រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៖ ក្នុងឆ្នាំ២០១៨ កំណើនជើងហោះហើររបស់កម្ពុជាមាន ការកើនឡើងជាង១៦ភាគរយ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩​ — រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបង្ហាញថា ចំនួនជើងហោះហើរចូលក្នុង​ប្រទេស កម្ពុជាមានចំនួន១០ម៉ឺនជើង ក្នុងឆ្នាំ២០១៨កន្លងទៅនេះ ដែលចំនួននេះ គឺមានការ កើនឡើង ១៦.២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាពេញមួយឆ្នាំ២០១៧។ នេះបើយោង តាមការ ចេញផ្សាយរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។ក្នុងរបាយការណ៍បានបញ្ជាក់ថា ដោយឡែកចំពោះចំនួនភ្ញៀវទេសចរជាតិ និង​អន្តរជាតិដែលធ្វើដំណើរតាមផ្លូវអាកាសវិញក៏មានការកើនឡើងផងដែរ។ ជាក់ស្តែងក្នុង ឆ្នាំ២០១៨កន្លងមកនេះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការកើនឡើងចំនួន ២១.១ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៧។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាព ការងារវិស័យ អាកាសចរស៊ីវិល ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០១៩ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ប៊ុន នី អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ឧស្សាហកម្ម​ដឹកជញ្ជូនផ្លូវអាកាសដើរតួនាទីសំខាន់នៅក្នុងសកម្មភាពសេដ្ឋកិច្ចពិភពលោក។ ឯកឧត្តមបន្ដ ថា ការដឹកជញ្ជូនតាមផ្លូវអាកាសត្រូវចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្រ្តសំខាន់ មួយ ផ្នែកក្នុងការជួយជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

សូមជម្រាបថា កម្ពុជាកំពុងប្រែក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ និងទេសចរណ៍​មួយ ដែលមានភាពទាក់ទាញក្នុងតំបន់ និងពិភពលោក ដែលជាទីតាំងភូមិសាស្រ្តល្អ ប្រកបដោយសក្តានុពលយ៉ាងសម្បូរបែប។ កត្តាខាងលើនេះ គឺដោយសារតែកម្ពុជាជាទីផ្សារ មួយក្នុងចំណោមទីផ្សារទេសចរណ៍ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនៅតំបន់ អាស៊ីអាគ្នេយ៍ ដែលនៅតែបន្តរក្សាកំណើនជាមធ្យមក្នុងរង្វង់៨.៥ភាគរយ រហូតដល់ឆ្នាំ ២០៤០៕

ដោយ ចាន់ សុធីវង្ស