ស្ពានជ្រោយចង្វារកម្ពុជា-ជប៉ុន នឹងបើកឱ្យដំណើរការនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ​​ឆ្នាំ២០១៩ — សាលារាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ៥រោច​ ខែផល្គុន ឆ្នាំច​សំរឹទ្ថិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានប្រកាសនៅលើផេក បណ្ដាញសង្គមហ្វេសប៊ុក របស់ខ្លួនថា សូមអបអរសាទរ ស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ដំណឹងល្អ​នៅថ្ងៃទី​០៣​ ខែមេសា​ ឆ្នាំ២០១៩​ ជាកាលបរិច្ឆេទ​ គ្រោងបើកដំណើរការ​ឡើងវិញ​ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ (ជ្រោយចង្វារទី១)​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​   សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។

ការស្តារទ្បើងវិញស្ពានជ្រោយចង្វារចាស់ គឺជាការឆ្លើយតបទៅនឹងសំណើសុំបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់រដ្ឋាភិបាលជប៉ុន ដោយហេតុថា ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលមិនមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនសាធារណៈឆ្លងកាត់ទន្លេ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងជួសជុលស្តារទ្បើងវិញស្ពាននេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ចំនួន ៣.៣៤៣លានយ៉េន ប្រហែលប្រមាណជា ៣៣ លានដុល្លារអាម៉េរិក។ ការជួសជុលស្តារទ្បើងវិញនៃស្ពាននេះ នឹងប្រើរយៈពេលប្រមាណជា ២១ខែ ដែលគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៩។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា ស្ពាននេះមានប្រវែង៩៧១មែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងភូមិសាស្ត្រទឹកដី រាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ពោធឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។ ស្ពាននេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរក្សត្រ សម្ដេចព្រះបាទព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ។ ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានចាប់ផ្តើមបើកការដ្ឋានជួសជុលនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ និងគម្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ។ គិតរហូតមកដល់ពេលនេះ ការងារស្តារ និងជួសជុលស្ពាននេះឡើងវិញសម្រេចបាន១០០ភាគរយហើយ និងគ្រោងបើកឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីរខ្មែរខាងមុខនេះ ៕

ដោយសួស សំរិត