គណៈប្រតិភូអនុប្រធានសមាគមមិត្តភាពមជ្ឈិមវៀតណាម-កម្ពុជា វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០១៩ — ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៩ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ត្រិញ វិញផា (Trinh Vinh Pha) អនុប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការទំនាក់ទំនងអតីតជំនាញការវៀតណាម និងជា អនុប្រធានសមាគមមិត្តភាពមជ្ឈិមវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមាន ព្រឹទ្ធសភា ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា​។

នៅក្នុងជំនួបនោះ លោកវរសេនីយ៍ឯក ត្រិញ វិញផា បានថ្លែងអំណរគុណចំពោះ លោកប្រធានស្តីទីព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបសវនាការជាមួយ នឹងគណៈប្រតិភូនាឱកាសនេះ។ លោកបានមានប្រសាសន៍ថា គណៈប្រតិភូ វៀតណាមដែលមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺសុទ្ធតែជាតំណាងឱ្យ អតីតកង ទ័ពស្ម័គ្រចិត្ត និងសាច់​ញាតិរបស់អតីតកងទ័ពវៀតណាម ដែលចូលរួមប្រយុទ្ធរំដោះ ប្រទេសកម្ពុជា។

លោកវរសេនីយ៍ឯក បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាង ឆាប់រហ័ស របស់ប្រទេសកម្ពុជា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋភិបាល ដែលបានធ្វើឱ្យប្រជាជនកម្ពុជាបានរស់នៅប្រកបដោយសុខសន្តិភាព និងអនុវត្តន៍ សិទ្ធិសេរីភាពពេញលេញ។ ក្នុងនាមប្រជាជន និងកងព័ទស្ម័គ្រចិត្តវៀតណាម លោកបានជូនពរ សូមឱ្យប្រជាជនកម្ពុជា សម្រេចបាននូវការអភិវឌ្ឍធំធេងជាងនេះទៅទៀត និងជូនពរឱ្យ ចំណងមិត្តភាព សាមគ្គីភាពរវាងវៀតណាម និងកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃកាន់ តែរីកចម្រើនឥតឈប់ឈរ។

ជាមួយនេះឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ក្នុងនាមព្រឹទ្ធសភា បានស្វាគមន៍ និងបានចាត់ទុកដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបានរម្លឹកឡើងវិញនូវអនុស្សាវរីយ៍ ដែលធ្លាប់បានបំពេញការងារនៅប្រទេសកម្ពុជានោះទេ ថែមទាំងបានរួមចំណែក ដ៏ធំធេងក្នុងការពង្រឹងពង្រីកនូវចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយស្ថិរភាពយូរអង្វែងរវាងប្រជាជន និងប្រទេសទាំងពីរ។

ឯកឧត្តមប្រធានព្រឹទ្ធសភាស្តីទីបានបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូនាពេលនេះ គឺចំពេលដែលសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ បានប្រារព្ធ ខួបលើកទី២០ នៃការដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ និងខួបលើកទី៤០ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ប្រកបដោយជោគជ័យនាពេលកន្លងទៅថ្មីៗនេះ។ ក្នុងនាមព្រឹទ្ធសភា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់បណ្តាសមមិត្តអតីតអ្នកជំនាញការ អតីតកងទ័ពស្ម័គ្រចិត្ត និងសាច់ញាតិអតីតយុទ្ធជនពលីវៀតណាម ដែលបានពលិកម្ម សាច់ស្រស់ ឈាមស្រស់ តស៊ូប្រយុទ្ធក្នុងសមរភូមិយ៉ាងអង់អាចក្លាហាន ប្រកៀកស្មាយ៉ាង ស្អិតល្មួតជាមួយនឹងកងទ័ពបដិវត្តន៍កម្ពុជា ដើម្បីរំដោះប្រទេសកម្ពុជាឱ្យរួចផុត ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃ៧មករា ឆ្នាំ១៩៧៩។

ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រយ៉ាងធំធេង ដល់ប្រជាជនកម្ពុជានៅក្នុងអតីតកាល ក៏ដូចជាក្នុងពេលបច្ចុប្បន្ន។ ប្រជាជនកម្ពុជានៅតែ ចងចាំជានិច្ចចំពោះជំនួយឧបត្ថម្ភ ដែលមិនអាចកាត់ថ្លៃបាន និងការគាំទ្ររបស់វៀតណាម សម្រាប់ការតស៊ូរបស់ប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរ ក្រហមនាឆ្នាំ១៩៧៩ និងការរួមចំណែកដល់ការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ។

ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានលើកទឹកចិត្តដល់សមាគមមិត្តភាព នៃប្រទេស ទាំងពីរ បន្តផ្លាស់ប្តូរគណៈប្រតិភូទស្សនកិច្ចទៅវិញទៅមកឱ្យបានទៀងទាត់ ដើម្បីរក្សាបាន នូវទំនាក់ទំនងល្អ ក្នុងការលើកកម្ពស់ការយល់ដឹង និងការអប់រំស្តីពី មិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ៕

ដោយ ប៉ាល់ សុង