គ្រូបង្រៀនជិត២.០០០នាក់ បានទទួលសញ្ញាបត្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រី

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ — អធិការអប់រំ និស្សិតឯកទេសវិជ្ជាជីវៈ នាយកសាលាមធ្យមសិក្សាទុតិយភូមិ និស្សិត​ថ្នា​ក់​​បរិ​ញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ គ្រូបង្រៀនកម្រិតឧត្ដម (បរិញ្ញា+១) គ្រូបង្រៀនកម្រិតមូលដ្ឋាន    ​តា​មប្រព័ន្ធពន្លឿន និងគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរចំនួន១.៩១៨​នា​ក់​ ក្នុងនោះមាននារីចំនួន៧១៣នាក់ ដែលបានបញ្ចប់ការសិក្សាកាលពីឆ្នាំសិក្សា២០១៧-២០​១៨​ ទៅនោះ បានទទួលសញ្ញាបត្រពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែ មីនាឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ។

ឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា វិទ្យា​ស្ថាន​ជាតិអប់រំជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មានតួនាទី និងបេសកកម្មកសាង​ធនធាន​មនុស្សឱ្យមានប្រសិទ្ធភាព និងគុណភាពក្នុងការអភិវឌ្ឍវិស័យអប់រំ និងប្រទេសជាតិ។ បេសក​ក​ម្ម​​​​ចម្បង នៅចំពោះមុខរបស់វិទ្យាស្ថានជាតិអប់រំគឺការបណ្តុះបណ្តាលគ្រូបង្រៀន ​និង​អភិវឌ្ឍន៍​ស​មត្ថភាពមន្ត្រីគ្រប់គ្រងអប់រំ ប្រកបដោយគុណភាពមាន​ក្រមសីលធម៌វិជ្ជាជីវៈ​ច្បាស់លាស់​មា​ន​គុណធម៌ល្អប្រពៃមានគំនិតច្នៃប្រឌិតនិងពង្រឹងគុណភាពនិងសមត្ថភាពផ្ទាល់ ខ្លួន​ជាប្រ​ចាំ។

​ចា​​​ប់​ពី​ឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣ វិទ្យាស្ថានជាតិអប់រំបានធ្វើការបណ្ដុះ បណ្ដាល ​និងបើក​វគ្គ​វិក្រឹតការរយៈពេលខ្លីសម្រាប់បំប៉នមុខជំនាញបច្ចេកទេសគរុកោសល្យ ការងារគ្រប់គ្រង និង​ជំ​នា​ញផ្សេងៗទៀតពាក់ព័ន្ធនឹងការងារអប់រំដល់មន្ត្រីអប់រំគ្រប់លំដាប់ ថ្នាក់បានប្រមាណជាង៣ម៉ឺននាក់។ ក្រោយពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំសិក្សា ២០១៧-២០១៨ វិជ្ជាស្ថានជាតិអប់រំបាន​ពង្រឹ​ងវិសាលភាពនៃកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនជាបន្តបន្ទាប់​ជា អាទិ៍ វគ្គបណ្ដុះបណ្ដា​លអ​ធិ​ការអប់រំ អ្នកឯកទេសវិជ្ជាជីវៈ នាយក​សាលាមធ្យមសិក្សា​ទុតិយភូមិថ្នាក់​បរិញ្ញា​បត្រជា​ន់​ខ្ព​ស់​ផ្នែកគ្រប់គ្រងអប់រំការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិត​ឧត្តម(បរិញ្ញាបត្រ+១) វគ្គវិក្រឹត​ការ​គ្រូ​ប​ង្រៀនកម្រិតមូលដ្ឋានតាម​​ប្រព័ន្ធពន្លឿនឆ្ពោះ​ទៅ​កម្រិត បរិញ្ញាបត្រ ការបណ្ដុះបណ្ដាល​គ្រូ​ប​ង្រៀន​កម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ ភាសា អង់គ្លេសខ្មែរ គ្រូបង្រៀនកម្រិតបឋម​សិ​ក្សា ​គ្រូឧទ្ទេសបឋមសិក្សា គ្រូឧទ្ទេសភាសា​បារាំង ខ្មែរ និងគ្រូឧទ្ទេសជាការអប់រំ។

ជាលទ្ធផល​វិទ្យាស្ថានជាតិអប់រំបានផលិត​ធនធាន​មនុស្សសរុប ចំនួន២០៣៨៥នាក់។ ឯកឧត្ដម​បានបន្ត​ថា ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ នេះ វិទ្យា​ស្ថាន ជាតិអប់រំកំពុងបណ្ដុះបណ្ដាលនិស្សិត​ថ្នាក់​បរិញ្ញា​បត្រ​ជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ និស្សិត អធិការអប់រំគ្រូបង្រៀនកម្រិតឧត្ដម គ្រូបង្រៀនកម្រិ​តមូលដ្ឋានឯកទេសភាសាបារាំង-គណិត បារាំង-រូប បារាំង-ជីៈ និងគ្រូបង្រៀនកម្រិត មូលដ្ឋាន​តា​មប្រព័ន្ធពន្លឿន សរុបទាំង​អស់​ចំនួន២.០៦៨នាក់ ក្នុងនោះមាន​នារី៨៥១នាក់។ បច្ចុប្បន្ន​វិទ្យា​ស្ថា​នជាតិអប់រំមាន​ដេប៉ាតឺម៉ង់​ចំនួន២ ការិយាល័យចំនួន៥ និងសាលាអនុវត្តន៍ចំនួនពីរ គឺ​វិទ្យា​ល័យអនុវត្តន៍ និងសាលា​បឋម​សិក្សាអនុវត្តន៍មានមន្ត្រីបុគ្គលិកគ្រូឧទ្ទេសសរុបចំនួន២៣​៥​ នាក់ នារី ៩៤ នាក់៕

ដោយ ជឹម ណារី