ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា៖ ប្រាក់បញ្ញើជាប្រាក់រៀលក្នុងប្រព័ន្ធធនាគារជាមធ្យម​កើន២៦ភាគរយ ក្នុងមួយឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ — ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រាក់បញ្ញើជាប្រាក់រៀលក្នុងប្រព័ន្ធ ធនាគារជាមធ្យមកើន២៦ភាគរយ ក្នុងមួយឆ្នាំ ស្របពេលដែលតម្រូវការប្រាក់រៀលបានកើន ឡើងយ៉ាងឆាប់រហ័សដោយរូបិយវត្ថុក្នុងចរាចរណ៍កើនក្នុងអត្រា១៦ភាគរយ ជាធម្យមក្នុងមួយ ឆ្នាំផងដែរ។ក្នុងទិវាប្រាក់រៀល ខួបលើកទី៣៩ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ កាលពី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅផ្សារអ៊ីអនម៉ល សែនសុខ ស៊ីធី លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ការប្រើប្រាស់ប្រាក់ រៀលកាន់តែទូលំទូលាយក្នុងសេដ្ឋកិច្ច នឹងជួយពង្រឹងប្រសិទ្ធភាពនៃការអនុវត្ដគោលនយោ បាយរូបិយវត្ថុ និងអត្រាប្ដូរប្រាក់ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទាំង មូល ព្រមទាំងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទៀតដល់សេដ្ឋកិច្ច។ ចំពោះវិស័យពាណិជ្ជ កម្ម ការប្រើប្រាក់រៀលតែមួយ អាចជួយកាត់បន្ថយចំណាយប្រតិបត្តិការដូចជាការប្ដូរប្រាក់ សម្រាប់ដោះដូរក្នុងស្រុក កាត់បន្ថយហានិភ័យពីការបាត់បង់តម្លៃដោយសារតែបម្រែបម្រួល អត្រាប្ដូរប្រាក់ និងសម្រួលការកំណត់ថ្លៃទូទាត់តែមួយ ដែលធ្វើឱ្យការដោះដូរប្រព្រឹត្ដទៅយ៉ាង ងាយស្រួល និងឆាប់រហ័ស។

លោកជំទាវបានបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀល រួមចំណែក ជំរុញការវិនិយោគ និងបង្កើតការងារ តាមរយៈឥទ្ធិពលនៃគោលនយោបាយរូបិយវត្ថុលើការ បន្ទាបអត្រាការប្រាក់ទីផ្សារដែលជាកត្ដាកំណត់និន្នាការនៃកម្ចីសម្រាប់ការវិនិយោគ និងផលិត កម្ម និងឈានទៅជំរុញឱ្យមានការបង្កើតការងារ។ លើសពីនេះទៀត ការប្រើប្រាស់ប្រាក់រៀល នឹងធ្វើឱ្យប្រទេសយើងទទួលបានប្រាក់ចំណូលពីការបោះពុម្ពរូបិយវត្ថុនិងអនុញ្ញាតឱ្យធនាគារ ជាតិនៃកម្ពុជាស្រូបយកនូវរូបិយប័ណ្ណ ដើម្បីគរពូនទុនបម្រុងអន្ដរជាតិ សម្រាប់ពង្រឹងជំនឿទុ​ក​ចិត្ដរបស់វិនិយោគិនមកលើសេដ្ឋកិច្ចកម្ពុជា។ លោកជំទាវទេសាភិបាលរងបន្ដថា រាជរដ្ឋាភិ​បាលអាចអភិវឌ្ឍន៍ទីផ្សារសញ្ញាប័ណ្ណចារឹកជាប្រាក់រៀលដ៏រឹងមាំមួយ ដើម្បីគាំទ្រដល់ការផ្ដល់​ហិរញ្ញប្បទានក្នុង​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយបំណុលពីបរទេសតាមរយៈការ​កៀរគរមូលនិធិជារូបិយវត្ថុក្នុងស្រុកពីសាធារណជន។

លោកជំទាវបានកត់សម្គាល់ឃើញថា តម្លៃប្រាក់រៀល​ត្រូវបានរក្សាឱ្យមានស្ថិរភាពល្អ ប្រសើរ​ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ហើយដើម្បីបន្ថយកម្រិតដុល្លារូបនីយកម្ម យើងត្រូវខិតខំចូលរួមអនុវត្ដន៍ទាំងអស់គ្នាបន្ថែមទៀត ដោយសារបទពិសោធន៍អន្ដរជាតិ បង្ហាញថា ការធ្វើបដិដុល្លារូបនីយកម្មជាការងារដ៏លំបាក និងទាមទារនូវពេលវេលាយូរ និងចាំ បាច់ត្រូវការចូលរួមពីគ្រប់មជ្ឈដ្ឋាន។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្ដអនុវត្ដន៍ គោលនយោបាយ ក៏ដូចជាវិធានការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលដោយផ្អែកលើយន្ដ ការទីផ្សារ និងស្ថានភាពជាក់ស្ដែង ព្រមទាំងត្រៀមខ្លួនសហការជាមួយនឹងភាគីពាក់ព័ន្ធក្នុង ការអនុវត្ដការងារនេះ ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិ បាល។លោកជំទាវទេសាភិបាលរងក៏បានវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំង វិស័យសាធារណៈ និងវិស័យឯកជន ដែលបានគាំទ្រ និងខិតខំប្រឹងប្រែងលើកកម្ពស់ការប្រើ ប្រាស់ប្រាក់រៀលនាពេលកន្លងមក ហើយសង្ឃឹមថា យើងទាំងអស់គ្នានឹងបន្ដលើកកម្ពស់ការ ប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយនៅក្នុងសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីពង្រឹងអធិប តេយ្យជាតិ និងវឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ និងចីរភាព។
សូមបញ្ជាក់ថា ទិវាប្រាក់រៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរម្លឹកខួបនៃការ បង្កើតប្រាក់រៀលឡើងវិញ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានលុបបំបាត់ប្រាក់ រៀល ខឿនសេដ្ឋកិច្ច កម្មសិទ្ធិឯកជន និងអ្វីៗទាំងអស់របស់ប្រជាជនកម្ពុជា។ ទន្ទឹមនេះ ទិវានេះ ក៏រួមចំណែកបង្កើនការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់ និងវឌ្ឍនភាពនៃ ការប្រើប្រាស់រូបិយវត្ថុជាតិ ព្រមទាំងលើកកម្ពស់ស្មារតីស្រឡាញ់ប្រាក់រៀលពីគ្រប់មជ្ឈដ្ឋាន ផងដែរ៕

ដោយ អ៊ុន រិទ្ធី