រដ្ឋមន្រ្ដីក្រសួងអប់រំ៖ បច្ចុប្បន្នកម្ពុជាមានសាលារៀនចំណេះដឹង​ទូទៅសរុប​ជិត១៥.០០០កន្លែងនៅទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩​ — រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសាលាមត្តេ    យ្យសិក្សា និងសាលារៀនចំណេះទូទៅ ទាំងសាធារណៈ និងឯកជន ប្រមាណជិត១៥.០០០ កន្លែង នៅទូទាំងប្រទេស។

ថ្លែងក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៨-២០១៩ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យា​ស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ជាលទ្ធផល នៅទូទាំងប្រទេស យើងមានសាលា​មត្តេយ្យសិក្សា និងសាលារៀនចំណេះទូទៅទាំងសាធារណៈ និងឯកជន សរុប១៤.៥២២ ក្នុងនោះ សាលាមត្តេយ្យសិក្សាចំនួន៤.៨១០ សាលាបឋមសិក្សាចំនួន៧.៧១៦ អនុវិទ្យាល័យ ចំនួន១.៣២៤ និងវិទ្យាល័យចំនួន៦៧២។ ឯកឧត្តមបញ្ជាក់ថា គិតមកដល់ខែកញ្ញា ឆ្នាំ២០១៨ សំណង់អគារសិក្សា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សរុប ចំនួន៤.៣១០ ខ្នង ស្មើ២៦.៥៣៨បន្ទប់។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដថា តាមរយៈការធ្វើយុទ្ធនាការ ប្រមូល​កុមារ​ដល់វ័យសិក្សា ការសាងសង់អគារសិក្សា ការផ្តល់គ្រូបង្រៀន ការផ្តល់ថវិកាដំណើរ​ការសាលារៀន ការផ្តល់អាហារូបករណ៍ ដល់សិស្សមកពីគ្រួសារក្រីក្រ ជាពិសេស សិស្សនារី ជាដើម បានបង្កលក្ខណៈ ឱ្យកុមារមានលទ្ធភាពកាន់តែច្រើន ក្នុងការទទួលបានការអប់រំ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងថា បច្ចុប្បន្ន កុមារអាយុ៥ឆ្នាំ បានចូលរៀន នៅមត្តេយ្យសិក្សាគ្រប់រូបភាពមានចំនួន៦៣.១ភាគរយ កុមារី៦៣.៦ភាគរយ។ ជាមួយគ្នានេះ អត្រាពិត​នៃការសិក្សានៅបឋមសិក្សាសាធារណៈ និងឯកជនមានចំនួន៩៨.០ភាគរយ (ស្រី​៩៨.៥ ភាគរយ) ស្ថិតក្នុងស្តង់ដារ និងក្នុងកម្រិតប្រហាក់ប្រហែល ប្រទេសក្នុងតំបន់។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជា​រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះលទ្ធផលដែលក្រសួងអប់រំ យុវជន និងកីឡាទទួលបាននាពេលកន្លងមក បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង​អប់រំ​ក្នុងការកែលម្អគុណភាពអប់រំនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពល្អពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ឯកឧត្តមក៏បានជំរុញដល់លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ក្នុងការបង្រៀនទោះ បីមានមជ្ឈដ្ឋានមួយចំនួនថាគុណភាពអប់រំនៅកម្ពុជានៅមានកម្រិតក៏ដោយ។

សូមបញ្ជាក់ថា បច្ចុប្បន្នសិស្សសរុបនៅគ្រប់ភូមិសិក្សាសាធារណៈ និងឯកជន ចាប់ពី មត្តេយ្យសិក្សា ដល់មធ្យមសិក្សា មានចំនួន៣.៥៦៧.១០៥នាក់ ក្នុងនោះ ស្រី១.៧៦៦.៣៧៩ នាក់ ស្មើនឹង៤៩.៥ភាគរយ។ ចំពោះគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមានចំនួន១២៥ ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៤៨ និងឯកជនចំនួន៧៧។ ដោយឡែកនិស្សិត​កំពុងសិក្សា នៅថ្នាក់ឧត្តមសិក្សាមានចំនួន២១១.៤៨៤នាក់ ស្រី៩៨.៦៣០នាក់ ស្មើ៤៦.៦៣​ភាគរយ ក្នុងនោះ និស្សិតបរទេសអាហារូបករណ៍មានចំនួន១៥៨នាក់ ស្រី៦០នាក់ ស្មើ ៣៧.៩៧ភាគរយ។ ចំណែកបុគ្គលិកអប់រំសរុបនៅទូទាំងប្រទេសមានចំនួន១២០.២៩៩នាក់ ស្រី៥៤.៩៥៨នាក់ (ត្រូវជា៤៥.៧ភាគរយ) ក្នុងនោះ ថ្នាក់ជាតិចំនួន៣.៤១៦នាក់ ស្រី៩៣៩ នាក់ (ត្រូវជា២៧.៥ភាគរយ) និងថ្នាក់ក្រោមជាតិចំនួន១១៦.៨៨៣នាក់ ស្រី៥៤.០១៩នាក់ (ត្រូវជា៤៦.២ភាគរយ)៕

ដោយ ប៊ុន រិទ្ធ