បទយកការណ៍៖ រាជរដ្ឋាភិបាលប្តេជ្ញាបំពេញតម្រូវការអគ្គិសនី សម្រាប់ប្រើប្រាស់ឱ្យខាង​តែបានចាប់ពីឆ្នាំ២០២០ខាងមុខតទៅ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ — ស្របពេលដែល​ប្រទេសកម្ពុជា​កំពុងអភិវឌ្ឍ​ន៍បោះជំហាន​ទៅ​មុខ​យ៉ាង​លឿននាពេល បច្ចុប្បន្ននេះ តម្រូវការផ្គត់ផ្គង់ផ្នែកផ្សេងៗក៏ត្រូវការច្រើនផងដែរ ក្នុងនោះផ្នែកអគ្គិសនី ក៏ត្រូវ ការទ្វេដងផងដែរ ដើម្បីប្រើប្រាស់នៅតាមរោងចក្រ ស​ហគ្រា​ស ក្រុមហ៊ុន និងអគារពាណិជ្ជ កម្មធំៗ។ ទន្ទឹមនេះ ដើម្បីបំពេញតម្រូវការនេះ រាជរដ្ឋាភិបាលបានរៀបចំផែនការមេ ដើម្បី ឆ្លើយតប​បញ្ហាប្រឈមកង្វះខាតអគ្គិសនី ដោយយន្តការម៉ត់ចត់បំផុត សម្រាប់ដោះស្រាយ ឱ្យ បាន​​គ្រប់​គ្រាន់​​ចាប់ពីឆ្នាំ២០២០ទៅ ដោយផ្អែកលើបទពិសោធន៍ដែលមានស្រាប់នៅឆ្នាំនេះ។ ពាក់ព័ន្ធនឹងបញ្ហាកង្វះថាមពលអគ្គិសនីដូចនៅឆ្នាំ២០១៩នេះ នឹងមិនអាចកើតមា​ន ទៀត​ឡើយ​ចាប់ពី​ឆ្នាំ២០២០​ ត​ទៅ​​ដោយសារតែគម្រោងនៃការអភិវឌ្ឍបណ្តាញអគ្គិសនីដែល កំពុងមានស្រាប់ ហើយកំពុងសា​ងសង់​នោះ​​នឹងចាប់ដំណើរការនាពេលដ៏ខ្លីខាងមុខ។ នេះជា ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ទី នរិន្ទ រដ្ឋ​លេ​ខា​ធិ​ការក្រសួង រ៉ែ និងថាម​ពល ក្នុង សន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពផែ​នការ​ថាមពល​សាធា​រ​ណៈ​(អគ្គិសនី) នៅរសៀល ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ នាទីស្តីការគណៈរដ្ឋមន្រ្តី។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ដោយសារកត្តាធម្មជាតិ និងកត្តានៃការប្រើ ប្រាស់អគ្គិ​សនី​មាន​ការ​កើន​ឡើងខុសពីការគិតទុករបស់អគ្គិសនីកម្ពុជា ដែលធ្វើឱ្យអគ្គិសនី កម្ពុជាបង្ខំចិត្តក្នុងការផ្តាច់អគ្គិសនី ប្រើ​ប្រាស់​​​នៅតាមតំបន់មួយចំនួន។ ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នកម្ពុជាត្រូវការប្រើប្រាស់ អគ្គិសនី​ចំនួន៣​១លា​ន​គីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ ខណៈ ឆ្នាំ២០១៨ កម្ពុជាត្រូវការតែ២៥.៥លានវ៉ាត់​ម៉ោងប៉ុណ្ណោះ​ក្នុង​មួ​យថ្ងៃ។ ដូច្នេះ បច្ចុប្បន្នកម្ពុជា អាចធ្វើការផ្គត់ផ្គង់បានតែចំនួនជាង២៧លានវ៉ាត់ម៉ោងប៉ុណ្ណោះ ដែល​ទាមទារឱ្យមានការទិញ ពីបរទេស។ ប្រឈមមុខនឹងបញ្ហានេះ ក្នុងនាមមន្រ្តីជំនាញ ឯកឧត្តមក៏បានសុំការយោគយល់ ពីប្រជាពលរដ្ឋក៏ដូចជាវិស័​យឯក​ជនចំពោះបញ្ហានេះដោយក្នុងនោះរាជរដ្ឋាភិបាលមិនបាន ព្រងើយកន្តើយមិន​ធ្វើការដោះ​ស្រាយ​នោះ​ទេ​។

ជាមួយគ្នានេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសម្ដែងនូវកិច្ចគោរពអំណរគុណ ចំពោះជនរួមជាតិ​ទាំងអស់ ដែលបានចូលរួមសហការដ៏ក្លៀវក្លាជាមួយសេចក្តីអំពាវនាវ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដុ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា “ចំពោះកិច្ចយោគយល់ និងអធ្យាស្រ័យ” ឆ្លើយតបនឹងកង្វះខាត​ថាមពល​អគ្គិ​សនី ក៏ដូចជា ភាពរអាក់រអួល ក្នុងការទទួលបានការប្រើប្រាស់ទឹក ដែលកម្ពុជាក៏ដូចជាប្រទេសមួ​យ​ចំនួន​បាន​​ប្រឈមនឹងអភូតហេតុ “បម្រែបម្រួលអាកាសធាតុ” នៅក្នុងរដូវប្រាំងនេះ។ សម្ដេចតេជោ បានលើកឡើងថា អភូតហេតុនេះ គឺបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំងកើតចេញពីបម្រែ បម្រួលអាកាសធាតុ គឺនាំ​ឱ្យមាន​ការ​ខ្វះ​ទឹកខុសប្រក្រតី រួមផ្សំនឹងការកើនឡើងនូវការប្រើ ប្រាស់យ៉ាងគំហុក ក្នុងវិស័យសំណង់ផងដែរ ដែ​ល​​មាន​កំណើន៧០០ភាគរយ បានធ្វើឱ្យ ប្រភពថាមពលអគ្គិសនី ពុំអាចផ្គត់​ផ្គង់​បានគ្រប់គ្រាន់ដូច​រដូវ​ប្រាំ​ង​សព្វមួយដង។ ទោះជាយ៉ាង ណាក៏ដោយ នេះគឺជាការប្រឈមក្នុងរយៈពេលខ្លីមួយសម្រាប់កម្ពុជា ហើយអាច​អូសបន្លាយ​ដល់ត្រឹមចុងខែឧសភា ពោលគឺមានរយៈពេល៧២ថ្ងៃ ដែលមានកង្វះខាតថាមពល​អគ្គិ​សនី​ចំនួ​ន៤០០មេហ្កាវ៉ាត់ ស្មើនឹង១៣ភាគរយ សម្រាប់ផ្គត់ផ្គង់ជាទូទៅ។ ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងបន្ទាន់ចំពោះករណី​ខាង​លើ​នេះ ក្នុងកិច្ចឆ្លើយ តបនឹងការប្រើប្រាស់ជាប្រក្រតីរបស់មហាជន។

សូមរម្លឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន បាន​លើក​ឡើងថា “សូមឱ្យប្រជាពលរដ្ឋ ដែលមានម៉ាស៊ីនភ្លើង អាចប្រើប្រាស់ម៉ាស៊ីនភ្លើងជំនួស នៅពេល​ដែល​មាន​ការ​ដាច់ភ្លើង ឬ ត្រូវការផ្ដាច់ភ្លើង”។ នេះជាសំណូមពរ ដើម្បីផ្ដល់ការយោគយល់ចំពោះរាជរដ្ឋាភិបាលទៅលើ បញ្ហាដ៏លំបាកក្នុងរយៈពេលខ្លីនេះ។

ក្នុងខណៈពេលដែលកម្ពុជាកំពុងជួបបញ្ហាកង្វះខាតប្រើប្រាស់អគ្គិសនីនេះដែរ សម្ដេច តេជោបានចាត់ឱ្យឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ក្នុងការ​ចាក​ចេញទៅប្រទេសតួកគីជាបន្ទាន់ ដើម្បីចរចានាំនាវាផលិតអគ្គិសនី(២០០មេហ្កាវ៉ាត់) មកកាន់កម្ពុជា ក្នុង ការឆ្លើយតបនឹងបញ្ហា ប្រឈមនេះផងដែរ។ លើសពីនេះទៀត អ្វីដែលជាផលលំបាក នៃការប្រឈមក្នុងរយៈពេល ខ្លីនេះ ទឹកក៏ជាបញ្ហារួមផ្សំនឹងអគ្គិសនីផងដែរ ដូច្នេះសូមប្រជាពលរដ្ឋ ត្រូវនាំគ្នាខិតខំសន្សំ សំចៃការប្រើប្រាស់ទឹក ទាំង​នៅទីក្រុង ក៏ដូចនៅជនបទ ដោយសារឆ្នាំនេះ គឺជាឆ្នាំដែលរាំង ស្ងួតក្នុងរយៈពេលវែង ហើយ​អូស​បន្លាយ​រហូតដល់ចុងខែឧសភា។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏មានជំនឿយ៉ាងមុតមាំថា «អ្វីដែលជាការ ពិសោធន៍របស់ប្រជាពលរដ្ឋ ដែលមានថាមពល និងសាមគ្គីភាពយ៉ាងមាំជាមួយរាជរដ្ឋាភិ បាល ជាពិសេសជំនឿលើការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានរួមគ្នាឆ្លងកាត់ ឧបសគ្គស្លាប់រស់ក្នុងការរំលា​យក្បា​លម៉ា​ស៊ីន​ថ្នាក់ដឹ​ក​នាំខ្មែរ​ក្រហម ដើម្បីដណ្ដើមយកបាន សន្ដិភាព និងកិច្ចការពារផលប្រយោជន៍របស់ជាតិរួមនិងវិបុលភាព រហូត​​ដល់បច្ចុប្បន្ននេះ គឺជាបទពិសោធន៍ប្រកបដោយមោទនភាព និងជោគជ័យយ៉ាងច្បាស់លាស់ ដែល​ប​ង្ហាញនូ វកិច្ចប្រឹងប្រែងរួមគ្នា ប្រាកដណាស់នឹងជម្នះលើភាពលំបាកបណ្ដោះអាសន្ន ក្នុងរយៈពេល​ដ៏ខ្លី​នេះ​»។ជាមួយគ្នានេះដែរ អគ្គិសនីកម្ពុជាក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ដើម្បីដោះស្រាយបញ្ហានេះ អគ្គិសនី​កម្ពុ​ជា​​បានទំនាក់ទំនងប្រទេសជិតខាងឱ្យជួយបង្កើនការ ផ្គត់ផ្គង់​អគ្គិ​ស​នីបន្ថែមដល់កម្ពុជា។ ជាលទ្ធផលប្រទេសថៃបានជួយបង្កើនការផ្គត់ផ្គង់ បន្ថែម ៨០MW ប្រទេសឡាវ​បន្ថែ​​ម១០MW និងប្រទេស​វៀតណាមបានជួយរក្សាការផ្គត់ផ្គង់អគ្គិសនី ឱ្យនៅដដែល ទោះបីជាភាគខាង​ត្បូ​ងប្រទេសវៀតណាមកំពុង​ជួ​បប​ញ្ហាខ្វះខាតអគ្គិសនី ដូចគ្នា។ ទោះបីយ៉ាងនេះក៏ដោយយើងនៅមានកង្វះ​ថាម​ពលប្រមាណ១៣​ភាគរ​យដែ​ល​តម្រូវ ឱ្យអគ្គិសនីកម្ពុជាធ្វើការកាត់បន្ថយការផ្គត់ផ្គង់ខ្លះរហូតដល់រដូវ​វស្សាមក​ដល់។​

អគ្គិសនីកម្ពុជា ក៏បានគូសបញ្ជាក់ថា ការកាត់បន្ថយការផ្គត់ផ្គង់នេះធ្វើនៅពេលថ្ងៃតាមកន្លែងឆ្លាស់គ្នា ដើម្បី រក្សាការផ្គត់ផ្គង់នៅ​ពេ​លយប់ ដែល​ជា​​ពេលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ចាំបាច់ ជាមួយគ្នា នោះក៏បានគិតគូរឱ្យអស់លទ្ធភាព ផ្គុំគ្នាជាមួយកា​រ​ជួយ​ដំណើរការម៉ាស៊ីនភ្លើងផ្ទាល់ខ្លួនក្នុង ការផ្គត់ផ្គង់ពេលថ្ងៃសម្រាប់ដំណើរការផ្នែកឧស្សាហ​​កម្ម ការកិន​ស្រូវ​អង្ករសម្រាប់នាំចេញ មន្ទីរពេទ្យ រដ្ឋាករទឹក ស្ថានទូត និងស្ថាប័នរាជរដ្ឋាភិបាល។  សម្រាប់ក្នុងរ​យៈពេលដែលមាន ការលំបាក៧២ថ្ងៃរហូតដល់ចុងខែឧសភា ដោយឡែកថ្ងៃបុណ្យជាតិ រួមនឹងថ្ងៃ​អា​ទិ​ត្យ​​​ដែល​​ជាថ្ងៃ​​ឈប់សម្រាកសរុប២៣ថ្ងៃ អគ្គិសនីកម្ពុជានឹងរក្សាការផ្គត់ផ្គង់ឱ្យមានជាធម្មតា។ ប្រសិន បើ​មាន​ភ្លៀង​ធ្លាក់មកមុនចុងខែឧសភា ការផ្គត់ផ្គង់នឹងមានជាប្រក្រតីឡើងវិញ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបន្ដថា កំណើនខ្ពស់នៃការវិនិយោគទុនពីក្នុង និង​ក្រៅ​ប្រ​ទេ​ស ដោយសារស្ថេរភាពនយោបាយ​ក្រោយការ​បោះឆ្នោ​ត​សកលឆ្នាំ២០១៩ ការបញ្ចុះ​តម្លៃអគ្គិសនី​ចាប់​ពីខែមករា អាកាសធាតុក្តៅខ្លាំង និងការខ្វះទឹក​ខុស​ប្រ​ក្រ​តី ធ្វើឱ្យតម្រូវការ ប្រើប្រាស់ថាមពលអគ្គិសនីនៅ​ឆ្នាំ២០១៩ បានកើនឡើងយ៉ាងគំហុ​កលើស​ពីការ​រំពឹង​ទុ​ក។ ការខ្វះទឹកនេះធ្វើឱ្យសមត្ថភាពផ្គត់ផ្គង់ចេញពីប្រភពវារីអគ្គិសនីថយចុះមិនអាចធានាការផ្គត់ ផ្គង់ថាមពលអគ្គិ​ស​នីពេញលេញទូទាំងប្រទេសដល់ចុងរដូវប្រាំងដូចសព្វមួយដង។

ក្នុងគោលដៅនៃការអភិវឌ្ឍវិស័យអគ្គិស​នីដល់ឆ្នាំ២០៣០ រាជរដ្ឋាភិបាលកម្ពុជាបាន រៀបចំផែនការអភិវឌ្ឍន៍​ប្រភពអគ្គិសនីរួមមាន វារីអគ្គិសនី រោងចក្រអគ្គិសនីដោយធ្យូងថ្ម និង ប្រភពផ្សេងៗទៀតដូចជា ថាមពល​ពន្លឺព្រះអាទិត្យផ្គុំជាមួយនឹងការនាំចូលប្រភពអគ្គិសនីពី ប្រទេសជិតខាងដោយបានដាក់ឱ្យដំណើរការ​គម្រោ​​ង​​​ជាបន្តបន្ទាប់តាមផែនការដែលបាន គ្រោងទុក។

ទាក់ទងនឹងការដាច់ភ្លើងអគ្គិសនីនេះដែរ លោក ដុស វិឆ័យ ជាបុគ្គលិកក្រុមហ៊ុនមួយ ក្នុងរាជធានីភ្នំពេញបានឱ្យដឹងដែរថា ការដាច់ភ្លើងញឹកញាប់នេះគឺបានប៉ះពាល់ដល់ការងារ ក្នុងក្រុមហ៊ុន ទាំងប្រាក់ចំណូល និងសង្វាក់ផលិតកម្មក្នុងក្រុមហ៊ុន ហើយក៏ប៉ះពាល់ដល់ ឯកសារក្នុងក្រុមហ៊ុនផងដែរ ខណៈភ្លើងដាច់ញឹកញាប់ពេកធ្វើឱ្យខូចហាតឌីស ឬខូចកុំព្យូទ័រ​ដែលបានផ្ទុកឯកសាររបស់ក្រុមហ៊ុន។ លោកបានបន្ដថា “បើអត់មានភ្លើងធ្វើការអត់កើតទេ សម្រាប់បុគ្គលិកនៅការិយាល័យ ហើយបើយើងទិញម៉ាស៊ីនភ្លើង ចំពោះក្រុមហ៊ុនតូច ត្រូវការ​ចំណាយ​ច្រើន បើនៅតាមម៉ាត ហាងលក់ទំនិញ ឬតាមផ្ទះមួយចំនួន​ដែលក្លាសេផលិតផល ដើម្បីទុករក្សាបានយូរ ឬធ្វើឱ្យកករឹងនោះ វានឹងឆាប់ខូច រលាយអស់ធ្វើឱ្យ​ខាតបង់កាន់តែ ច្រើនថែម​ទៀតក្នុងពេលដាច់ភ្លើងនោះ”។ លោកបានបន្ថែមថា ការដាច់ភ្លើងញឹកញាប់នេះ វា​បានធ្វើឱ្យខាតបង់ច្រើនទាំងពេលវេលា ថវិកា និងចំណូលសម្រាប់ក្រុមហ៊ុន ក៏ដូចជាបុគ្គ​លិក ព្រមទាំងបាត់បង់ភ្ញៀវថែមទៀត ដោយសារតែការដាច់ភ្លើងនេះ។

មិនខុសពីការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋអំពីការដាច់ភ្លើងនេះដែរ ដោយ និយាយបណ្ដើរ ដៃម្ខាងកំពុងតែកៀបសក់ និងតម្រង់សក់ឱ្យអតិថិជនរបស់គាត់យ៉ាងញាប់ ដៃញាប់ជើងនោះ លោកស្រី តាន់ នីកា ជាម្ចាស់អ៊ុតសក់ នៅក្នុងបុរីពិភពថ្មី ចំការដូងបាន រៀប រាប់អំពីការដាច់ភ្លើងឱ្យដឹងដែរថា វាបានប៉ះពាល់ច្រើនដល់ការរកស៊ី បាត់បង់អតិថិជន និង បាត់បង់លុយកាក់ច្រើនក្នុងមួយថ្ងៃៗ នៅពេលដែលដាច់ភ្លើងម្ដងៗពីព្រោះការអ៊ុតសក់ ឬការផ្លុំ សក់នេះ ឧបករណ៍ សម្ភារត្រូវការភ្លើង បើមិនមានភ្លើងគឺមិនអាចធ្វើអ្វីបានទេ។ លោកស្រីបាន បន្ដថា “ ពេលដាច់ភ្លើងញឹកញាប់ពេកទៅ ធ្វើឱ្យកន្លែងខ្ញុំបាត់បង់ ចំណូលច្រើន និងបាត់បង់ អតិថិជនរបស់ខ្ញុំដែលធ្លាប់មកកក់សក់ អ៊ុតសក់ និងតុបតែងមុខ នៅទីនេះ និងក៏ប៉ះពាល់ ដល់ផ្នែកផ្សេងៗទៀតដែរដែលគេបើកមុខរបររកស៊ី”។ លោកស្រីបានលើកឡើងថា កាលពី មុន ការដាច់ភ្លើងអគ្គិសនីគឺមិនច្រើនម៉ោងនោះទេ តែឡូវ ចាប់ពី៥ ទៅ៦ម៉ោង បើដាច់ពេល ព្រឹក ចាប់ពីម៉ោង៧​ ដល់ម៉ោង១២ថ្ងៃត្រង់ ហើយបើដាច់ល្ងាច ចាប់ពីម៉ោង១២ថ្ងៃត្រង់រហូត ដល់ម៉ោង៥ ទៅ៦ល្ងាចទើបមានភ្លើងវិញ។ លោកស្រីបានស្នើឱ្យរាជរដ្ឋាភិបាលក៏ដូចជា អគ្គិសនីកម្ពុជាពិនិត្យលទ្ធភាពក្នុងការផ្ដល់ភ្លើងអគ្គិសនីប្រើប្រាស់ កុំឱ្យដាច់ញឹកញាប់ និងដាច់ ជារៀងរាល់ថ្ងៃពេក ដែលបានបង្កការលំបាកដល់អ្នករកស៊ីក៏ដូចជាប្រជាជនទូទៅ។

ជាមួយគ្នានេះ លោក ស៊្រុន ទិត ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានឱ្យដឹង ដែរថា ការដាច់ភ្លើងនេះ បានធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបរអាជីវកម្មរបស់ប្រជាពលរដ្ឋ ជា ពិសេសការរស់របស់ពួកគាត់ប្រចាំថ្ងៃដូចជាគ្មានភ្លើងប្រើប្រាស់នៅក្នុងផ្ទះ ក្នុងការដាំបាយ ស្ល ការបើកកង្ហារ ឬបើកម៉ាស៊ីនត្រជាក់ ខណៈអាកាសធាតុក្ដៅខ្លាំងហើយគ្មានភ្លើងប្រើ វានឹង ធ្វើឱ្យកាន់តែក្ដៅថែមទៀត។ ក្រៅពីនេះ ការដាច់ភ្លើង ដាច់ទឹកក៏បានធ្វើឱ្យប៉ះពាល់ដល់ការ សិក្សារបស់សិស្សានុសិស្សក៏ដូចជាកូនៗផងដែរ ដោយសារតែសាលាមិនមានភ្លើងប្រើប្រាស់ និងអាចដំណើរការបង្រៀនបាន។ លោកបានបន្ដថា ករណីដាច់ភ្លើងនេះ វាក៏ធ្វើឱ្យប្រជាពល រដ្ឋ ក៏ដូចជាអាជីវកររកស៊ីមួយចំនួនមានការលំបាកដោយសារតែភ្លើងដាច់ទាំងយប់ទាំងថ្ងៃ ក្នុងនោះ អ្នក​ខ្លះត្រូវចំណាយលុយទិញម៉ាស៊ីនភ្លើង ដើម្បីយកមកប្រើប្រាស់ ខណៈទីផ្សារលក់ ម៉ាស៊ីនភ្លើងឡើងថ្លៃតម្លៃគុណនឹងពីរ ឬគុណនឹងបី ខុសពីតម្លៃលក់ធម្មតា កាលពីពេលមុន។ លោកបានបន្ថែមថា “ធម្មតា ការធ្វើអាជីវកម្មតូចតាយ ត្រូវការភ្លើង បើដាក់ភ្លើងឱ្យពួកគាត់រក ស៊ី​ម៉ិចកើត ត្រូវទៅទិញម៉ាស៊ីនភ្លើងយកមកប្រើប្រាស់ តែតម្លៃឡើងថ្លៃកប់ពពក ១គុណជាពីរ តើគ្នា ធ្វើម៉េចបើអត់មានអីប្រើនោះ”។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យ​ប្រជា​ពលរដ្ឋរបស់យើងផ្ដល់ការយោគ យល់អធ្យាស្រ័យ នៅក្នុងករណីដែលទីកន្លែងខ្លះ​មាន​កា​រ​​​ដាច់​ចរន្តអគ្គិសនី ទីកន្លែងខ្លះមាន​ការខ្វះអគ្គិសនី ហើយក៏សូមឱ្យប្រជាពលរដ្ឋរបស់យើង​ដែ​ល​​មានម៉ាស៊ីនភ្លើង អាចនឹងប្រើ ប្រាស់ជំនួសនៅពេលដែលមានការដាច់ចរន្តអគ្គិសនី ឬត្រូវ​ការកាត់ចរន្តអគ្គិសនីជាដើម។ សម្ដេច​តេជោបានបន្ដថា នេះជាការសុំអង្វរកដើម្បីផ្ដល់​ការយោគ​យ​​ល់​ចំពោះរាជរដ្ឋាភិបាល​ទៅលើ​បញ្ហាដ៏លំបាក ហើយក៏សូមឱ្យមានការសន្សំសំចៃទៅលើការ​ប្រើ​ប្រាស់ចរន្តអគ្គិសនី​នៅគ្រប់ ទីកន្លែង។ ជាមួយគ្នានេះ យើងសន្សំសំចៃទៅលើការប្រើប្រាស់ទឹកផង និង​យើ​ង​សន្សំសំចៃ ទៅលើការប្រើប្រាស់ចរន្តអគ្គិសនីផង ដើម្បីជួយដោះស្រាយបញ្ហាទាំងអស់នៅ​ក្នុ​ង​​ប្រទេស របស់យើង។ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុ​ជា​ សម្ដេចតេជោក៏សូម​អំពាវនាវ សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងអាជីវករទាំងអស់ សូមមេត្តា​យោគ​យ​ល់​ ហើយ បញ្ចេញនូវម៉ាស៊ីនភ្លើង ឬទិញនូវម៉ាស៊ីនភ្លើង ដើម្បីដាក់ប្រើប្រាស់បន្ត ហើយ​រាជរដ្ឋាភិ​បាល​​​ខិតខំដោះស្រាយបញ្ហានេះបន្តទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានជំរុញឱ្យក្រសួងរ៉ែ និងថាមពល សហការជា​មួយអា​ជ្ញា​ធរ​អគ្គិ​សនី​កម្ពុ​ជា ជ្រើសរើសយករោងចក្រផលិតអគ្គិសនី ដែលមានលក្ខណៈ​បច្ចេកវិទ្យា​ទំ​នើ​ប​ ដូច​ជា​រោ​ង​ចក្រដែលប្រើប្រាស់ហ្គាស (Gas) ដែលប្រសើរជាងធ្យូងថ្ម ព្រោះយូរទៅវាមា​ន​តម្លៃ​​កាន់​​តែ​​ខ្ព​ស់​ ដែលបង្កការលំបាក ហើយកម្ពុជាត្រូវការរោងចក្រផលិតអគ្គិសនីបែបទំនើប ស​ម្រាប់​ពេល​អ​​នាគត៕

ដោយ គង់ សិរីរ័ត្ន និង អ៊ុន រិទ្ធី