ប្រមុខរាជរដ្ឋាភិបាលអំពាវនាវឱ្យថៅកែរោងចក្រ W&D (Cambodia) Co., Ltd.ទទួលយក កម្មករ កម្មការិនី ជាង១០០នាក់ ចូលធ្វើការវិញ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវដល់ថៅកែរោងចក្រ W & D (Cambodia) Co., Ltd. ឱ្យទទួលយកកម្មករ កម្មការិ​នី​ ជាង១០០នាក់ចូលធ្វើការវិញ ក្រោយពីពួកគេចាញ់បោកការញុះញង់របស់មនុស្សមួយចំ​នួ​​ន​ ឱ្យទៅធ្វើបាតុកម្មរហូតដល់ ថៅកែរោងចក្របឈ្ឈប់ពីការងារនាពេលកន្លងមកនោះ។

ក្នុងពីធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)ចំនួន​ជា​ង ១ ២០០នាក់ នាព្រឹក​ថ្ងៃ​​ចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី​២​៥​ ខែមីនា ឆ្នាំ២០១៩នៅវិ​ទ្យា​​ស្ថានជាតិអប់រំ សម្ដេចតេជោមានប្រសាសន៍ថា រឿង​កម្មករ​ធ្វើ​កូ​ដ​កម្ម ដើម្បីសុំបើកប្រាក់អតីតភាពការងារ បានបញ្ចប់ហើយ ប៉ុន្តែរឿងនៅសល់ បន្ទាប់ពីកូ​ដ​ក​ម្ម​ ហើយថៅកែដេញមិនឱ្យធ្វើការ។ ខ្ញុំធ្លាប់​បា​ន​និ​យា​យហើយ ការធ្វើកូដកម្ម​មិនមែនជា​មធ្យោ​​បាយទេ ឯការបណ្ដេញកម្មករក៏មិនមែន​ជាមធ្យោ​បាយ​ដែរ អីចឹង សូមឱ្យមាន​ការយ​ល់​គ្នា​កន្លែ​ង​នេះ ប៉ុន្តែកម្មករកម្មការិនីរបស់យើង​ក៏មិនត្រូវ​ទា​ម​ទារហួសហេតុដែរ។ ដូច្នេះត្រូវរក​វិ​ធី​ស​ម្រប​សម្រួលគ្នាលើបញ្ហានេះ។

សម្ដេចតេជោបន្តថា សម្ដេចក៏បានប្រាប់ទៅលោក អ៊ិត សំ​ហេ​ង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យសម្របសម្រួលជាមួយថៅកែ ដើ​ម្បី​ធ្វើ​យ៉ាងណាឱ្យទទួលយក កម្មករ-កម្មការិនីចូលធ្វើការវិញ។ សម្ដេចតេជោនា​យករដ្ឋមន្ត្រីប​ញ្ជា​ក់​ថា​ “ខ្ញុំអំពាវនាវចំពោះ ម្ចាស់រោងចក្រ សុំឱ្យទទួលយកកម្មករ-កម្មការិនី ដូចជារោងចក្រ W&D សុំ​ឱ្យទទួលយក កម្មករ-កម្មការរិនី ចូលធ្វើការងារវិញ ហើយផ្ដល់ភាពកក់ក្ដៅទាំងសងខាង កុំ​រក​ការប្រឈម មុខដាក់គ្នា។ ចំណុចនេះ បណ្ដាលមកពីកម្មកររបស់យើង អនុវត្តន៍ខុស​ច្បា​ប់​ខ្លួ​ន​ឯង ក្នុងពេលដែលច្បាប់តម្រូវថា ទូទាត់៦ខែម្ដង។ យើងនាំគ្នាដោយការញុះញង់ របស់​មនុ​ស្ស​មួយចំនួន ទៅធ្វើបាតុកម្មទាមទារបើកប្រាក់ផ្ដាច់”។ សម្ដេចតេជោថ្លែងទៀតថា តាមការ​ពិ​ត កម្មករ១០០នាក់ ដែលឡើងមកទាមទារនោះ គឺតំណាងឱ្យកម្មករ ជាង១០០០នាក់​ផ្សេ​ង​ទៀ​ត​ ដើម្បីសុំចូលធ្វើការងារវិញតែប៉ុណ្ណោះ មិនមែនទាមទារប្រាក់នោះទេ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្រុមកម្មករជាង១០០នាក់ បាន​នាំ​គ្នា​ម​ក សុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ដើម្បីបានចូលធ្វើការងារវិញ មិនមែនមកបន្ត សុំប្រាក់​អតី​តភាពការងារទេ ក្រោយពីក្រុមកម្មករចំនួន១៨០០នាក់ ធ្វើការនៅរោងចក្រ W&D ស្ថិតនៅ​ភូមិ​ឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានធ្វើកូដកម្ម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ និង​បានហែញត្តិ យកទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើ​ម្បីសុំកិច្ចអន្តរាគមន៍ បើកប្រាក់អតីតភាពការងារ ឬប្រាក់សោធននិវត្តន៍ មុនឆ្នាំ២០១៩ ឱ្យ​អ​ស់​មុននឹងអនុវត្តន៍ច្បាប់ថ្មី ដែលនឹងត្រូវបើករាល់៦ខែម្ដង៕

ដោយ ជឹម ណារី