កម្ពុជា-ជប៉ុន ចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីការបញ្ជូនពលករជំនាញទៅធ្វើការ នៅប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  និងឯកឧត្តម Takashi YAMASHITA  រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន បានអញ្ជើញចូលរួមជា អធិបតី​ក្នុងពិធី​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ការបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន។ ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងរវាង ឯកឧត្តម សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការ ងារ និងលោកជំទាវ  Shoko SASAKI អគ្គនាយកអន្តោប្រវេសន៍ជប៉ុន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយ​របស់​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ឯកឧត្តម Takashi YAMASHITA  រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន បានលើក ឡើងថា កាលពីឆ្នាំកន្លងទៅ កម្ពុជា-ជប៉ុន បានប្រារព្ធពិធីអបអរសាទរខួបលើកទី៦៥នៃទំនាក់ ទំនងការទូតកម្ពុជាជប៉ុន ហើយការចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការស្តីពីពលករ ជំនាញនាថ្ងៃនេះ ជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីទំនាក់ទំនងដ៏ស្អិតរមួត រវាងប្រទេសទាំងពីរ​ឱ្យកាន់តែរឹងមាំថែមទៀត ។

ឯកឧត្តម អ៊ិត  សំហេង បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមការងារបច្ចេក​ទេសនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលបានខិតខំសហការគ្នា ប្រកបដោយការទទួលខុស ត្រូវខ្ពស់ នាពេលកន្លងមក រហូតឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ សិក្សា និងធ្វើការ នៅប្រទេសជប៉ុនមានចំនួនប្រមាណ១១.០០០នាក់ ក្នុងនោះ ពលករជំនាញមានប្រមាណ ជិត៧.០០០នាក់។ ឯកឧត្តមបានបន្ដថា តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ ពលករជំនាញកម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចាប់យកឱកាសមាសនេះ ដើម្បីជា ផល​ប្រយោជន៍សម្រាប់ខ្លួនឯងផង សម្រាប់កម្ពុជាផង ក៏ដូចជាចូលរួមចំណែកដោះស្រាយ បញ្ហាកង្វះកម្លាំងពលកម្មរបស់ជប៉ុន  ជាពិសេសសម្រេចឱ្យបាននូវចក្ខុវិស័យគ្រប់ជ្រុងជ្រោយ ជាយុទ្ធសាស្រ្តនៃប្រទេសទាំងពីរ។

សូមរម្លឹកថា រដ្ឋាភិបាលជប៉ុនបានធ្វើវិសោធនកម្មច្បាប់ស្តីពីការទទួលជនភៀសខ្លួន និង​ការគ្រប់គ្រងជនអន្តោប្រវេសន៍ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ កន្លងមក ដោយបង្កើត​ទិដ្ឋាកាការងារថ្មីចំនួន២ប្រភេទគឺ “ពលករជំនាញ១” និង “ពលករជំនាញ២”។ ច្បាប់នេះនឹង​ចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ខាងមុខ។  ជាមួយគ្នានេះ ជប៉ុនគ្រោង ទទួលយកពលករជំនាញទាំង២ប្រភេទ ពីប្រទេសចំនួន៨ រួមមាន កម្ពុជា ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ មីយ៉ាន់ម៉ា និងនេប៉ាល់ ចំនួន៣៤៥.១៥០នាក់ ក្នុងរយៈពេល៥ឆ្នាំ ដំបូង ក្នុងនោះ ពលករជំនាញសម្រាប់ការងារចំនួន១៤ប្រភេទ រួមមានផ្នែកថែទាំមនុស្សចាស់ ការសម្អាតអគារ ការផលិតគ្រឿងបន្លាស់ ការផលិតគ្រឿងម៉ាស៊ីន ការផលិតគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ការងារសំណង់ ការផលិតនាវា ការជួសជុល និងដំឡើងរថយន្ត ការ ងារ​អាកាសចរណ៍ ការរៀបចំបន្ទប់ស្នាក់នៅ កសិកម្ម នេសាទ និងវារីវប្បកម្ម ការផលិតអាហារ និងភេសជ្ជៈ និងការងារនៅភោនីយដ្ឋាន។

សូមបញ្ជាក់ថា  កម្ពុជាជាប្រទេសទី២ ដែលបានចុះអនុស្សារណៈនេះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ប្រទេសពីហ្វីលីពីនដែលបានចុះអនុស្សរណៈ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩កន្លងមក៕

ដោយ អ៊ុន រិទ្ធី