រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គាំទ្រគម្រោងវិនិយោគក្រុមហ៊ុនចិន 4PX Express លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៩ — រដ្ឋមន្ត្រីពាណិជ្ជកម្ម បានប្រកាសស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគ របស់ក្រុមហ៊ុន Shenzhen 4PX Express ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba Cainiao Logistics Group ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឆ្លងកាត់ព្រំដែននៅក្នុងប្រទេសកម្ពុជា និងបង្កើតកាលានុវត្តភាពធុរកិច្ច សម្រាប់សហគ្រាស ធុនតូច និងមធ្យម ដើម្បីពង្រីកការនាំចេញ។ ការប្រកាសរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ បានធ្វើ​ឡើងនៅក្នុងជំនួបជាមួយប្រតិភូក្រុមហ៊ុន Shenzhen 4PX Express ដឹកនាំដោយស្ថាបនិក និង​ជានាយកប្រតិបត្តិ លោក KEVIN Yue Li និងមានការចូលរួមពីលោក Nick Beresford តំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានជំរុញឱ្យក្រុមហ៊ុន Shenzhen 4PX Express ធ្វើការបោះទីតាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ (ការបណ្តុះ​បណ្តាលធនធានមនុស្ស និងផ្ទេរចំណេះដឹង) សម្រាប់គាំទ្រប្រតិបត្តិការ E-Commerce និងការ​អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិ​បាល។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើក្រុមហ៊ុន Shenzhen 4PX Express ពិចារណាចាប់ដៃគូ ជាមួយ​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជំរុញវត្តមានផលិតផលខ្មែរ ដូចជា ទំនិញ​​កសិកម្ម គ្រឿងចម្លាក់ពីដៃ វត្ថុអនុស្សាវរីយ៍ ផ្លែឈើស្រស់ និងម្ហូបអាហារ នៅលើទីផ្សារ អនឡាញ ជាពិសេស Alibaba ដែលជាគេហទំព័របោះដុំទំនិញធំបំផុត នៅក្នុងប្រទេសចិន និងលើពិភពលោក។ បន្ថែមលើនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមហ៊ុន Shenzhen 4PX Express អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញវិស័យ E-Commerce តាមរយៈការពន្លឿនច្បាប់ស្តីពី E-Commerce និងយុទ្ធសាស្ត្រវិស័យនេះ ការ កសាងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវប្បធម៌កម្ពុជា នៅតាមទីក្រុងធំៗក្នុងប្រទេសចិន និងការ ធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ជំនាន់ទី៤ ជាដើម។

លោក KEVIN Yue Li បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែក នូវព័ត៌មានសំខាន់ៗ ទាក់ទងស្ថានភាពវិស័យE-Commerce នៅក្នុងប្រទេសកម្ពុជា។ ស្ថាបនិក ក្រុមហ៊ុន Shenzhen 4PX Express រូបនេះ បានប្តេជ្ញាចូលរួមអភិវឌ្ឍន៍វិស័យ E-Commerce ជាមួយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចាប់ដៃគូ ជាមួយអង្គការ UNDP និងក្រុមហ៊ុនក្នុងស្រុក ព្រមទាំងការកសាងស្ថានីយមួយ ដែលសហគ្រាសធុនតូច និង​មធ្យម អាចទម្លាក់ផលិតផលរបស់ខ្លួន ដើម្បីក្រុមហ៊ុនលក់ និងចែកចាយទៅ​កាន់ទីផ្សារក្នុង តំបន់ និងពិភពលោក៕

ដោយ ម៉ៅ ចរិយា