នាវាកងទ័ពជើងទឹកឥណ្ឌាមួយគ្រឿង ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៩ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ០១គ្រឿង បានចូលចតនៅកំពង់ ផែអន្តរជាតិ ក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍ពីនាយនាវី នាយនាវីរង មូលដ្ឋានសមុទ្រនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ។នាវាកងទ័ពជើងទឹកឥណ្ឌាចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈ ពេល ០៥ថ្ងៃ គឺពីចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ នាវានេះជាប្រភេទនាវា ឆ្មាំសមុទ្រមានឈ្មោះ ICGS VIJIT (លេខ 31) បណ្តោយ ៨០ម៉ែត្រ ជម្រៅទឹក ៤,៥០ម៉ែត្រ មានល្បឿន ២៦គីឡូម៉ែត្រក្នុងមួយម៉ោង ជាប្រភេទនាវាបំពាក់ដោយប្រព័ន្ធនាំផ្លូវ បច្ចេកវិទ្យា ស្វ័យប្រវត្តិ និងមានឧទ្ធម្ភាគចក្រ ០១គ្រឿង។ វាមានតួនាទីក្នុងការឆែកឆេរ ជួយសង្គ្រោះគ្រោះ មហន្តរាយ រយ:ចម្ងាយឆ្ងាយ ដឹកនាំដោយលោកមេបញ្ជាការនាវា លោកវរនាវីទោ T ASHISH មាននាវិក ៨០នាក់ និងនាយទាហាន ១៥នាក់ សរុប ៩៥នាក់ ។
លោកវរនាវីទោ T ASHISH មេបញ្ជា ការនាវា មានប្រសាសន៍ថ្លែងអំណរគុណ ដល់នាយនាវីកងទពជើងទឹកកម្ពុជា ដែលបានទទួលស្វាគមន៍នូវដំណើរចូល ចតធ្វើទស្សនកិច្ចរបស់នាវាឥណ្ឌានៅព្រះ រាជាណាចក្រកម្ពុជានាពេលនេះ។ ការចូលចតរបស់នាវាជើងទឹកឥណ្ឌានៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក្នុងគោលបំណង សិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរឥណ្ឌា និងកងទ័ពជើងទឹកកម្ពុជា ពង្រឹងទំនាក់ទំនង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការហ្វឹកហ្វឺនរួមគ្នា ដើម្បីពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសពង្រឹងទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាប្រជាជន នៃប្រទេសទាំងពីរផងដែរ។

លោកវរនាវីទោ T ASHISH មេបញ្ជា ការនាវា បានបញ្ជាក់ថា នេះជាលើកទីមួយ ដែលលោកបានដឹកនាំនាវាមកចូលចតធ្វើទស្សនកិច្ចប្រទេសកម្ពុជា ហើយដំណើរទស្សន កិច្ចរបស់នាវាកង ទ័ពជើងទឹកឥណ្ឌានាពេលនេះ ឆ្លងកាត់ប្រទេសចំនួន០៤ ក្នុងតំបន់អាស៊ី ក្នុងនោះមានដូចជា ប្រទេសឥណ្ឌូណេស៊ី កម្ពុជា វៀតណាម និងប្រទេសម៉ាឡេស៊ី។លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ បានស្វា គមន៍ការ ចូលចតនាវាឥណ្ឌា ដោយគូសបញ្ជាក់ថា ជាមោទនភាពដែលនាវាកង ទ័ពជើងទឹកឥណ្ឌាបាន មកចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសការចូលចតនៅកំពងផែ អន្តរជាតិក្រុងព្រះសីហនុ យើងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលចត របស់នាវាកង ទ័ពជើងទឹកឥណ្ឌា និងនាយនាវីនៅក្នុងទឹកដីខេត្តមាត់សមុទ្រ។ សង្ឃឹមថា ក្រុមនាវិកនាវាកង ទ័ពជើងទឹកឥណ្ឌា និងធ្វើដំណើរកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ពិសេសដំណើរកម្សាន្ត នៅខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាព។
ក្នុងឱកាសស្នាក់នៅប្រទេសកម្ពុជា មេបញ្ជាការនាវា មានគម្រោងចូលជួបសម្តែង ការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ មេបញ្ជាការមូលដ្ឋានសមុទ្រ ទស្សនកិច្ចនៅរាជធានីភ្នំពេញ មានការប្រកួតកីឡាជាលក្ខណៈមិត្តភាពរវាងកង ទ័ពជើងទឹក នៃប្រទេសទាំងពីរនៅមូល ដ្ឋានសមុទ្រ មានបាល់ទះ បាល់ទាត់ និងបើកឱ្យសិស្សានុសិស្ស សមាគមឥណ្ឌាចូលទស្សនាផងដែរ ព្រមទាំងធ្វើលំហាត់រួមគ្នា និងការធ្វើដំណើរចាកចេញ ពីដែនសមុទ្រកម្ពុជា។

សូមរម្លឹកថា កាលពីឆ្នាំ២០១៧ កន្លង មកនាវាកងទ័ពជើងទឹកឥណ្ឌា បានចូលចតនៅ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា មានរយៈពេល ៤ថ្ងៃ ប្រកបដោយសុវត្ថិភាព៕

ដោយ ងូ សុមុនី