រដ្ឋមន្រ្ដីក្រសួងសាធារណការ៖ រាល់ការស្នើសុំសេវាពាក់ព័ន្ធនឹងការធ្វើស្លាកលេខ ប័ណ្ណ សម្គាល់​យានយន្ដ ត្រូវមានអត្ដសញ្ញាណប័ណ្ណគំរូថ្មី

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា រាល់អ្នកស្នើសុំសេវាទាំង​អស់ ពាក់ព័ន្ធនឹងការធ្វើស្លាកលេខ ប័ណ្ណសម្គាល់យានយន្ដ ឬប័ណ្ណ​បើកបរ ត្រូវយកអត្ដសញ្ញាណ ប័ណ្ណគំរូថ្មីមកទើបមន្រ្ដីជំនាញធ្វើជូន បើមិនមានទេ នឹងមិនធ្វើ​ជូនឡើយ។ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩ កាលពីថ្ងៃទី២០ ខែមីនានេះ នៅទីស្ដីការក្រសួងសាធារណការឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការតម្រូវឱ្យមានអត្ដសញ្ញាប័ណ្ណគំរូថ្មី ដើម្បីធ្វើស្លាកលេខ ប័ណ្ណសម្គាល់យានយន្ដ ឬប័ណ្ណ​បើកបរនេះ ដោយសារតែមានការស្នើសុំពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការពិនិត្យលើ​ការផ្ដល់សេវានេះឱ្យបានត្រឹមត្រូវ។ ឯកឧត្ដមបានបញ្ជាក់ថា ក្រសួងនឹងពិនិត្យឡើងវិញ ដើម្បី​ណែនាំដល់អ្នកមកសុំសេវា ត្រូវមានអត្ដសញ្ញាណប័ណ្ណគំរូថ្មី សម្រាប់បញ្ជាក់អំពីអត្ដសញ្ញាណ​របស់អ្នកស្នើសុំឱ្យបានច្បាស់លាស់ក្នុងការសម្គាល់ម្ចាស់យានយន្ដ។ ឯកឧត្តមបានបន្ដថា ដើម្បី​ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ ទាំង​វិស័យឯកជន និងរដ្ឋ ត្រូវដាក់ចេញនូវវិធាន​ការដោយស្ថាប័នរៀងៗខ្លួន ហើយចាប់ពីខែ មេសា ឆ្នាំ២០១៩ខាងមុខតទៅ គ្រប់រោងចក្រ សហគ្រាសទាំងអស់ ត្រូវចាប់ផ្ដើមរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ដល់កម្មករ និយោជិតរបស់ខ្លួន ដើម្បីបង្កើនការយល់ដឹង ឱ្យបានកាន់តែទូលំទូលាយថែមទៀតអំពីច្បាប់ ចរាចរណ៍ផ្លូវគោក។ ជាមួយគ្នានេះ ក្រសួងសាធារណការ​ក៏បានសហការក្នុងការតភ្ជាប់ប្រព័ន្ធ ចុះបញ្ជីតាមប្រព័ន្ធអនឡាញជាមួយអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ដើម្បី ផ្ដល់ភាពងាយស្រួល លឿន ឆាប់រហ័ស​ក្នុងការស្រាវជ្រាវ និងស្វែងរកអត្ដសញ្ញាណរបស់ ម្ចាស់យានយន្ដ ខណៈមានការសង្ស័យ ឬបញ្ហាណាមួយកើតឡើង។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុ ប្រធានអចិន្រ្ដៃយ៍អនុគណៈកម្មការទី២នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ការស្នើសុំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យពិនិត្យឡើងវិញនូវរាល់ ការផ្ដល់សេវាសាធារណៈទាំងអស់ពាក់ព័ន្ធនឹងវិស័យសាធារណការនេះ គឺដោយសារកាលពី ឆ្នាំ២០១៨កន្លងមកនេះ សមត្ថកិច្ចនគរបាលបានធ្វើការចាប់ពិន័យយានយន្ដ បើកបរលើស​ល្បឿនកំណត់នៅតាមដងផ្លូវ និងបទល្មើសចរាចរណ៍ គឺផ្អែកទៅលើទិន្នន័យរបស់យានយន្ដ ដែលល្មើសទាំងអស់នេះ ហើយតម្រូវឱ្យម្ចាស់មកបង់ពិន័យនៅការិយាល័យស្នាក់ការ​នគរ​បាល។

ឯកឧត្តម នាយឧត្ដមសេនីយ៍បានអះអាងថា ការឃាត់ទុករថយន្ដល្មើសទាំងនេះគឺ មាន​ចំនួនជាង៧.០០០គ្រឿង ក្នុងនោះ សមត្ថកិច្ចរកមិនឃើញម្ចាស់ជាង២.០០០គ្រឿង ដោយ​សារតែម្ចាស់យានយន្ដប្រើប្រាស់ឯកសារមិនត្រឹមត្រូវក្នុងការធ្វើស្លាកលេខ ឬប័ណ្ណសម្គាល់​យានយន្ដ។ ឯកឧត្តម នាយឧត្ដមសេនីយ៍បានបន្ថែមថា ដូច្នេះ ក្រសួងសាធារណការ ត្រូវតែ​ពិនិត្យឡើងវិញ និងកំណត់យកអត្ដសញ្ញាណប័ណ្ណ​គំរូថ្មីពីអ្នកសុំសេវា ដោយឈប់យកលិខិត​បញ្ជាក់ ឬប្រភេទលិខិតផ្សេងៗទៀត ដើម្បីចៀសវាង និងផ្ដល់ការលំបាកក្នុងការស្រាវជ្រាវ​រក អត្ដសញ្ញាណអ្នកបើកបរយានយន្ដ៕

ដោយ អ៊ុន រិទ្ធី