ការប្រកួតកីឡាសិស្សបឋមសិក្សាជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩នឹងដំណើរការពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសានេះ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩​ — ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើង ឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ដោយគ្រោងនឹងដំណើរ ការប្រកួតពីថ្ងៃ​ទី២៩ មីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ លើ៤ប្រភេទកីឡា។ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមព្រឹត្តិការណ៍នេះ នៅសាលប្រជុំនៃនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា ការប្រកួតសិស្សបឋមសិក្សា នេះមានកីឡាករ កីឡាការិនីវ័យក្មេង ហើយឯកឧត្តមស្នើឱ្យមន្ត្រីគណៈកម្មការបច្ចេកទេស​គប្បីត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ត្រៀមគ្រឿងបរិក្ខារពេទ្យ សម្រាប់ការជួយសង្គ្រោះបឋម នៅក្នុងទីលានប្រកួតពេលមានរបួស។ ឯកឧត្តមបានសំណូមពរឱ្យគណៈ កម្មការមន្ត្រីរៀប ចំការប្រកួត គ្រូបង្វឹក កីឡាករ កីឡាការិនីត្រៀមលក្ខណៈតាមតួនាទីរៀងៗខ្លួន ដើម្បីបង្កើន គុណភាពដល់ការប្រកួតនេះទទួលបានជោគជ័យ។ ក្រៅពីនេះ ក៏ត្រូវមានការយកចិត្តទុកដាក់ លើវិន័យ ក្រមសីលធម៌ឱ្យបានខ្ពស់ផងដែរ។

យោងតាមរបាយការណ៍របស់គណៈកម្មការបច្ចេកទេសរៀបចំការប្រកួតកីឡាសិស្ស បឋមសិក្សាជើង ឯកថ្នាក់ជាតិឆ្នាំ២០១៩នេះ មាន៤ប្រភេទកីឡា និងមាន៩វិញ្ញាសា រួមមាន៖ បាល់ទាត់ចម្រុះកុមារា-កុមារី ២៥ក្រុម, បាល់ទះចម្រុះកុមារា-កុមារី ២៥ក្រុម, បាល់បោះ ចម្រុះមកុមារា-កុមារី១៨ក្រុម, អត្តពលកម្ម កុមារា-កុមារី ៦វិញ្ញាសា មាន២៤ក្រុម។ សរុបចំនួន ប្រតិភូ អ្នកដឹកនាំក្រុម គ្របង្វឹក គ្រូជំនួយ  និងកីឡាករ កីឡាការិនីចូលរួម សរុប ១៦០៥នាក់ ខណៈមន្ត្រីគណៈកម្មការរៀបចំការប្រកួត និងមន្ត្រីបច្ចេកទេសសរុប ២៣៧នាក់។ ជាមួយគ្នា​នេះ ក្រសួងអប់រំ យុវជន និងកីឡាបានត្រៀម និងទទួលរ៉ាប់រងជួលសណ្ឋាគារ ៣ទីតាំង សរុប ៥១៨បន្ទប់ សម្រាប់ការស្នាក់នៅរបស់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី និងការហូបចុក គឺក្រសួងបានត្រៀមអាហារចំនួន១៤២តុ នៅពហុកីឡដ្ឋានជាតិ។

សូមបញ្ជាក់ថា សម្រាប់ទីលានប្រកួតលើ៤ប្រភេទកីឡានេះ​នឹងត្រូវប្រកួតនៅទីលានបាល់​ទាត់​វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា, វិទ្យាល័យ ជា ស៊ីម បឹងកេងកង, ពហុកីឡដ្ឋានជាតិ, មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕

ដោយ ហេង ណាលីន