សាខាកាកបាទក្រហមខេត្តសៀមរាបចែកអំណោយដល់គ្រួសាររងគ្រោះដោយធម្មជាតិចំនួន១៤គ្រួសារ នៅក្នុងស្រុកសូត្រនិគម

AKP សៀមរាប ថ្ងៃទ២៧ ខែមីនា ឆ្នាំ២០១៩ — សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំយកអំណោយទៅចែកជូនដល់ ក្រុមគ្រួសាររងគ្រោះដោយធម្មជាតិចំនួន១៤គ្រួសារ នៅក្នុងឃុំខ្នារពោធិ៍ និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ដោយបានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដោយ ផ្ទាល់ដល់ទីកន្លែង។ ពិធីនេះ បានធ្វើឡើងកាលពីថ្ងៃ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៩ និងដឹកនាំដោយលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។លោកជំទាវ ទាង អេង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈ​កម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិន ប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវ បានលើកឡើងថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូន នាពេលនេះ មានចំនួនតិចតួចក្ដីមិនសមល្មមនឹងការខាតបង់របស់បងប្អូន ប៉ុន្ដែក៏អាចជួយ​សម្រាលទុក្ខលំបាករបស់បងប្អូនបានមួយរយៈ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់​ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងបានលើកឡើងថា កាកបាទក្រហមកម្ពុជា មាន គ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ។

លោកជំទាវ ទាង អេង បានបានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ជាពិសេសនៅពេលមានខ្យល់ផ្គររន្ទះ ត្រូវនាំកូនចៅទៅរកទីកន្លែង​មានសុវត្ថិភាព និងកុំប្រើប្រាស់ទូរស័ព្ទ បើកទូរទស្សន៍ វិទ្យុ នៅពេលមេឃកំពុងភ្លៀង​ខ្យល់ផ្គររន្ទះ ដែលនាំឱ្យគ្រោះថ្នាក់ដល់ខ្លួន និងខូចខាតទ្រព្យសម្បត្តិថែមទៀតផង។សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង១៤គ្រួសារទាំងនេះ បានរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពី​ថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៩កន្លងមកនេះ ដែលធ្វើឱ្យរលំផ្ទះ និងខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ។ សម្រាប់អំណោយដែលគេយកទៅចែកជូន​នាពេលនោះ សម្រាប់គ្រួសាររលំផ្ទះទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី១៦សន្លឹក មី១កេស ត្រីខកំប៉ុង១យួរ ធុងទឹក២ អង្ករ២៥គីឡូក្រាម និងថវិកា១៥​ម៉ឺនរៀល។ ចំពោះគ្រួសារប៉ះពាល់ធ្ងន់ធ្ងរទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី១០សន្លឹក មី១កេស ត្រីខ១យួរ ធុងទឹក២ អង្ករ២៥គីឡូក្រាម និងថវិកា១០ម៉ឺនរៀល៕

ដោយ ហង្ស សៀក