អនុប្រធានទី២ នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូចេញទៅបំពេញ ទស្សនកិច្ចនៅប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ — តបតាមការអញ្ជើញរបស់លោកជំទាវ តុង ធិហ្វុង (Tong Thi Phong) អនុប្រធាន រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ គណៈប្រតិ​ភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោ​យលោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា​ បា​ន​ចាកចេញពីមាតុប្រទេសដើម្បីទៅបំពេញទស្សនកិច្ច ជាផ្លូវការ និងមិត្តភាពនៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គ​មនិយមវៀតណាម​ រយៈពេល ៥ថ្ងៃ​ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រី​កចំណង មិត្តភាព សាមគ្គី ភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសរវាងរដ្ឋសភាប្រទេសទាំង ពីរឱ្យ កាន់តែរឹងមាំថែមទៀត។ នៅក្នុងកំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភា កម្ពុជាគ្រោងនឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ហើយក៏មានជំនួបទ្វេភាគី រវាងរដ្ឋសភាប្រទេសទាំងពីរ​ ដែលមានដូចជា គ្រោងជួបសម្តែងការគួរសមជាមួយ លោកជំទាវ ង្វៀន ធិគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ តុង ធិហ្វុង (Tong Thi Phong) អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ជាមួយគ្នានេះ នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តម ឈាង វុន ប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ង្វៀន វ៉ាន់ហ្សូវ (Nguyen Van Giau) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាវៀតណាម។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា គ្រោងជួបពិភាក្សាការងារ ទ្វេភាគីជាមួយ ឯកឧត្តម ង្វៀន ហាញ់ហ្វុក អគ្គលេខាធិការ និងជាប្រធានខុទ្ទកាល័យ រដ្ឋសភាវៀតណាមផងដែរ។ ក្រៅពីនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃ ព្រះរាជាណាចក្រ កម្ពុជា ក៏នឹងអញ្ជើញទៅទស្សនាតំបន់កសិឧស្សាហកម្ម VinEco Farm ខេត្ត Ha Nam និងទស្សនាតំបន់ប្រវត្តិសាស្រ្ត នៅខេត្តនិនប៊ិញ(Ninh Binh) ផងដែរ។ គណៈប្រតិភូនឹងធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញនៅថ្ងៃទី២៥ ខែមីនា​ ឆ្នាំ២០១៩នោះ៕

ដោយ ប៉ាល់ សុង