ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា ចង់ឱ្យមានការប្រកួតកីឡា វាយកូនឃ្លីលើតុយុវជនឱ្យបានម្តងទៅ២ដង ក្នុង១ឆ្នាំៗ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩​ — ឯកឧត្តម ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា ប្រកាសចង់ឱ្យមាន ការប្រកួតពានរង្វាន់​ឱ្យបានម្តង ទៅពីរដង ក្នុង១ឆ្នាំៗ ដើម្បីបង្កើនកម្រិតបច្ចេកទេសកីឡាករ កីឡាការិនីវ័យក្មេងឱ្យកាន់តែរីកចម្រើន ពីព្រោះថា ការហ្វឹកហាត់ ដែលមិនមានការ ប្រកួត ដណ្តើមពានរង្វាន់នោះ គឺមិនទទួលបានលទ្ធផលល្អ ប្រសើរឡើយ។

ថ្លែងនៅក្នុងឱកាសបិទការប្រកួតកីឡាវាយកូនឃ្លីលើតុយុវ ជន អាយុក្រោម១៥ឆ្នាំ និងក្រោម១៨ឆ្នាំ ប្រចាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចុងសប្តាហ៍នេះ ឯកឧត្តម ជា ប៊ុនហេង បានបញ្ជាក់ថា ការហ្វឹកហាត់របស់ក្មេងៗនៅតាមសាលារៀន នៅតាម ក្លិបនានា លើប្រភេទកីឡាវាយកូនឃ្លីលើតុនេះមានចំនួនតិចតួចនៅឡើយ ដូច្នេះហើយការរៀបចំពាន រង្វាន់ នេះ គឺដើម្បីបំផុសស្មារតីយុវជនឱ្យចូលរួមការហ្វឹកហាត់ និងប្រកួតកីឡានេះឱ្យកាន់តែ សម្បូរបែប និងសម្រិតសម្រាំងបានធនធាន ល្អៗសម្រាប់ជាតិកាន់តែមានគុណភាព។ ព្រឹត្តិ ការណ៍នេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើម និងការឧបត្ដម្ភថវិកាដោយឯកឧត្តម ជា ប៊ុនហេង ដោយកាលពីខែមករា ឆ្នាំ២០១៩ ដែលបានរៀបចំការប្រកួតកីឡា​វាយកូន ឃ្លីលើតុ ពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ម្តងរួចមកហើយ និងការប្រកួតលើកនេះក៏ត្រូវបាន រៀបចំឡើង តាមការសន្យារបស់ឯកឧត្តមផងដែរ។ឯកឧត្តមបញ្ជាក់ទៀតថា ការប្រកួតលើកនេះមានភាពផុសផុលបានច្រើនបង្គួរ ហើយតាមរយៈ ការប្រកួតនេះ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា គុណភាពរបស់កីឡាករ កីឡាការិនីថ្នាល​នឹងកើនឡើងនូវគុណ ភាពបច្ចេកទេសកាន់តែល្អប្រសើរបន្ថែមទៀត ក៏ដូចជាជួយជំរុញ អភិវឌ្ឍន៍ វិស័យកីឡាវាយកូនឃ្លីលើតុកាន់តែរីកចម្រើន ហើយឯកឧត្តមសន្យាថា នឹងរៀប​ចំការប្រកួតមួយទៀត នាខែតុលា ក្នុងឆ្នាំ២០១៩។ ជាមួយគ្នានេះ ចំពោះក្មេងៗ ដែល ប្រកួត​មិនដណ្តើមបានជ័យលាភីទទួលបានការលើកទឹកចិត្តជាថវិកាចំនួន៥ម៉ឺនរៀល ក្នុងម្នាក់ៗ ដែលថវិកាឧបត្ថម្ភទទួលបានពីក្រសួងមហាផ្ទៃ ក្រោមការរៀបចំ និងផ្តួចផ្តើមគំនិតពីឯកឧត្តម ជា ប៊ុនហេង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍លើកទី១ ឆ្នាំ២០១៩នេះមានក្រុមកីឡាករ-កីឡាការិនីថ្នាល មកពីក្លិប សមាគម និងសាលាឯកជន ចំនួន៣៦នាក់ ដែលមានអាយុចន្លោះក្រោមអាយុ១៥ឆ្នាំ និងក្រោមអាយុ១៨ឆ្នាំរៀបចំ បច្ចេកទេសដោយសហព័ន្ធវាយកូនឃ្លីលើតុកម្ពុជា ដោយគណៈ កម្មការបច្ចេកទេសសម្រិតបានជ័យលាភីលើ ៤ប្រភេទវិញ្ញាសា៕

ដោយ ហេង ណាលីន