មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និលើកទិសដៅការងារឆ្នាំ២០១៩

AKP ពោធិ៍សាត់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ -មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ និងអង្គការដៃគូ បានប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នៅថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំរបស់មន្ទីរក្រោមអធិបតីភាពលោកជំទាវ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ខ្លឹម សុគន្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងមានអ្នកចូលរួមជាង៣០០នាក់។

លោក ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់បានធ្វើរបាយការណ៍ស្វាគមន៍ដោយបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨កន្លងទៅនេះមន្ទីរសុខាភិបាលខេត្ត បានយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ជាមូយគ្នានោះនៅតាមមន្ទីរពេទ្យប្រតិបត្តិតាមស្រុកនីមួយៗក៏បានខិតខំយកចិត្តទុកដាក់ពិនិត្យនិងព្យាបាលជំងឹជូនប្រជាពលរដ្ឋ និងគោរពបាននូវក្រមសីលធម៌ផងដែរ។

លោកជំទាវ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាល បានថ្លែងថា អ្នកជំនាញខាងវិស័យសុខភាពសាធារណៈ ត្រូវដឹងថា គឺធ្វើឱ្យប្រសើរឡើងនូវសុខភាពមាតា ទារក កុមារ ស្ត្រីមានផ្ទៃពោះ និងក្នុងវ័យបន្តពូជ។

លោកទំទាវបានបន្តថា ចំណុចទាំងនេះទាមទារឱ្យមានការខិតខំយ៉ាងច្រើនពីមន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធ ក្នុងនោះត្រូវពង្រីកការសាងសង់អគារនៅតាមជនបទ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកសុខភាពរបស់ប្រជាពលរដ្ឋ ដោយឈរលើមូលដ្ឋានសមធម៌ និងធានានូវនិរន្តភាព។ លោកជំទាវជឿជាក់ថា មន្ត្រីទាំងអស់នឹងយកចិត្តទុកដាក់ ត្រិះរិះពិចារណាចំពោះជនងាយរងគ្រោះលុបបំបាត់នូវសេវាសុខាភិបាលខុសច្បាប់ ការធ្វើចរាចរឱសថក្លែងក្លាយ ពិនិត្យសុវត្ថិភាពចំណីអាហារ ផលិតផលគ្មានគុណភាព ដែលអាចបង្កឱ្យមានវិបត្តិធ្ងន់ធ្ងរផ្នែកសុខភាពអាចឈានទៅដល់ការបាត់បង់អាយុជីវិតដល់អ្នកប្រើប្រាស់ ៕

ដោយ ណៅ ធឿន