រដ្ឋមន្រ្តីក្រសួងកសិកម្មណែនាំដល់មន្រ្ដីក្រោមឱវាទកុំឱ្យប្រើប្រាស់រថយន្តរដ្ឋទៅបម្រើការងារ ខុសគោលដៅ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យមន្រ្តី ក្រោមឱវាទរបស់ខ្លួនកុំឱ្យប្រើប្រាស់រថយន្តរបស់ក្រសួងទៅបម្រើការងារខុសគោលដៅ ក្នុង គោល បំណងដើម្បីបំពេញភារកិច្ចផ្ទាល់ខ្លួន។

ក្នុងសេចក្តីណែនាំ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន បានសង្កត់ធ្ងន់ថា “មិនត្រូវប្រើប្រាស់យានយន្ត ដែលមានស្លាកលេខរដ្ឋក្រៅម៉ោង ដែលខ្លួនត្រូវ​បំពេញការ ងារឡើយ ជាពិសេសកន្លែងសប្បាយគ្រប់ប្រភេទ រួមមានក្លិបកម្សាន្ត កន្លែងខារ៉ាអូខេ កន្លែង ម៉ាស្សាជាដើម”។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា អ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទរបស់ក្រសួង ត្រូវបើកបរប្រកបដោយសេចក្តីថ្លៃថ្នូរ និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់។ ការណែនាំរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មខាងលើនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីធានា ប្រសិទ្ធភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ កិត្យានុភាព និងសេចក្តីថ្លៃថ្នូរបស់ក្រសួង។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងកសិកម្មក៏បានណែនាំឱ្យធ្វើការដកហូតមកវិញ​ទាំងអស់នូវ​ស្លាកលេខយានយន្ត ដែលបានជម្រះចេញពីបញ្ជីសារពើពន្ធទ្រព្យសម្បត្តិរដ្ឋ ឬត្រូវរៀបចំបែប​បទប្រគល់ជូនស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រងវិញផងដែរ៕

ដោយ ចាន់ សុធីវង្ស