ក្រសួងកសិកម្មចាប់ផ្ដើមពង្រឹងវិធានការការពារ និងទប់ស្កាត់ជំងឺប៉េស្ដជ្រូកអាហ្វ្រិកដល់ ភាគីពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ — ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចាប់ផ្ដើមពង្រឹងវិធានការការពារ និងទប់ស្កាត់ ជំងឺប៉េស្ដជ្រូកអាហ្វ្រិកដល់តំណាងក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាង ក្រុមហ៊ុនជាតិ-អន្តរជាតិ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្រុមហ៊ុនផលិតចំណីសត្វ អាជីវករ ពិឃាតសត្វ ម្ចាស់សត្តឃាតដ្ឋាន ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ក្រុមហ៊ុននាំជ្រូកចូល និងអាជីវករ លក់សាច់ជ្រូក ដើម្បីផ្ដល់ការណែនាំក៏ដូចជាការធានានូវសុវត្ថិភាពកុំឱ្យរីករាលដាលជំងឺនេះ មកក្នុង​ប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ ក្នុងសិក្ខាសាលាស្តីពី “វិធានការការពារ និងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជា” កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ទីស្តីការក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ការរីករាលដាលយ៉ាង ស្រួចស្រាវនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏កាចសាហាវនេះនៅប្រទេសវៀតណាម ប្រាកដជានឹង បង្កឱ្យមានការព្រួយបារម្ភដល់អ្នកចិញ្ចឹមជ្រូកនៅកម្ពុជាគ្រប់កម្រិត រួមទាំងអាជីវករ ម្ចាស់ សត្តឃាតដ្ឋាន ក្រុមហ៊ុនផលិតចំណីជ្រូក ដេប៉ូលក់ចំណីជ្រូក និងជាពិសេសអ្នកបរិភោគ សាច់ជ្រូក។ល។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនបាន ព្រងើយកន្តើយ ហើយជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការជួយការពារផលប្រយោជន៍ របស់កសិករ ជាក់ស្តែងក្រសួងបានណែនាំឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយត្រូវសហការជាមួយអន្តរស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម សមាគមអ្នកចិញ្ចឹមជ្រូក ផលិតករ អាជីវករ ដោយត្រូវរូមគ្នាអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវខ្លឹមសារនៃសារាចរណែ នាំលេខ១១៩ សរណន.កសក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ ស្កាត់ការឆ្លងរាលដាលជំងឺនេះជាបន្ទាន់។ ជាមួយគ្នានេះ ក្រសួងក៏បានណែនាំឱ្យប្រធានមន្ទីរ និងមន្រ្តីពេទ្យសត្វខេត្តទាំង៧ដែលមានព្រំ ប្រទល់ជាប់ប្រទេសវៀតណាម ត្រូវបង្កើនស្មារតី យកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ដោយត្រូវអនុវត្តន៍ខ្លឹមសារាចរណែនាំលេខ១១៩ ឱ្យមាន ប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានណែនាំដល់អ្នកចិញ្ចឹម ម្ចាស់សត្តឃាតដ្ឋាន អាជីវករលក់ សាច់ ត្រូវចូលរួមសហ ការរក្សាតម្លៃសាច់ជ្រូកឱ្យនៅដដែល ដោយមិនត្រូវឆក់ឱកាសដំឡើង តម្លៃសាច់ជ្រូកជាដាច់ខាត។ ក្រៅពីវិធានការដែលបានដាក់ចេញដោយក្រសួង ក៏នៅមានអ្នក ជំនាញផ្នែកជំងឺនេះនឹងលើក យកវិធានការបច្ចេកទេស និងវិធានការជីវសុវត្ថិភាពមកបក ស្រាយបន្ថែមដើម្បីជាធាតុចូល សម្រាប់ទុកជាយុទ្ធសាស្រ្តឱ្យភាគីពាក់ព័ន្ធយកទៅអនុវត្តន៍ ជាបន្ទាន់ដើម្បីការពារ និងទប់ស្កាត់ ជំងឺនេះមិនឱ្យរាលឆ្លងចូលកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងការធ្វើជីវសុវត្ថិ ភាពក្នុងកសិដ្ឋាន កន្លែងចិញ្ចឹមសត្វ កន្លែងប្រមូលផ្តុំសត្វ សត្តឃាតដ្ឋានឱ្យបានល្អប្រសើរ និង រាយការណ៍អំពីស្ថានភាពខុសប្រក្រតីនៃជំងឺសត្វ និងសាច់សត្វឱ្យបានឆាប់រហ័សបំផុតដល់ សមត្ថកិច្ចពាក់ព័ន្ធ។ ឯកឧត្តមបានលើកឡើងថា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវសហការ ជាមួយក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទាំងអស់ រួមទាំងអង្គការសុខភាពសត្វពិភព លោក(OIE) អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO) ដើម្បីស្វះស្វែងរកប្រភព ថវិកាក្នុងការរៀបចំទប់ស្កាត់ជំងឺទាំងនៅមុនពេលផ្ទុះ ពេលផ្ទុះ និងក្រោយផ្ទុះជំងឺក្នុងស្មារតី ទទួលខុសត្រូវ។ ទន្ទឹងនេះ ត្រូវចៀសវាងការផ្សព្វផ្សាយខុសពីការពិតអំពីជំងឺ នេះដែលនាំឱ្យ ប៉ះពាល់ដល់អ្នកចិញ្ចឹម សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងមកនេះ ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារមានប្រមាណជាង១.៩លាន​ក្បាល និងជាលក្ខណៈឧស្សហកម្មប្រមាណជា ០.៨លានក្បាល និងមានកសិដ្ឋានគ្រប់កម្រិត ជាង៦៧០កសិដ្ឋាននៅទូទាំងប្រទេស។ បច្ចុប្បន្ន ការកែប្រែទម្លាប់ពីការចិញ្ចឹម​ជាលក្ខណៈ​គ្រួសារមកជាលក្ខណៈឧស្សាហកម្មបាននិងកំពុងរីកដុះដាលយ៉ាងលឿក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយស្របពេលដែលសេដ្ឋកិច្ចជាតិមានការរីកចម្រើន កំណើនប្រជាជន និងកំណើន​ភ្ញៀវ​ទេសចរ សេចក្តីត្រូវការសាច់ ដែលតម្រូវឱ្យអ្នកចិញ្ចឹមជ្រូកយកចិត្តទុកដាក់គិតគូរ​ប្រើ​ប្រាស់បច្ចេកវិទ្យាទាន់សម័យ សមស្របដើម្បីផលិតសាច់មានអនាម័យ និងគុណភាពឆ្លើយ​តប​តាមតម្រូវការទីផ្សារ លើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម និងជាពិសេសធានាសុខុមាលភាព​សាធារណៈ។

ឯកឧត្តមរដ្ឋមន្រ្តីជឿជាក់ថា អ្នកចូលរួមទាំងអស់ នឹងនាំយកចំណេះដឹងថ្មីៗ ក៏ដូចជា​ផែន​ការយុទ្ធសាស្ត្រ និងបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកចែក រំលែកនូវ ធាតុចូលក្នុងការ រួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះឱ្យបាន ជាពិសេសចៀសវាងផល វិបាកនៃការឡើង ថ្លៃសាច់ជ្រូកដែលជាកត្តានាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

ដោយ អ៊ុន រិទ្ធី