មន្រ្តី​​ក្រសួង​វប្បធម៌បង្ហាញថា ខេត្តសៀមរាប គឺ​ជា​ខេត្ត​មួយដែលមាន​ប្រជាពលរដ្ឋគោរព និង​ថែរក្សាបាន​នូវ​ទំនៀមទម្លាប់ ប្រពៃណី​ពីបុរាណ បាន​យ៉ាង​ល្អប្រសើរ

AKP សៀមរាប ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ -ថ្លែង​នៅ​ក្នុង​ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៨ និងបើកមហោស្រពសិល្បៈ            (ល្ខោនស្រមោលស្បែកធំ) លើកទី២ នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃពុធ ៧រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិ ការក្រសួងវប្បធម៌ និងវិចិត្រសិល្ប:  បាន​មាន​ប្រសាសន៍ថា បច្ចុប្បន្ននេះបញ្ហាប្រឈមចំពោះវប្បធម៌ប្រពៃណីរបស់ប្រជាជនខ្មែរយើង គឺកំពុងតែទទួលរង​គ្រោះជាងមុនដោយសារកង្វះខាត មធ្យោបាយថែរក្សា និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ដែលពោរពេញដោយសម្ភារៈទំនើបនិយម បាន​ជ្រាបចូលយ៉ាង​ខ្លាំង ដែល​បង្កើតជាផលវិជ្ជមាន អវិជ្ជមានដល់វប្បធម៌ខ្មែរ។

បើទោះជាយ៉ាង​នេះ​ក្តី​ឯក​ឧត្តម​បាន​បង្ហាញថា ខេត្តសៀមរាប គឺ​ជា​ខេត្ត​មួយដែលមាន​ប្រជាពលរដ្ឋគោរពប្រតិបត្តិ និង​ថែរក្សាបាន​នូវ​ទំនៀមទម្លាប់ ប្រពៃណី​ពីបុរាណ បាន​យ៉ាង​ល្អប្រសើរ ដូច​ជាពិធីកោរជុក ពិធីចូលម្លប់ ពិធីឡើងអ្នកតា និងពិធីជាច្រើនទៀត ដែលពិធីទាំងនេះ​នៅតាមបណ្តាខេត្តមួយចំនួនស្ទើរតែគ្មានប្រជាពលរដ្ឋធ្វើទៅហើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏មាន​ទម្រង់សិល្បៈមួយចំនួននៅក្នុងខេត្តសៀមរាបនេះប្រឈមនិងការបាត់បង់ដែរ។

ឯក​ឧត្តមរដ្ឋលេខាធិការ បាន​លើក​ទឹក​ចិត្ត​ដល់​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប បន្ត​ គោរពប្រតិបត្តិ និង​ថែរក្សា​នូវ​ទំនៀមទម្លាប់ ប្រពៃណី​ពីបុរាណ ឱ្យបាន​ល្អប្រសើរតទៅទៀត ដើម្បីឱ្យកូន​ចៅ​ជំនាន់ក្រោយបាន​ឃើញ ស្គាល់ និង​បាន​គោរពប្រតិបត្តិតាមបន្តទៅទៀត។

ឯកឧត្តម​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែប្រមូល​នូវគ្រប់មធ្យោបាយផ្តួចផ្តើមគំនិតបំផុសចលនាសិល្បៈទូទាំងប្រទេស រួមទាំងសិល្បៈ​មហាជន ទាំង​ក្នុងនិង​ក្រៅ​ប្រទេស ដើម្បីរួមគ្នាស្វែងរកគន្លឹះ និង​ចាត់​វិធាន​ការ​ជួយទ្រទ្រង់ និង​សង្គ្រោះនូវរាល់ទម្រង់ បេតិកភណ្ឌអរូបីទាំង​ឡាយ​ដែលប្រឈមនឹងការបាត់បង់ឱ្យរស់រវើកឡើងវិញជាបន្តទៀត តាមរយៈការរៀបចំបើកមហោស្រពដើម្បីបង្ហាញនូវតម្លៃបេតិកភណ្ឌវប្បធម៌របស់ដូនតា និងខិតខំផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ​ដល់យុវជន ដើម្បីឱ្យចេះរួមគ្នាថែរក្សាការពារបេតិកភណ្ឌសិល្បៈអរូបីរបស់ខ្មែរទាំងអស់ឱ្យនៅគង់វង្សជានិរន្តរ។ ជាក់ស្តែងនៅរាត្រីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកមហោស្រពសិល្បៈ(ល្ខោនស្រមោលស្បែកធំ)ដែល​សម្តែងបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរ ​និង​ភ្ញៀវទេសចរបរទេស បាន​ទស្សនាដោយសេរី និងបានឈ្វេងយល់ពីវប្បធម៌ខ្មែរនៅសួនច្បារមុខព្រះរាជដំណាក់ខេត្តសៀមរាប​។

លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈខេត្តសៀមរាប​ បានឱ្យដឹងថា នៅក្នុងខេត្តសៀមរាប​ មាន​ក្រុមសិល្បៈមហាជនចំនួន ៣២ក្រុម ដែលកំពុងតែបម្រើការ និងប្រកបអាជីវកម្មលើវិស័យសិល្បៈយ៉ាង​សកម្មនៅតាមបណ្តារោងមហោស្រព សណ្ឋាគារ និងភោជនីយដ្ឋាន​នៅពេលរាត្រី។ ក្រុមសិល្បៈទាំង​នេះបាន​ចេញទៅសម្តែងនៅលើឆាកអន្តរជាតិជាញឹកញាប់ ដូចជា នៅប្រទេសចិន ម៉ាឡេស៊ី និងបណ្តាប្រទេសជាច្រើនទៀត នៅក្នុងតំបន់អាស៊ាន ដើម្បីផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិកម្ពុជាដល់ពិភពលោក៕

ដោយឃុត សៅ