រាជរដ្ឋាភិបាលបំពាក់មេដាយការងារជូនកងកម្លាំងមួកខៀវ ចំនួន១៨៤នាក់ ក្រោយបញ្ចប់ បេសកកម្ម អង្គការសហប្រជាជាតិនៅប្រទេសលីបង់

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ — រាជរដ្ឋាភិបាលកម្ពុជា បានបំពាក់មេដាយការងារជូនដល់កងកម្លាំងមួកខៀវកម្ពុជា ចំនួន១៨៤​នាក់ ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ ដែលបានបញ្ចប់ បេសកកម្ម កាលពីចុងខែមករា ឆ្នាំ២០១៩កន្លងមកនេះ។ក្នុងពិធីបំពាក់មេដាយការងារ ជូនកងកម្លាំងរក្សា សន្តិភាពរបស់កម្ពុជាកាលពីនៅថ្ងៃទី​២១ ខែមីនា  ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា រាជរដ្ឋាភិបាលបំពាក់មេដាយជូនដល់កង កម្លាំងមួកខៀវនេះ ដោយសារពួកគេមានស្នាដៃដ៏ធំធេងនៅលើឆាកអន្តរជាតិ  លើផ្នែកវិស្វកម្ម និងបោស សម្អាតមីន ក្នុងក្របខ័ណ្ឌ របស់អង្គការសហប្រជាជាតិ។ សម្តេចពិជ័យសេនាបាន បញ្ជាក់ថា ក្នុងរយៈពេលជាង១២ឆ្នាំកន្លងទៅនេះ កងកម្លាំងកម្ពុជា ដែលធ្លាប់ពាក់ស្លាក សញ្ញារបស់អង្គការសហប្រជាជាតិនៅលើឯកសណ្ឋាន បានក្លាយជាគ្រួសារមួយរបស់អង្គការ សហប្រជាជាតិ និងជាបងប្អូននៅលើសកលលោក។ សម្ដេចពិជ័យសេនាបានបន្ថែមថា ក្នុងពេលបំពេញបេសកកម្មម្តងៗ កងកម្លាំងមួកខៀវកម្ពុជាតែងតែបានចែករំលែកនូវជំនាញ និងបទពិសោធន៍ល្អៗ ជាមួយបណ្តាប្រទេស   ដែលរងគ្រោះដោយសារជម្លោះ និង អស្ថិរ​ភាព ដើម្បីជួយរំលែកទុក្ខ និងសង្គ្រោះអាយុជីវិតមនុស្សដ៏ច្រើន។

លោកជំទាវ ប៉ូលីន តាម៉េស៊ីស(Paulin Tamesis) អ្នកសម្របសម្រួលអង្គការសហ ប្រជាជាតិប្រចាំកម្ពុជា  បានលើកឡើងថា ប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺបានធ្វើនៅតាមកន្លែងជាច្រើន ដោយមានកងរក្សាសន្តិភាពធ្វើការចល័ត នៅកន្លែងដែល​ប្រឈមនឹងហានិភ័យ ជួបនឹងជម្លោះហិង្សា និងជម្លោះប្រដាប់អាវុធ ហើយពេលខ្លះកងរក្សា​សន្តិភាព ត្រូវប្រឈមនឹងហានិភ័យផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ ក៏កម្លាំងរក្សាសន្តិភាព នៅតែ​បន្ដ​ជួយសហគមន៍ឱ្យមានភាពនឹងនរ ផ្តល់ការការពារដល់ជនស៊ីវិល លើកកម្ពស់ច្បាប់នីតិរដ្ឋ និងជំរុញសិទ្ធិមនុស្សដើម្បីបុព្វហេតុក្នុងការបង្កើតសន្តិភាព និងសកម្មភាពផ្នែកមនុស្សធម៌។ លោកជំទាវបន្ដថា ការតាំងចិត្តរបស់កងកម្លាំងមួកខៀវកម្ពុជា ក្នុងការការពារ និងជួយដល់ ប្រជាជនដែលមានតម្រូវការ និងរងគ្រោះដោយជម្លោះផ្ទៃក្នុងប្រទេស។ ជាមួយគ្នានេះ កងទ័ពមួកខៀវ ត្រូវផ្តល់ការការពារដល់ ជនភៀសខ្លួនរាប់លានអ្នក និងគាំទ្រដល់ការសង្គ្រោះ​អាយុជីវិតតាមរយៈការផ្តល់ជំនួយមនុស្សធម៌ ដែលកម្ពុជាបានធ្វើក្នុងបេសកកម្ម ដូចជាការ​ងារកសាងផ្លូវ ស្ពាន និងបោសសម្អាតមីន។ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី  អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព  បានឱ្យ​ដឹង​ដែរថា កងកម្លាំងវិស្វកម្មពហុជំនាញ១៨៤នាក់ ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅ​ប្រទេសលីបង់ គឺបានធ្វើមាតុភូមិនិវត្តន៍ កាលពីចុងខែមករា ឆ្នាំ២០១៩កន្លងទៅ  ហើយកម្លាំង នេះបានបំពេញការងាររយៈពេល១ឆ្នាំ លើផ្នែកវិស្វកម្ម និងការងារបោសសម្អាតមីន។ ឯកឧត្តមបញ្ជាក់ថា បេសកកម្មនៅសាធារណរដ្ឋលីបង់ ជាឆ្នាំទី០៩ ដែលបាន ចូលរួមអនុវត្តន៍​បំពេញភារកិច្ចប្រកបដោយផ្លែផ្កា ទទួលបានជោគជ័យ ហើយកងកម្លាំងទាំងនេះគឺបានឈរ ជើងនៅភាគខាងកើត ក្នុងក្រុង ម៉ាចាយ័ន (MARJAYOUN) នៃសាធារណរដ្ឋលីបង់ ដោយ​បាន​ចូលរួមបំពេញភារកិច្ច បោសសម្អាតមីន បម្រើឱ្យការសាងសង់ និងជួសជុលបង្គោល ព្រំដែន សន្តិភាព (Blue Barrel) សាងសង់មន្ទីរពេទ្យ សាងសង់សំណង់ប៉ុស្តិ៍ប៉ម ថ្នល់ របាំង​ការពារគ្រាប់ និងសំណង់ផ្សេងៗទៀត ជូនដល់កងទ័ពមួកខៀវ មកពីបណ្តាប្រទេសមួយចំនួន ប្រចាំនៅតំបន់បេសកកម្ម ស្ថិតនៅតាមព្រំដែន រវាងប្រទេស លីបង់ ប្រទេសស៊ីរី និងប្រទេស អ៊ីស្រាអែល។

សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ   កម្ពុជាបានបញ្ជូនកម្លាំងសរុបចំនួន ៥.៩៦៩​នាក់ ក្នុងនោះ មាននារីចំនួន២៩០នាក់ ក្នុងប្រទេសចំនួន៨ នៅទ្វីបអាហ្វ្រិក និង​មជ្ឈិមបូព៌ា លើជំនាញបោសសម្អាតមីន វិស្វកម្មសំណង់ផ្តេក-បញ្ឈរ តម្រួតសណ្តាប់ធ្នាប់ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ   និងកម្ទេចគ្រាប់មិនទាន់ផ្ទុះ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ឯល វឌ្ឍនៈ