ប្រជាពលរដ្ឋតំបន់កោះទទួលបានផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ពីសប្បុរស ជនជាចំណងដៃនៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ — លោក សេង ហួលាង ចៅសង្កាត់កោះ រ៉ុង បានបញ្ជាក់ថា នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ ប្រជាពលរដ្ឋតំបន់កោះរ៉ុង នឹងទទួលបានផ្លូវក្រាលក្រួសក្រហមមួយខ្សែ សម្រាប់ ប្រើប្រាស់ដោយសារតែមើលឃើញការលំបាករបស់ប្រជាពលរដ្ឋតំបន់កោះ មានចម្ងាយពី ដីគោក ប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុង ខេត្តព្រះសីហនុ ដែលមាន ៥ភូមិ គឺភូមិព្រែកស្វាយ ភូមិដើមថ្កូវ ភូមិកោះតូច ភូមិសុខសាន្ត និងភូមិកោះរ៉ុងសន្លឹម ហើយការធ្វើដំណើរទៅ កាន់ភូមិនីមួយៗ គឺត្រូវការទូកចម្លង ពីភូមិមួយទៅភូមិមួយ ។ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹង កាលពីព្រឹកថ្ងៃពុធ ៧រោជ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០​១​៩ លោក សេង ហួលាង បានលើកឡើងថាឋ ការផ្តួចផ្តើមកៀរគរ រកសប្បុរសជន ដើម្បីជួយស្ថាបនាផ្លូវក្រាលក្រួស​ក្រហមមួយខ្សែនេះឡើងគឺមានប្រវែង២.០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.៣០ម៉ែត្រ តភ្ជាប់ពីភូមិសុខសាន្ត មកភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុង ខេត្តព្រះសីហនុ ផ្លូវនេះ​តភ្ជាប់ជា មួយនឹងផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិព្រែកស្វាយដែលទើបស្ថាបនារួចនា ពេលថ្មី ​​នេះ។
លោកបានបន្តថា ផ្លូវក្រាលគ្រួសក្រហមមួយខ្សែនេះចំណាយថវិកាជាង ៣ម៉ឺនដុល្លារ​អាម៉េរិក ហើយថវិកាទាំងអស់នេះ គឺបានមកពីសប្បុរសជនជិតឆ្ងាយទាំងក្នុងសង្កាត់កោះរ៉ុង និងក្រៅសង្កាត់ ហើយសង្ឃឹមថា ផ្លូវមួយខ្សែនេះជាផ្លូវយុទ្ធសាស្ត្រថ្មីមួយសម្រាប់ ជាចំណង ដៃជូនប្រជាពលរដ្ឋរស់នៅតំបន់កោះ។ លោកបានបន្ថែមថា លោកនឹងខិតខំកៀរគរ រកសប្បុរសជនជួយស្ថាបនាផ្លូវតភ្ជាប់ភូមិទាំង៤ បន្តទៀត និងឈានទៅស្ថាបនា ផ្លូវក្រួស​ក្រហម ឬផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ ពីភូមិមួយទៅភូមិមួយបន្តទៀត។ ដោយឡែក ភូមិកោះរ៉ុងសន្លឹម គឺជាភូមិមួយនៅដាច់ឆ្ងាយពីភូមិទាំង៤ ខណដោយសមុទ្រ មិនអាច មានផ្លូវតភ្ជាប់បាន ។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋតំបន់កោះ សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជន ដែលបានជួយស្ថាបនាផ្លូវក្រាលក្រួសក្រហមមួយខ្សែនៅតំបន់កោះ ស្របតាម គោលនយោបាយ យុទ្ធសាស្ត្រចតុ កោណតំណាក់កាលទី៤ របស់រាជរដ្ឋា ភិបាលកម្ពុជា មានផ្លូវ គឺយើងមានសង្ឃឹម ក្នុងការធ្វើដំណើរ ការអភិវឌ្ឍក្នុងមូលដ្ឋាន និងការប្រា​ស្រ័​យ​ទាក់ទងបានទាន់ពេលវេលា ៕

ដោយ ងូ សុមុនី