រដ្ឋបាលរាជធានីភ្នំពេញ សម្រេចយកកម្រៃសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ — រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចយកកម្រៃសេវាដឹកជញ្ជូនអ្នកដំណើរតាមកាណូត ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យដំណើរការមិនយកកម្រៃអស់រយៈពេលប្រមាណមួយឆ្នាំកន្លងមកនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញ កាលពី រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យ បានជ្រាបថា ដើម្បីសម្រួលដល់ការ ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋតាមផ្លូវគោកនិងផ្លូវទឹក ក្នុងន័យជួយកាត់បន្ថយ ការកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត សេវាកាណូតដឹកជញ្ជូនអ្នកដំណើរពីសួនច្បារឫ ស្សីកែវដល់ក្រុងតាខ្មៅ ដោយបានចាប់ដំណើរការកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ហើយបានអនុញ្ញាត ឱ្យប្រជាពលរដ្ឋជិះដោយមិនបង់ប្រាក់រហូតដល់បច្ចុប្បន្ននេះ។

ក្នុងសេចក្តីជូនដំណឹងបានបន្តទៀតថា បន្ទាប់ពីគោលការណ៍ជិះកាណូតដោយ មិនបង់ប្រាក់បានផុតកំណត់នោះ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការកែសម្រួលសេវាកាណូត ដឹកអ្នកដំណើរសាធារណៈ(Taxi Boat)និងកំណត់តម្លៃសំបុត្រដូចខាងក្រោម៖  ១. តម្លៃសេវាកាណូតសាធារណៈត្រូវបានកំណត់ ២០០០រៀល រក្នុងមួយនាក់ មួយលើក។ ២. ករណីលើកលែងមិនគិតថ្លៃសេវាគឺអនុវត្តន៍ដូចសេវារថយន្តក្រុង (City Bus) រួមមានព្រះសង្ឃជនពិការ សិស្ស និស្សិត ចាស់ជរាអាយុចាប់ពី៧០ ឆ្នាំឡើងទៅ កុមារមានកម្ពស់ក្រោម១ម៉ែត្រមកជាមួយឪពុកម្ដាយឬអាណាព្យាបាល កម្មករ កម្មការិនី កីឡាករ កីឡាការិនី និងលោកគ្រូអ្នកគ្រូនៃស្ថាប័នរដ្ឋ៕

ដោយ សួស សំរិត