រដ្ឋមន្រ្តីក្រសួងសុខាភិបាលណែនាំឱ្យអាណាព្យាបាលប្រុងប្រយ័ត្នចំពោះជម្ងឺពងបែកដៃ ជើង និងមាត់ នៅរដូវក្តៅនេះ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ — រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់អាណាព្យាបាលជាពិសេសអ្នកដែល មាន​កូនក្រោមអាយុ៥ឆ្នាំ បង្កើនការប្រុងប្រយ័ត្នចំពោះជំងឺពងបែកដៃ ជើង និងមាត់ លើ កូនរបស់ ខ្លួន បន្ទាប់ពីជំងឺប្រភេទនេះ ត្រូវបានឃើញថា មានការកើតឡើងច្រើនក្នុង​អំឡុងពេលនៃការ កើនឡើងកម្តៅនេះ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ថា “គ្រប់ៗគ្នា ត្រូវតែមានការប្រុងប្រយ័ត្ន ខ្ពស់ចំពោះជំងឺពងបែកដៃ ជើង និងមាត់ នៅពេលដែលអាកាសធាតុក្តៅ ឡើងក្តៅខ្លាំងនេះ”។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ដើម្បីចៀសវាងកុំឱ្យកើតមានជំងឺនេះលើកូនរបស់លោកអ្នកនោះ គឺត្រូវធ្វើអនាម័យឱ្យបានល្អ តាមរយៈការឧស្សាហ៍លាងដៃជាមួយសាប៊ូ និងទឹកឱ្យបានជា ញឹកញប់ ទាំងកុមារ និងអ្នកថៃទាំកុមារ។ ម្យ៉ាងវិញទៀត ក្នុងពេលដែលកុមារ ឬទារកមាន​សញ្ញា គ្រោះថ្នាក់ដូចជា សន្លឹម ប្រកាច់ ឬកន្រ្ទាក់ដៃជើង ឬរោគ សញ្ញាផ្លូវដង្ហើម(ហត់) ត្រូវ​ប្រញ៉ាប់បញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតបំផុត។ ការអំពាវនាវរបស់រដ្ឋមន្រ្តីក្រសួង​សុខាភិ​បាលនេះ គឺធ្វើឡើងបន្ទាប់ពីស្ថាប័នជាតិមួយនេះ បានរកឃើញការកើនឡើង​នៃករណីជំងឺ​ពងបែកដៃ ជើង និងមាត់ នៅលើកុមារដែលមានអាយុក្រោម៥ឆ្នាំ និងករណីខ្លះមានសភាព​ធ្ងន់ធ្ងរដែលតម្រូវសម្រាកនៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ នៅក្នុងអំឡុងពេលនៃការកើន​កំដៅនេះ។ បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា ជាកម្រជំងឺនេះ អាចបង្កឱ្យ​មានផលវិបាកធ្ងន់ធ្ងរមួយចំនួន រួមមាន៖ រោគសញ្ញាប្រព័ន្ធប្រសាទ (សន្លឹម ប្រកាច់ ឬកន្រ្ទាក់ដៃជើង) និងរោគសញ្ញាផ្លូវដង្ហើម(ហត់)។

សូមជម្រាបថា ជំងឺពងបែកដៃ ជើង និងមាត់នេះ គឺជាជំងឺឆ្លងមួយប្រភេទកើតឡើង ញឹកញាប់ ចំពោះទារក និងកុមារ។ ជំងឺនេះវាបង្កឱ្យមានរោគសញ្ញាដូចជា គ្រុនក្តៅ មានដំបៅ​ឈឺក្នុងមាត់ និងមានកន្ទួល លើបាតដៃ និងកំប៉េះគូថ។ ជំងឺនេះ ឆ្លងពីមនុស្សម្នាក់ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងវត្ថុរាវ នៃផ្លូវដង្ហើម(ទឹកមាត់ កំហាក និង​សំបោរ) ទឹករងៃ ដែលចេញពីពងបែក លាមក នៃអ្នកជំងឺ ហើយវាអាចចម្លង ខ្លាំងបំផុតក្នុង​សប្តាហ៍ទីមួយ៕

ដោយ ចាន់ សុធីវង្ស