សម្តេចប្រធានរដ្ឋសភា ជំរុញឱ្យតំណាងរាស្ត្រចុះតាមមូលដ្ឋានសួរសុខទុក្ខ និងជួយដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋក្នុងរដូវរាំងស្ងួតនេះ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើ និងជំរុញឱ្យអ្នកតំណាងរាស្ត្រទាំងអស់យកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ភូមិស្រុក សួរសុខទុក្ខ និងជួយដោះស្រាយបញ្ហាកង្វល់របស់ប្រជាពលរដ្ឋក្នុងរដូវប្រាំងរាំងស្ងួតនេះ ដែលបានចាប់ផ្តើមជាងមួយខែមកហើយនោះ។

នេះបើតាមប្រសាសន៍ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខា ធិការដ្ឋានរដ្ឋសភា បានលើកឡើងពីកង្វល់ខ្វល់ខ្វាយរបស់សម្តេច ប្រធានរដ្ឋសភា នៅក្នុងកិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាព្រឹកថ្ងៃទី២៦ ខែមីនានេះ នៅវិមានរដ្ឋសភា។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភាបានបន្តថា  បញ្ហាប្រឈមនេះសម្តេចប្រធានរដ្ឋសភា បានជំរុញឱ្យអ្នកតំណាងរាស្ត្រទាំងអស់ ចុះតាមភូមិស្រុកក្នុងមណ្ឌលរបស់ខ្លួន ដើម្បីសួរ សុខទុក្ខ និងជួយដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ក្នុងរដូវប្រាំងរាំងស្ងួតនេះ ដោយសម្តេច ប្រធានបានបញ្ជាក់ថា ភាពរាំងស្ងួត ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើម ជាងមួយខែមកហើយ ហើយភាពរាំងស្ងួតនេះនឹងបន្តទៅទៀត ធ្វើឱ្យធាតុអាកាសឡើង កំដៅខ្លាំង។

សម្តេចបានផ្តាំផ្ញើហើយផ្តាំផ្ញើទៀតទៅគណៈកម្មាធិការ សមាជិក សមាជិការដ្ឋសភា ទាំងអស់ សុំឱ្យមានឱកាសចុះទៅមូលដ្ឋានរបស់ខ្លួន ដើម្បីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដើ​ម្បីជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាកង្វះទឹកប្រើប្រាស់ ប្រចាំថ្ងៃ។ ចំពោះបញ្ហាខ្វះអគ្គិសនី រាជរដ្ឋាភិបាលលោកបានសុំអភ័យទោស ហើយចំពោះការ ដាច់អគ្គិសនីម្តងៗ ដោយសារយើងមិនទាន់ មានអគ្គិសនីគ្រប់គ្រាន់។

សម្តេចប្រធានក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋមានការអត់ធ្មត់ និងសូមអភ័យទោស ផងដែរ ដោយបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ដែលអាចកើតមាននៅក្នុងរដូវរាំងស្ងួតនេះ ទាំងភ្លើងដាំបាយ ភ្លើងអុចធូប ភ្លើងដុតនៅក្នុងព្រៃ ក្នុងចម្ការដែលបង្កការឆាបឆេះកើតមានឡើង នាំឱ្យខូចខាតទ្រព្យសម្បត្តិរបស់យើង ដែលត្រូវតែប្រុងប្រយ័ត្នជានិច្ច។ បញ្ហាមួយទៀតសម្តេចក៏សូមឱ្យមានការប្រុងប្រយ័ត្នផងដែរ ចំពោះបញ្ហាខ្យល់កន្ត្រាក់ ហើយសុំឱ្យចេះសន្សំទឹកទុក ដើម្បីជីវិតមនុស្ស សត្វ។ ព្រោះទឹកសំខាន់ណាស់ ជាពិសេសទឹកសម្រាប់ទទួលទាន ដែលជាចាំបាច់សម្រាប់ជីវភាពរ ស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់សត្វពាហនៈ និងសម្រាប់ស្រោចដំណាំដាំដុះ​​ ដែលយើង ត្រូវការគ្រប់គ្រងទឹកឱ្យបានល្អ ហើយត្រូវបរិភោគទឹកស្អាតមានអនាម័យ ដើម្បីកុំឱ្យមានជំងឺ ឈឺស្កាត់នៅក្នុងរដូវរាំងស្ងួតនេះផងដែរ៕

ដោយ ប៉ាល់ សុង