អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម មាន​គម្រោងជួយជំរុញ​ឱ្យមាន​ការ​ប្រើ​ប្រាស់ផលិតផលក្នុងស្រុកឱ្យបាន​ច្រើននៅ​ក្នុង​វិស័យទេសចរណ៍

AKP សៀមរាប ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ — ក្រុម​មន្រ្តី​ជំនាញ​នៃ​អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម(UNIDO)នៅ ព្រឹកថ្ងៃទី២៥​ ខែមីនា ​ឆ្នាំ២០១៩នេះ បាន​ចូល​ជួបពិភាក្សាការងារជាមួយឯក​ឧត្តម​ ទៀ សីហា អភិបាល​ខេត្ត​សៀមរាប​​ ដើម្បីប្រឹក្សាយោបល់សម្រាប់ផ្តល់ធាតុចូល​ក្នុងការ​សិក្សា​ ស្តីពីការ វិភាគស្ថានភាពខ្សែសង្វាក់ផលិតផល​ក្នុងស្រុក ក្នុងវិស័យទេសចរណ៍។លោក ហ្វាប៊ីយ៉ូ រ៉ូសសូ មន្រ្តីជាន់ខ្ពស់ផ្នែកអភិឌ្ឍន៍ឧស្សាហកម្មនៃ​អង្គការសហ ប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម(UNIDO)បាន​ថ្លែង​ថា នៅ​ក្នុង​​បេសកកម្មរបស់ក្រុម​មន្រ្តី​ជំនាញ​នៃ​អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម(UNIDO) នៅខេត្ត​សៀមរាប​ពេលនេះ​ គឺមាន​គោលបំណងជួបជាមួយអភិបាលខេត្ត និងមន្រ្តី​ជំនាញ​នៃអាជ្ញាធរ ខេត្តសៀមរាប​ ដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពទូទៅ​ វឌ្ឍនភាព​ បំផុសគំនិតអន្តរាគមន៍ ជាក់ស្តែង​ក្នុងការពង្រឹងទំនាក់ទំនងរវាងឧស្សាហកម្មម្ហូបអាហារ​ ឧស្សាហកម្មច្នៃប្រឌិត ប្រកបដោយនិរន្តរភាព​ ក្នុងការរួមចំណែកធ្វើឱ្យមានកំណើននូវ ការផ្គត់ផ្គង់នូវ​ផលិតផលក្នុងស្រុក​ ដូចជាត្រី​ សាច់​ បន្លែ​ ផ្លែឈើ​ និងផលិតផលក្នុងស្រុក ផ្សេងៗ​ទៀត​ ដែលផលិតដោយកសិករខ្មែរ និងរកនូវដំណោះស្រាយ​ បញ្ហាប្រឈមនានា​ ដែលពាក់ព័ន្ធនឹងការ​បង្កើនការប្រើប្រាស់​ផលិតផលក្នុងស្រុក​ នៅខ្សែសង្វាក់តម្លៃទេសចរណ៍​ ជាពិសេសនៅក្នុងផ្នែកកសិចំណីអាហារ​ និងឧស្សាហកម្មច្នៃប្រឌិត។
​គម្រោង​នេះ​ជា​គំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុង​គោលបំណងជំរុញ​ឱ្យមាន​ការ​ប្រើ​ ប្រាស់ផលិតផលក្នុងស្រុកឱ្យបាន​ច្រើននៅ​ក្នុង​វិស័យទេសចរណ៍ តាម​រយៈ​ការដាំដំណាំ ការចិញ្ចឹមសត្វ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ផលិតផលក្នុង​ស្រុកសម្រាប់​ឧស្សាហកម្មទេសចរណ៍ ជាពិសេសក្នុង​ភោជនីយដ្ឋាន និង​សណ្ឋាគារ។
លោកបញ្ជាក់ថា គម្រោងនេះ​មាន​គោលដៅសិក្សាស៊ីជម្រៅក្នុង​តំបន់​ទេសចរណ៍ ធំៗចំនួន២ គឺនៅរាជធានី​ភ្នំពេញ និង​តំបន់ជុំវិញ ព្រមជាមួយខេត្តសៀមរាប​ និង​តំបន់​ជុំវិញ។

ឯក​ឧត្តម ទៀ សីហា អភិបាល​ខេត្ត​សៀមរាប​ បាន​មាន​ប្រ​សាសន៍​គាំទ្រ​ចំពោះ​គម្រោងនេះព្រោះ​ថា ខេត្ត​សៀមរាប​ជាតំបន់​ទេសចរណ៍​ និង​ត្រូវ​ការ​ ត្រី​ សាច់​ បន្លែ​ ផ្លែឈើ​ និងផលិតផលក្នុងស្រុកផ្សេងៗ​ដែលផលិតដោយកសិករខ្មែរជាច្រើន​សម្រាប់​ផ្គត់ផ្គង់ឱ្យវិស័យ ទេសចរណ៍​នៅក្នុង​ខេត្ត​មួយនេះ​។

ឯក​ឧត្តម​បន្តថា អាជ្ញាធរ​ខេត្តសៀមរាប ​និង​បញ្ជូន​មន្រ្តី​ជំនាញ​នៃ​មន្ទីរ​ពាក់​ព័ន្ធ​ឱ្យ​សហការជាមួយក្រុម​មន្រ្តី​ជំនាញ​នៃ​អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ ឧស្សាហកម្ម(UNIDO) ដើម្បី​ធ្វើ​ការ​នេះ​ឱ្យ​បាន​លឿន​។

សូមបញ្ជាក់ថា នៅ​ក្នុង​សន្និបាត​បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តសៀមរាប កន្លងទៅនេះ ឯកឧត្តមអភិបាលក៏បាន​ជំរុញឱ្យមន្ទីរកសិកម្មបង្កើនការជួយដល់ប្រជាកសិករ ដើម្បី​ធ្វើ​ការ​ដាំដុះ បន្លែ​ ផ្លែឈើធម្មជាតិគ្មានគីមី ឱ្យបានច្រើន​បន្ថែមទៀត ហើយឯក​ឧត្តម​ចង់​ឱ្យ​ខេត្ត​សៀមរាប​ជាខេត្ត​មួយដែល​ប្រើប្រាស់ផលិតផលក្នុង​ស្រុកដែលគ្មានគីមី​ឱ្យបាន​ច្រើន យ៉ាងហោចណាស់ក៏បាន៥០ភាគរយដែរ៕

ដោយ ឃុត សៅ