អភិបាលខេត្តសៀមរាប ជំរុញឱ្យមន្ត្រីបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរួមគ្នាការពារព្រៃឈើ និងអភិរក្សព្រៃឈើនៅតំបន់ភ្នំគូលែនឱ្យបានល្អ

AKP សៀមរាប ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងនៅក្នុងពិធីកាត់ឫសសីមា ព្រះវិហារវត្តព្រះក្រាល ស្ថិតនៅភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប កាពី ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះថា ព្រៃឈើមានតួនាទីសំខាន់ក្នុង ការជួយថែរក្សា ប្រព័ន្ធអេកូឡូស៊ី ជួយកាត់បន្ថយនៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័ន កាបូនិចពីបរិយាកាស។

លើសពីនេះ ព្រៃឈើជួយគាំពារ ការពារទី ជម្រាល ទប់ស្កាត់ការហូច្រោះដីជាដើម។ ​ព្រៃឈើ​នៅ​លើខ្នងភ្នំគូលែននេះ គឺមាន​សារៈសំខាន់ណាស់សម្រាប់​ខេត្តសៀមរាប​ ព្រោះជាកន្លែងប្រភពទឹកហូរមកស្រោច ស្រពដំណាំកសិកម្ម សម្រាប់ប្រជាពលរដ្ឋប្រើ​ប្រាស់ប្រចាំថ្ងៃ និង​សម្រាប់ទ្រទ្រង់គ្រឹះ ប្រាសាទបុរាណនានានៅ​ក្នុង​រមណីយដ្ឋានអង្គរ។

ឯក​ឧត្តម ទៀ សីហា បានបញ្ជាក់ថា តំបន់ភ្នំគូលែននេះជាកន្លែងទីក្រុងបុរាណ មួយតាំងពីមុនសម័យអង្គរ ដែលសម្បូរ និងពោរពេញទៅដោយសត្វព្រៃ និងព្រៃឈើ ប៉ុន្ដែ រយៈពេល១០ឆ្នាំចុងក្រោយនេះ បានបាត់បង់ព្រៃឈើយ៉ាងខ្លាំង ដោយសារក្រុមឈ្មួញ នឹងមន្ដ្រីសមត្ថកិច្ចពាក់ព័ន្ធ បានឃុបឃិតគ្នាបំផ្លាញ និងពលរដ្ឋមួយចំនួន បានកាប់ឆ្ការ ព្រៃទន្ទ្រានយកដី ដើម្បីប្រយោជន៍ផ្សេងៗ។

ឯក​ឧត្តម​អភិបាលខេត្តបាន​ជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជា ពលរដ្ឋត្រូវខិតខំប្រឹងប្រែងគ្រប់គ្រង និងពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹង ធ្វើយ៉ាងណារួម គ្នាការពារព្រៃឈើ និងអភិរក្សព្រៃឈើនៅតំបន់ភ្នំគូលេននេះឱ្យបាន។ ព្រោះថាបើបាត់បង់ព្រៃ ឈើនៅភ្នំគូលែននេះ និងធ្វើឱ្យប៉ះពាល់មនុស្ស ប្រាសាទបុរាណ និងសត្វជាច្រើន។

សូមបញ្ជាក់ថា ឧទ្យានជាតិភ្នំគូលែន ជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏មានសក្តានុពល បាន និងកំពុងស្រូបទាញអ្នកទេសចរជាតិ និងអន្តរជាតិពីគ្រប់ទិសទី និងជាបុរាណដ្ឋាន ដ៏ស័ក្តិសិទ្ធិដែលប្រជាពលរដ្ឋ និងអ្នកទេសចរគោរពបូជាទៅតាមជំនឿរបស់ពួកគាត់រៀងៗខ្លួន ដើម្បីរក្សាបាននូវលំនឹងបរិស្ថាន និងបង្កើនសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់នេះដែលអាស្រ័យផលតាមរយៈការលក់ដូរចំណីអាហារ វត្ថុអនុស្សាវរីយ៍ជាដើម៕

ដោយ ឃុត សៅ