ពិធីបើកវគ្គបណ្តុះបណ្តាលក្រុមប្រឹក្សា ឃុំ ស្តីពីគម្រោងការអប់រំភាពជាអ្នកដឹកនាំ

AKP តាកែវ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ -កាលពីថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ អាលីសវិឡា ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលក្រុមប្រឹក្សាឃុំ លើកទី៣ ស្តីពីគម្រោង ការអប់រំភាពជាអ្នកដឹកនាំ ដែលវគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៦​ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញជាអធិបតីពីលោក ម៉ឹង វុធី អភិ បាលរងខេត្តតាកែវ ដោយមានការចូលរួមពីលោក លោកស្រីជា ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ មេភូមិរង មកពីស្រុកត្រាំកក់ និងស្រុកទ្រាំង។

មានប្រសាសន៍ក្នុងពិធីនោះ លោក ម៉ឹង វុធី បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលពីសារៈសំខាន់ និងការទម្លាប់ប្រើប្រាស់បង្គន់អនាម័យ។ ព្រោះការទម្លាប់ប្រើប្រាស់បង្គន់អនាម័យនេះវាពិតជាអាចជួយឱ្យបងប្អូនចៀសឆ្ងាយពីការឆ្លងជំងឺផ្សេងៗបាន។ ការផ្លាស់ប្តូរទម្លាប់ការបន្ទោបង់ពាសវាសពាសកាល មកជាការប្រើប្រាស់បង្គន់អនាម័យឱ្យបានត្រឹមត្រូវ គឺជាផ្នែកមួយដ៏សំខាន់ដែលជួយឱ្យបរិស្ថានស្អាត និងទប់ស្កាត់ការចម្លងមេរោគផ្សេងៗ ។

លោកអភិបាលរងខេត្ត មានប្រសាសន៍បន្តថា សព្វថ្ងៃនៅតាមខ្នងផ្ទះបង​ប្អូនប្រជាពល រដ្ឋ មានបង្គន់អនាម័យប្រើប្រាស់តិចតួចណាស់​ ហើយនៅតំបន់ដាច់ស្រយាលនោះពួកគាត់នៅតែទម្លាប់បន្ទោបង់ពាសវាលពាសកាល។ ដូច្នេះសូមអាជ្ញាធរភូមិ ឃុំ និងមន្ត្រីជំនាញត្រូវតែ

ជំរុញឱ្យពួកគាត់មានទម្លាប់ប្រើប្រាស់បង្គន់អនាម័យឱ្យបានគ្រប់ៗគ្នា។ ព្រោះកាលណាប្រជាពលរដ្ឋមានបង្គន់អនាម័យគ្រប់ៗគ្នា វានឹងកាត់បន្ថយនៃអ្នកដែលបន្ទោបង់ពាសវាលពាសកាល ជាពិសេសកាត់បន្ថយនូវការកើតជំងឺអាសន្នរោគ និងជំងឺឆ្លងផ្សេងៗទៀតផងដែរ។

លោកអភិបាលរងខេត្តតាកែវ មានប្រសាសន៍បន្ថែមថា ការទម្លាប់ប្រើប្រាស់បង្គន់អនាម័យ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗកាន់តែច្រើន នោះបញ្ជាក់ថា ការយល់ដឹងរបស់ពួកគាត់ពីសុវត្ថិភាពអនាម័យ ក៏កាន់តែច្រើន ហើយនឹងអាចទប់ស្កាត់កាងឆ្លងនូវជំងឺផ្សេងៗ ពិសេសជំងឺអាសន្នរោគជាដើម មិនតែប៉ុណ្ណោះក្នុងមូលដ្ឋានរបស់យើងមានបរិស្ថាន និងមានអនាម័យល្អ៕

ដោយ អ៊ុច សៀង