ក្រុម Khmer United A ឈ្នះ Home Sport ២១-១ ក្នុងសប្តាហ៍ទី៤ KW Cambodia League 2019

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ — ក្រុមបាល់ទាត់ Khmer United A រកបាន៣ពិន្ទុដោយងាយ ពីក្រុម Home Sport បន្ទាប់ពីបាន យកឈ្នះដោយលទ្ធផល២១ទល់១ នៅក្នុងការសន្សំពិន្ទុ សប្តាហ៍ទី៤ នៃ ព្រឹត្តិការណ៍កីឡា បាល់ទាត់ Keller Williams Cambodia League រដូវកាល ២០១៩ នៅកីឡដ្ឋាន AIA រាជធានី ភ្នំពេញ។

ជាមួយនឹងជ័យជម្នះ៣ពិន្ទុបន្ថែមនាសប្តាហ៍ទី៤នេះបានធ្វើឱ្យក្រុម Khmer United A ឈរនៅចំណាត់ ថ្នាក់លេខ១បណ្តោះអាសន្ន ដោយ៤ប្រកួតឈ្នះទាំង៤ប្រកួត មាន១២ពិន្ទុ ខណៈក្រុមលេខ២បណ្តោះអាសន្ន ១២ពិន្ទុដែរ ដែលគ្រប់គ្រងដោយក្រុម Riel Phnom Penh ខណៈ ISI Group United ឈរនៅលេខ៣ មាន១២ពិន្ទុដែរ ហើយក្រុម Avatar FC មាន៩ពិន្ទុ ដោយឈរនៅលេខ៤ ស្របពេលដែល Home Sport ឈរនៅលំដាប់បាតតារាងលេខ១៦ ក្នុង ចំណោម១៦ក្រុម។

ចំពោះលទ្ធផល៣ប្រកួតផ្សេងទៀត នៅកីឡដ្ឋាន AIA នេះដែរ រួមមាន Khmer United B ប្រកួតចាញ់ ក្រុម Bayon Wanderers ០ទល់៩, Avaya ចាញ់ ទន្សោង FC ២ទល់៨ និងក្រុម ISI Group United ប្រជែង បាន៣ពិន្ទុ Avatar FC ដោយលទ្ធផល ១ទល់០។ ចំណែកឯ៤​ប្រកួតផ្សេងទៀត នៅកីឡដ្ឋាន KMH Park រួម មាន៖ ក្រុម Sen Sok Empire ប្រកួតចាញ់ក្រម Khmer United U22 ១ទល់៤,  គ្រួសារកីឡាករតាំងគោក ចាញ់ក្រុមអាណាចក្រTK ១ទល់៤, បាសាក់ឈ្នះ Sniper ៤ទល់០ ខណៈក្រុម Mambo Phnom Penh ចាញ់ Riel Phnom Penh ០ទល់២។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ពាក់កណ្តាលអាជីព Williams Cambodia League រដូវកាល២០១៩នេះប្រើប្រាស់១៥សប្តាហ៍ ដោយក្រុមទាំង១៦មាន១៥ប្រកួត ក្នុង១​ក្រុមៗ ដោយក្រុមមានពិន្ទុខ្ពស់ជាងគេគឺជាក្រុមជើងឯកតែម្តង ស្របពេលដែលក្រុមចំណាត់ ថ្នាក់លេខ២ដល់លេខ៥ នឹងត្រូវប្រជែងពានរង្វាន់មួយទៀត ក្នុងព្រឹត្តិការណ៍នេះដែរ៕

ដោយ ហេង ណាលីន