរកក្រុមខ្លាំងៗឡើង​មកជួប ប្រកួតបន្តជាមួយក្រុមទាំង១៤នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩នេះ។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ចែកចេញជាពីរថ្នាក់ គឺការប្រកួតជម្រុះ ថ្នាក់ខេត្ត ដែលមានក្រុមខេត្តនានាទូទាំងប្រទេស ហើយក្រុមដែលខ្លាំងតាម ពូលនីមួយៗនឹងត្រូវឡើងមកប្រកួត នៅវគ្គទី២ ដែលហៅថា ការប្រកួតជម្រុះថ្នាក់ជាតិ ដែល​មានក្រុមដែលរង់ចាំក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា៕

ដោយ ហេង ណាលីន