សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និង តំណាងរាស្ត្រនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់

AKP ព្រះវិហារ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ -លោក ពឹង ទ្រីដា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារជាច្រើនរូបទៀត បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំផ្ទះ របើកដំបូលផ្ទះ កាលពីរសៀលថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ។

លោក ពឹង ទ្រីដា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនចំពោះបងប្អូនដែលគ្រោះដោយគ្រោះធម្មជាតិនេះ។

លោក ពឹង ទ្រីដា បានបន្តទៀតថា រយៈពេលប៉ុន្មានថ្ងៃនេះ គ្រោះធម្មជាតិខ្យល់កន្ត្រាក់បានកើតឡើងនៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តព្រះវិហារ ។ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហេតុការណ៍អាក្រក់នេះកុំឱ្យមានការរងគ្រោះដល់អាយុជីវិត និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យផងដែរ ។

 

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងអំណោយរបស់ឯកឧត្តម សួស យ៉ារ៉ា យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិទាំង៤៤គ្រួសារ នៅឃុំរំដោះ ក្នុងនោះប្រជាពលរដ្ឋ៥គ្រួសារ ដែលរលំផ្ទះបាក់ដល់ដី ក្នុងមួយគ្រួសារៗទទួលបានអង្ករ ៧៥គីឡូក្រាម តង់១ ធុងទឹក១ មី៤កេស ត្រីខ១យួ ទឹកស៊ីអ៊ីវ១យួ មុង១ ប៊ីចេង១កញ្ចប់ និងថវិការ៤០ម៉ឺនរៀល ។ ចំណែក៣៩គ្រួសារទៀត ក្នុងមួយគ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាម ធុងទឹក១ មី៣កេស ត្រីខ១យួ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ២០ម៉ឺនរៀល ៕

ដោយ ទិត ស្រ៊