កម្ពុជា-ចិន គ្រោងនឹងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្ដីពីការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ — រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋ ប្រជាមានិតចិន ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ដែលដំណើរ ទស្សនកិច្ចនេះ ភាគីកម្ពុជា និងចិន គ្រោងនឹងចុះហត្ថលេខាលើការងារប្រយុទ្ធប្រឆាំង គ្រឿង ញៀនរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

គម្រោងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការគ្រឿងញៀនរវាងភាគីទាំងពីរ គឺត្រូវបាន បង្ហាញឱ្យឃើញថា ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាននិងកំពុងបើកប្រតិបត្តិការទ្រង់ទ្រាយធំក្នុង ការបង្រ្កាបលើករណីជួញដូរ ការប្រើប្រាស់គ្រឿនញៀន។ ក្រៅពីការងារកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំងគ្រឿងញៀននោះ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខ សាធារណៈ និងកងសន្តិសុខជាតិនៃសាធារណរដ្ឋប្រជាមានិតចិន នឹងចុះហត្ថលេខាលើកិច្ច សហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន  ការជួញដូរមនុស្ស អំពើភេរវកម្ម ព្រមជា​មួយ​នឹងការកសាងសមត្ថភាពកងកម្លាំងអនុវត្តន៍ច្បាប់ផងដែរ។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចក្រឡាហោម ស ខេង នឹងជួប​ពិភាក្សា​ការងារជាមួយថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជា​មានិត​ចិន ពិភាក្សាការងារជាមួយឯកឧត្ដម ស៊ិន វិនឈឹង សមាជិកគណៈកម្មា​ធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិចិនផងដែរ៕

ដោយ ចាន់ សុធីវង្ស