សាធារណរដ្ឋអ៊ីស្លង់ ចង់បង្កើតអគ្គកុងស៊ុលកិត្តយសនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ ការ​​ទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩​ — ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ីស្លង់បានអះអាងថា ប្រមុខដឹកនាំអ៊ីស្លង់មាន សំណូមពរថា នឹងបង្កើតអគ្គកុងស៊ុលកិត្តិយស នៅរាជធានីភ្នំពេញ ដើម្បីសម្របសម្រួល​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។

ការអះអាងបញ្ជាក់នេះគឺធ្វើឡើង ក្នុងពេលដែលឯកឧត្តម Gunnar Snorri Gunnarsson ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លង់ ជូនសារតាំង និងសម្តែងការគួរ ជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីព្រឹកថ្ងៃទី២៧ ខែមីនា នៅវិមាន ព្រឹទ្ធសភា។

ឯកឧត្តម Gunnar Snorri Gunnarsson បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃ ខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ហើយតាមរយៈបេសកកម្មការទូតរបស់ ឯកឧត្តម នឹង ពូនជ្រំទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអ៊ីស្លង់-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តមបានបន្ដថា ប្រទេសកម្ពុជា គឺជាគោលដៅ ទេសចរណ៍របស់ប្រជាជនអ៊ីស្លង់ ហើយនាពេលអនាគត លោកសង្ឃឹមថា នឹងមានអ្នកទេស ចរអ៊ីស្លង់ មកកាន់ប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើក​ឡើងថា  ប្រទេសអ៊ីស្លង់ គឺជា​ប្រទេសតូច ដែលមិនមានស្ថានតំណាងប្រចាំប្រទេសច្រើនទេ ហេតុនេះ ដែលអាចនឹងបង្កើតអគ្គកុងស៊ុលកិត្តិយស នៅរាជធានីភ្នំពេញ ដើម្បីសម្រប​សម្រួលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទូលំទូលាយ​ថែមទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ  បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ សេចក្តី​គោរព និងសេចក្តីនឹករលឹកអំពីព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ ជូនចំពោះឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំ កំពូល​មគ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋអ៊ីស្លង់។ ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាម​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅជាទីបំផុត ដែលឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋ អ៊ីស្លង់ តែងតាំងឯកឧត្ដមជាឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋអ៊ី ស្លង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រមុខរដ្ឋមានជំនឿជឿជាក់ថា ក្នុងឋានៈជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ អ៊ីស្លង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំជំរុញឱ្យមានការផ្លាស់ប្តូរទៅវិញ ទៅមកលើគ្រប់វិស័យ ឱ្យកាន់តែទូលំទូលាយដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និង​ប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តីបានសម្តែងនូវសេចក្តីរីករាយដោយ បានមើលឃើញទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើន ជាបន្ត បន្ទាប់។ ទន្ទឹមនេះ ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃព្រះ រាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹង ឯកឧត្តម ឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិ ការ ឈានឡើងកម្រិតថ្មីមួយទៀត ដើម្បីផលប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេស ទាំងពីរ ទៅវិញទៅមកផងដែរ៕

ដោយ ប៊ុន រិទ្ធ