ឯកឧត្ដម វ៉ា ថន អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ -ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃពុធ ៧រោច ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅខេត្តក្រចេះ ។

លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបាន  ឱ្យដឹងថា ក្នុងឆ្នាំ២០១៨ក៏ដូចជាបណ្តាឆ្នាំកន្លងមក ក្រុមការងារតែងតែបានលើកកម្ពស់ស្មារតីសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ធ្វើឱ្យនៅតាមបណ្តោយព្រំដែនរបស់ខេត្តទាំង២ គឺខេត្តក្រចេះប្រទេសកម្ពុជា និងខេត្តប៊ិញភឿក ប្រទេសវៀណាម ពុំមានសកម្មភាពបទល្មើសគ្រឿងញៀនកើតឡើងទេ ។

លោកស្នងការខេត្ត បានឱ្យដឹងទៀតថា នៅទូទាំងខេត្តក្រចេះមានមណ្ឌលសម្រាប់ផ្តាច់សារធាតុញៀនចំនួន ១កន្លែងដែលមានឈ្មោះថា មជ្ឈមណ្ឌលអប់រំ ព្យាបាល បន្សាបនិងស្តារ នីតិសម្បទាអ្នកញៀនគ្រឿងញៀន (មជ្ឈមណ្ឌលក្រចេះឱកាសថ្មី ) ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណ ការិយាល័យការពារ និងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ។

លោកឧត្តមសេនីយ៍ លន់ សុផាត បានបញ្ជាក់ថា ស្ថិតិជនញៀនគ្រឿងញៀនប្រចាំឆ្នាំ ២០១៨ ដែលបានមកទទួលសេវាអប់រំ ព្យាបាល បន្សាប និងស្តារនីតិសម្បទា នៅក្នុងមជ្ឈ មណ្ឌល រួមមាន៖ អ្នកជាប់សារធាតុញៀន ៨៣នាក់ ស្រី ១នាក់ សមាហរណកម្មចេញពីមណ្ឌល ៧៥នាក់ ស្រី ១នាក់ និងជនកំពុងសម្រាកព្យាបាលក្នុងមណ្ឌល ៣៤នាក់ ។ ដោយឡែកចាប់តាំងពីមជ្ឈមណ្ឌលបានបើកទទួលយកអ្នកញៀនគ្រឿងញៀនមកធ្វើការព្យាបាល បន្សាប រហូតមកដល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលទទួលបានអ្នកញៀនគ្រឿងញៀនចំនួន១៦២ នាក់ និងការធ្វើសមាហរណកម្មចំនួន ១២៨នាក់ ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាប្រធានស្ថាប័នពាក់ព័ន្ធ កងកម្លាំងអនុវត្តន៍ច្បាប់គ្រប់ប្រភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងផុល ផុស ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់និងបង្ក្រាបគ្រឿងញៀននៅក្នុងខេត្តក្រចេះរបស់យើង ។

ឯកឧត្ដមអភិបាលខេត្តបានជំរុញឱ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តបន្តសហការឱ្យបានល្អ និងសកម្មបំផុត ក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ២០១៩ ដើម្បីរួមចំណែកក្នុងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្កបរិយាកាសល្អសម្រាប់ការអនុវត្តយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជ រដ្ឋាភិបាលឱ្យបានជោគជ័យ ៕

ដោយជួន សុជាតិ