រដ្ឋមន្រ្ដីក្រសួងព័ត៌មានចាត់ទុកបណ្ណាល័យគឺប្រព័ន្ធបង្កើននូវចំណេះដឹង និងការសិក្សាស្រាវ ជ្រាវបន្ថែម ក្រៅពីការសិក្សានៅក្នុងសាលារបស់សិស្សានុសិស្ស

AKP កណ្ដាល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានចាត់ទុកបណ្ណាល័យគឺជាប្រព័ន្ធបង្កើននូវចំណេះដឹង និងការសិក្សា ស្រាវជ្រាវមេរៀនបន្ថែម ក្រៅពីការសិក្សានៅក្នុងសាលារៀន របស់សិស្សានុសិស្ស ដើម្បី បង្កើននូវការអានឱ្យបានកាន់តែច្រើនថែមទៀត។ ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់បណ្ណាល័យ ១ ខ្នងជាផ្លូវការ កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក្នុងឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្តាល ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដី​ក្រសួងព័ត៌មានបានសម្ដែងនូវការសរសើរ និងរីករាយចំពោះគនិតដ៏ល្អ របស់ព្រះតេជគុណ  ហ៊ុយ ជោតមុនី ដែលបានរួមគ្នា ក្នុងការរៀបចំកសាងនូវបណ្ណាល័យនេះឡើង ដែលមានសារៈ​សំខាន់សម្រាប់ឱ្យក្មូយៗ សិស្សានុសិស្ស បានមកសិក្សាស្រាវជ្រាវ រៀនសូត្របន្ថែមទៀត ក្រៅតែពីរៀននៅសាលា។ ឯកឧត្តមបានបញ្ជាក់ថា ព្រោះថាការរៀនតែនៅសាលា មិនគ្រប់​នោះទេត្រូវប្រឹងប្រែងរៀនសូត្របន្ថែមដោយខ្លួនឯង តាមរយៈការអានសៀវភៅ ឱ្យបានច្រើន ដែលមាននៅតាមកន្លែងផ្សេងៗ ពិសេសនៅក្នុងបណ្ណាល័យតែម្តង។ ឯកឧត្តមបានលើក​ឡើងកថា ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានយក ចិត្ត​ទុកដាក់ក្នុងបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះ ដឹងខ្ពង់ខ្ពស់ ដើម្បីធ្វើការ អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ដែលខុសពីកាលពីជាង៣៥ ឆ្នាំមុន គឺការកសាង ប្រទេស សំខាន់ដំបូងគឺការកសាងផ្លូវ ទឹក ភ្លើង ហើយធនមនុស្ស ចុងក្រោយគេ។ ឯកឧត្តម​រដ្ឋមន្រ្ដីបានអះអាងថា ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះវិញ ធនធានមនុស្ស គឺសំខាន់បំផុត ដោយ​ក្នុង​នោះ ធ្វើការបណ្តុះបណ្តាលចំណេះវិជ្ជា នៅក្នុងសាលារៀន និងខាងក្រៅសាលាគឺប្រព័ន្ធ បង្កើននូវចំណេះដឹងបន្ថែម រួមមាន បណ្ណាល័យ និងទីកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែម ព្រោះ​ចំណេះដឹងវាមានច្រើន។

ឯកឧត្តមរដ្ឋមន្រ្ដីក៏បានលើកឡើងអំពីការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្នុងកម្មករ និយោជិត និងមន្ត្រីរាជការ ក៏មានប្រាក់ខែច្រើន ជាពិសេសប្រមុខរាជរដ្ឋាភិបាល បាន បង្កើតជា បេឡាជាតិរបបសន្តិសុខ សង្គម(ប.ស.ស) ដែលជាគោលនយោបាយមួយដ៏សំខាន់ ក្នុងការជួយចេញថ្លៃពិនិត្យ ព្យាបាលជំងឺ ដោយឥតគិតថ្លៃ នៅតាមបន្ទីរពេទ្យរដ្ឋ និងឯកជន ដែលបានសហការជាមួយ ប.ស.ស។ ​ឯកឧត្ដមបានបន្ថែមថា កិច្ចការដ៏សំខាន់នេះ មិនធ្វើឱ្យ​មន្ត្រីរាជការ និងកម្មករ កម្មការិនី តាមបណ្តា រោងចក្រ សហគ្រាស មិនមានការព្រួយបារម្មណ៍ គ្មានលុយទៅព្យាបាលជំងឺនៅតាមមន្ទីរពេទ្យទៀត ព្រោះរាជរដ្ឋាភិបាលបានចេញថ្លៃឱ្យ តាម​រយៈ បេឡាជាតិរបបសន្ដិសុខសង្គមនេះ។

តាមការបញ្ជាក់របស់ ភិក្ខុចិត្តសំវរោ ហ៊ុយ ជោតមុនី ប្រធានអង្គការអប់រំ បណ្តុះ បណ្តាលវិជា្ជជីវៈ ក្មេងកំព្រា និងជនអនាថា បានមានសង្ឍដីការគួសបញ្ជាក់ថា ការកសាង អគារណ្ណាល័យនេះឡើង គឺចង់ឱ្យកុមារកំព្រាក្រីក្រ មានការសិក្សារៀនសូត្រ អប់រំបណ្តុះ​បណ្តាលវិជ្ជាជីវៈ ហើយមានភាពរស់នៅសមរម្យ ប្រកបដោយភាពកក់ក្តៅ និងសេចក្តីថ្លៃថ្នូរ​ក្នុងសង្គម។ ព្រះតេជគុណក៏បានបញ្ជាក់ពីការបង្កើតជាអង្គការអប់រំបណ្តុះបណ្តាលវិជា្ជជីវៈ ក្មេងកំព្រា និងជនអនាថានេះឡើង តាំងពីកំឡុងឆ្នាំ ២០១៦ ក្នុងគោលដៅ ចុះជួយអប់រំ ដើម្បី អភិវឌ្ឍន៍សមត្ថភាព និងភាពប៉ិនប្រសព្វ ក្នុងការដោះស្រាយរាល់បញ្ហា ដែលកើតមានក្នុង គ្រួសារ ធ្វើឱ្យពួកគាត់មានចំណេះដឹង ជំនាញវិជ្ជាជីវៈមួយសមរម្យ និងសុខដុមរមនា ក្នុងគ្រួសារ ជាពិសេសជំរុញលើកទឹកចិត្ត ឱ្យកុមារកំព្រាក្រីក្រ បានចូលរៀនគ្រប់ៗគ្នា៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា