ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំសហការីចុះសិក្សាឈ្វេងយល់ពីវឌ្ឍនភាពលើវិស័យចំនួន៤ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧ នៃរដ្ឋសភា បានដឹកនាំសហការីចុះ សិក្សាឈ្វេងយល់ពីវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមមួយចំនួនទៅលើវិស័យទាំងបួន ដែលជាបន្ទុករបស់គណៈកម្មការនៅក្នុងទឹកដីខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ៥ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិ បាលខេត្តក្រចេះ បានឱ្យដឹងថា ក្រោមការ ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាខេត្តក្រចេះ មិនខុសពីខេត្តនានា នៅទូទាំងប្រទេសនោះទេ គឺទទួលបានការអភិវឌ្ឍ ហេដ្ឋារចនាសម័្ពន្ធសង្គមគ្រប់វិស័យ ហើយជីវភាពពលរដ្ឋមានការរីកចម្រើនជាលំដាប់ មិនថាវិស័យអប់រំ សាសនា វប្បធម៌ និងវិស័យទេសចរណ៍ទេ វិស័យផ្សេងៗក៏មានការ រីកចម្រើនគួឱ្យកត់សម្គាល់ផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋា ភិបាលកម្ពុជា អាជ្ញាធរខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធ បាននឹងកំពុងធ្វើកំណែទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិកាន់តែប្រសើរឡើង ដើម្បីបម្រើសេវាសាធារណ:ប្រកបដោយគុណភាព ឆ្លើយតបទៅ នឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពរដ្ឋឱ្យទាន់ពេលវេលា។ឯកឧត្តម អភិបាលខេត្ត បានលើក ឡើងថា រដ្ឋបាលខេត្តក៏ដូចជាមន្ទីរវិស័យទាំង ៤ បានធ្វើការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងចំណេះធ្វើឱ្យកាន់ តែមានភាពល្អប្រសើរដោយអនុវត្តន៍យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិ បាលធ្វើយ៉ាង ណារំកិលសាលាឱ្យកៀកនឹងប្រជាពលរដ្ឋ។ ជាក់ស្តែងនៅក្នុងខេត្តក្រចេះ នាពេល បច្ចុប្បន្នមាន មតេ្តយ្យសិក្សា៩០កន្លែង អនុវិទ្យាល័យ ៥៣ កន្លែង វិទ្យាល័យមាន១១ កន្លែង សកលវិទ្យាល័យរដ្ឋចំនួន០១កន្លែង សាលាគរុកោសល្យ ០១កន្លែង គ្រឹះស្ថានសិក្សា ឯកជនចំនួន៤កន្លែង។ ចំពោះវិស័យទេស ចរណ៍ នៅក្នុងខេត្តក្រចេះមានតំបន់រមណីយដ្ឋាន ទេសចរណ៍ចំនួន១៧កន្លែង បានធ្វើការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមក កាន់តែច្រើនដើម្បីបង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បានកាន់តែល្អប្រសើរ។ រីឯវិស័យ ២ផ្សេងទៀត គឺវិស័យសាសនា និងវប្បធម៌ ក៏មានការរីកចម្រើន គួរមោទនភាពផងដែរ។
ឯកឧត្តម វ៉ា ថន បានបញ្ជាក់ថា មន្ទីរជំនាញនានាជុំវិញខេត្តបានខិតខំប្រឹងប្រែង ធ្វើការផ្តល់នៅសេវាសាធារណ:ជូនប្រជាពលរដ្ឋបានទាន់ពេលវេលានិងទាន់សភាព ការណ៍ ប្រកបដោយគុណភាពខ្ពស់។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧នៃរដ្ឋសភា បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរវិស័យទាំងបួនដែល បានខិតខំយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសង្គមជូនពលរដ្ឋប្រកបដោយការទទួលខុស ត្រូវ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា សុខ​សន្តិភាព​ និ​ងស្ថិរភាព​សង្គម ​ជា​ផ្នែកមួយ​ដ៏សំ​ខាន់មិន​អាចខ្វះបា​ន សម្រាប់​ការ​អភិវឌ្ឍក្នុង​នោះរួមមាន ការ​កសាង​សមិទ្ធផល​ អគារ​ ផ្លូវ ស្ពាន ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវ័ន្តនានា​ ​មានការ​រី​កចម្រើនជា​ប​ន្តបន្ទាប់​និងយ៉ាងឆាប់រហ័ស៕

ដោយ ជួន សុជាតិ