អភិបាលខេត្តតាកែវ អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

AKP តាកែវ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ — កាលពីថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា​ ឆ្នាំ២០១៩ នៅសាលាខេត្តតាកែវ បានប្រារព្ធពិធីផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងគ្រឿង ញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿង ញៀន»។ ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃ គណៈអភិបាល ខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរង ខេត្តតាកែវ លោក លោកស្រីប្រធាន អនុប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សនិស្សិត អង្គការសង្គមស៊ីវិល ម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ យ៉ាងច្រើនកុះករ។

ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំដល់មន្ត្រីស្នងការនគរបាលខេត្ត មេបញ្ជាការកង រាជអាវុធហត្ថខេត្ត រួមទាំងអភិបាលក្រុង ស្រុក ទាំង១០ នៅក្នុងខេត្តតាកែវ ត្រូវធ្វើសកម្មភាពឱ្យបានខ្លាំងក្លា ពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀន។ ត្រូវចុះធ្វើការត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំនៅតាមកន្លែងកម្សាន្តសប្បាយ ក៏ដូចជាខារ៉ាអូខេ ក្លឹបកម្សាន្ត ផ្ទះសំណាក់ សណ្ឋាគារ និងតាមភោជនីយដ្ឋានជាដើម។

ឯកឧត្តមបន្តថា សូមឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពិសេសគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវរួមគ្នា សហការ ធ្វើយ៉ាងណាចុះទៅពិនិត្យទីតាំងទាំងអស់នោះឱ្យ បានញឹកញាប់ និងច្បាស់លាស់ ហើយត្រូវកំណត់មុខសញ្ញាទីតាំងនៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះឱ្យ បានម៉ត់ចត់ផងដែរ។

ឯកឧត្តម អ៊ូច ភា បានបន្តទៀតថា ប្រសិនបើរកឃើញថា មានផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្ត ខារ៉ាអូខេ ភោជនីយដ្ឋាន ណាមួយឃុបឃិតផ្តល់ ទីតាំងជូញដូរ និងប្រើប្រាស់ គ្រឿងញៀន ត្រូវបិទទីតាំងនោះចោលតែម្តង ហើយត្រូវតែចាត់ការទៅតាមផ្លូវច្បាប់ផងដែរ។ ព្រោះយើងមិនអាចបណ្តោយ ឱ្យមានករណីនេះកើតឡើងក្នុងមូលដ្ឋានរបស់យើងដូចជា ករណីនៃ មជ្ឈមណ្ឌលកម្សាន្ត Rock នោះទេ។

ឯកឧត្តម អ៊ូច ភា បានបញ្ជាក់ថា បញ្ហាគ្រឿងញៀងនេះ​សមត្ថកិច្ចទាំងអស់ និងគណៈបញ្ជាការក្រុង ស្រុក ត្រូវតែទទួលខុសត្រូវនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវ បង្កើនការ ត្រូតពិនិត្យឱ្យបានខ្លាំងក្លាបំផុត។ សូមឱ្យសមត្ថកិច្ចទាំងអស់អនុវត្តន៍ទៅតាមតួ នាទីភារ កិច្ចរបស់ខ្លួន ដោយភាពស្មោះត្រង់ និងមានឆន្ទៈមនសិការការងារ។ ប្រសិនបើ យើងរកឃើញ ទីតាំងណាមួយហ៊ានផ្តល់ទីតាំងធ្វើការជូញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវអនុវត្តន៍តាមច្បាប់ដោយគ្មានការយោគយល់អ្វីនោះឡើយ៕

ដោយ អ៊ុច សៀង