លោកជំទាវអនុប្រធានទី២ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ — គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាដឹកនាំដោយលោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែមីនានេះ បន្ទាប់ពីបានចេញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅ សាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល៤ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេល មកដល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា តបតាមការអញ្ជើញរបស់លោកជំទាវ តុង ធីហ្វុង អនុប្រធានទី១ នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញ ទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩  នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ លោកជំទាវ  ឃួន សុដារី បានចូលជួបសម្តែងការគួរសម និងពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ តុង ធីហ្វុង អនុប្រធានទី១រដ្ឋសភាវៀតណាម ចូលជួបពិភាក្សាទ្វេភាគី ជាមួយលោកជំទាវ ង្វៀន ធីគីមងិន ប្រធានរដ្ឋសភាវៀតណាម ចូលជូបសវនាការជា មួយឯកឧត្តម ជិន គួកហ្វឹក សមាជិកអចិន្ត្រៃយ៍គណៈលេខាមជ្ឈិម បក្សកុម្មុយនីស្តវៀតណាម។ ក្រៅពីនេះក៏មានជំនួបទ្វេភាគីដោយឡែករវាងឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោ​សនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា ជាមួយឯកឧត្តម ង្វៀន វ៉ានហ្សូវ ប្រធានគណៈកម្មា ធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម និងជំនួបពិភាក្សាការងាររវាងឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ជាមួយឯកឧត្តម ង្វៀន ហាញហ្វុក អគ្គលេខាធិការរដ្ឋសភាវៀតណាម។

ក្នុងជំនួបនីមួយៗភាគីទាំងពីរបានបង្ហាញនូវជំហរឯកភាពគ្នាបន្តថែរក្សាពូនជ្រំ ពង្រឹង ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក រវាងស្ថាប័ន នីតិប្បញ្ញត្តិប្រទេសទាំងពីរកម្ពុជា-វៀតណាម ឱ្យកាន់តែប្រសើរថែមទៀត​។ ជាពិសេសភាគីទាំងពីរបានឯកភាពគ្នាដាក់បញ្ចូលខ្លឹមសារបន្ថែម ស្តីពីសមាជិកសភាវ័យក្មេង និងក្រុមសមាជិកសភាជាស្ត្រី នៅក្នុងកំណែសម្រួលកិច្ចព្រមព្រៀងថ្មី ស្តីពីសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទាំងពីរ សម្រាប់ដាក់ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោកជំទាវ ង្វៀន ធីគិមងិន ប្រធានរដ្ឋសភាវៀតណាម ចុះហត្ថលេខានាពេលខាងមុខ។ ក្រៅពីនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយលោកជំទាវ ឃួន សុដារី ក៏បានអញ្ជើញទស្សនកិច្ច ដកស្រង់បទពិសោធន៍ នៅតំបន់សំខាន់ៗមួយចំនួននៃប្រទេសវៀតណាម ដូចជាទស្ស​នកិច្ចសិក្សាកសិដ្ឋាន Vin-Eco Farmស្ថិតនៅខេត្តហាយណាម ទស្សនកិច្ចរមណីដ្ឋានចាងអាន និងវត្តបៃឌិញ ជាដើម។ ទស្សនកិច្ចសិក្សាសួនបច្ចេកវិទ្យាជាន់ខ្ពស់ Hao Lac របស់វៀតណាម ដើម្បីដកស្រង់ បទពិសោធន៍ពីចំណុចវិជ្ជមាន នៃនវានុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ព្រមទាំងត្រៀម ការគិតគូរផ្នែកផ្លូវច្បាប់ ដើម្បីជាបទពិសោធន៍ក្នុងការគាំទ្រ គ្រប់គ្រង និងទប់ទល់បញ្ហាឧក្រិដ្ឋកម្មព័ត៌មានវិទ្យាតាមប្រព័ន្ធអ៊ីនធឺណេតផងដែរ៕

ដោយ ប៉ាល់ សុង