អាជ្ញាធរក្រុងសៀមរាប រៀបចំសណ្តាប់ធ្នាប់ ចុះកាត់ខ្សែភ្លើង នៅតំបន់ Pub Street

AKP សៀមរាប ថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៩ — អាជ្ញាធរក្រុងសៀមរាប បានចុះទៅកាត់ខ្សែភ្លើង និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់Pub Street ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងមានរបៀបរៀបរយជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្ត​នៅខេត្តសៀមរាប ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខ​នេះ។ ការចុះរៀបចំនេះ គឺធ្វើឡើង កាលពីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ។លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានឱ្យដឹងថា ការចុះរៀបចំសណ្តាប់នៅតំបន់ Pub Street បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប អគ្គិសនីខេត្ដ និងមន្រ្តីជំនាញជាច្រើនទៀត ដោយផ្តោតសំខាន់ទៅលើបញ្ហាទូទៅទាំងការលក់ដូរ ការដាក់ តាំងសម្ភារផ្សេងលើដីចំណីផ្លូវ ពិសេសទៅលើបញ្ហាបណ្តាញអគ្គិសនីព្រោះថា នៅក្នុងតំបន់​ផប់ស្ទ្រីតនេះ ជាបណ្តុំភ្ញៀវទេសចរដែលមកកម្សាន្តសប្បាយនៅពេលរាត្រី ហើយក៏ជាកន្លែង​ដ៏សំខាន់​របស់​ខេត្តសៀមរាប។ លោកបានលើកឡើងថា បើសណ្តាប់ធ្នាប់គ្មានរបៀបរៀបរយ និងមានបញ្ហាណាមួយកើតឡើង នឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅក្នុង ខេត្ត​មួយនេះ។ លោកបានបន្ដថា ក្នុងការរៀបចំសណ្តាប់ធ្នាប់នេះ អាជ្ញាធរបានកោះហៅក្រុម អាជីវករទាំងអស់ដែលលក់ដូរនៅតំបន់ផ្លូវផប់ស្ទី្រត ផ្សារចាស់ មកណែនាំ ដោយឱ្យពួកគាត់ រៀបចំដោយខ្លួននៅតាមច្រកផ្លូវតូចៗនីមួយៗត្រូវទុកចន្លោះផ្លូវដើរទំហ៊ំមួយម៉ែត្រកន្លះ ដោយចាប់អនុវត្ដន៍ពីថ្ងៃនេះរហូតដល់ចូលឆ្នាំហើយ។ ជាមួយគ្នានោះដែរ អាជ្ញាធរនឹងធ្វើ ចំណតរថយន្ដមួយនៅតំបន់អាងក្រពើ ដោយហាមមិនឱ្យយានយន្ដចូលក្នុងតំបន់ផប់ស្ដ្រីត នៅក្នុងពេលចូលឆ្នាំនោះទេ។

លោកអភិបាលក្រុងបានគូស​បញ្ជាក់ទៀតថាបើសិនជាអាជីវករមិនរៀបចំដោយខ្លួនឯងធ្វើតាម ការណែនាំរបស់អាជ្ញាធរទេនោះ អាជ្ញាធរ នឹងធ្វើការ​រៀបចំដោយមិនទទួលខុសត្រូវចំពោះ ការខូចខាតនោះទេ។

សូម​បញ្ជាក់ថា ក្រៅ​ពី​ទស្ស​នា​ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ​នៅ​ពេល​ថ្ងៃ ភ្ញៀវទេសចរ ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​តែងតែនាំគ្នា​មក​កំសាន្ត​សប្បាយ​នៅ​ពេលរាត្រី​នៅ​តំបន់​ផប​ស្រ្ទីតនេះ។ ដូច្នេះការធានូវសុវត្ថិភាព​ជូនភ្ញៀវទេសចរ គឺ​ជា​កត្តាសំខាន់​បំផុតរបស់អាជ្ញាធរ​៕

ដោយ ឃុត សៅ