អគ្គស្នងការដ្ឋាននគរបាលជាតិស្នើសុំឱ្យក្រសួងអប់រំដាក់បញ្ចូលមុខវិជ្ជាច្បាប់ចរាចរណ៍ក្នុង កម្មវិធីសិក្សា ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៩ និងកម្រិតវិទ្យាល័យទៀត

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ — ដោយមើលឃើញអំពីគ្រោះថ្នាក់ចរាចរនៅដើមឆ្នាំ២០១៩នេះ ហាក់បីដូចជាមានស្ថានភាព កាចសាហាវជាងបណ្ដាឆ្នាំកន្លងមក មន្រ្ដីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានស្នើ សុំដល់ក្រសួងអប់រំ យុវជន និងកីឡាដាក់បញ្ចូលមុខវិជ្ជាច្បាប់ចរាចរណ៍ផ្លូវគោកក្នុងកម្មវិធី សិក្សាចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៩ និងថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដើម្បីបង្កើនការយល់ដឹង ដល់សិស្សានុសិស្សលើមុខវិជ្ជានេះឱ្យកាន់តែច្បាស់លាស់។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និង ខែកុម្ភៈ ឆ្នាំ២០១៩ កាលពីថ្ងៃទី២០ ខែមីនានេះ នៅទីស្ដីការក្រសួងសាធារណការ និងដឹក ជញ្ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុ ប្រធានអចិន្រ្ដៃយ៍អនុគណៈកម្មការទី២នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើសុំក្រសួងអប់រំ ដាក់បន្ថែមម៉ោងលើមុខវិជ្ជាច្បាប់ចរាចរណ៍ បញ្ចូលក្នុងកម្មវិធីសិក្សា ពីថ្នាក់ទី១ ដល់ថ្នាក់ទី៩ ដោយកន្លងមក ការសិក្សាលើមុខវិជ្ជានេះ គឺមានតែ១៥ម៉ោង ក្នុងមួយ ឆ្នាំ ហើយឥឡូវស្នើដាក់បន្ថែមឱ្យគ្រប់៣០ម៉ោងក្នុងមួយឆ្នាំ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍​បានជំរុញឱ្យពន្លឿនការដាក់បញ្ចូលមុខវិជ្ជាស្ដីពីច្បាប់ចរាចរណ៍នេះ សម្រាប់កម្មវិធីសិក្សា ទូទៅផងដែរ រហូតដល់ថ្នាក់ទី១០ ថ្នាក់ទី១១ និងថ្នាក់ទី១២  ដោយសារតែសិស្សានុសិស្ស សិក្សាក្នុងកម្រិតនេះ គឺអាចបើកបរយានយន្ដបានហើយ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍បាន អះអាងថា ការសិក្សារបស់សិស្សានុសិស្សក្នុងកម្រិតនេះ ត្រូវផ្ដល់ឱ្យពួកគេយល់អំពីច្បាប់ចរា ចរណ៍នេះ ឱ្យបានកាន់តែច្បាស់លាស់។

ការស្នើសុំដាក់បញ្ចូលច្បាប់ចរាចរណ៍ក្នុងកម្មវិធីសិក្សាចាប់ពីកម្រិតបឋមសិក្សា រហូត ដល់កម្រិតមធ្យមសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡានេះ គឺធ្វើឡើងដោយសារ មើល ឃើញថា គ្រោះថ្នាក់ចរាចរកើតឡើងគឺមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស គ្រោះថ្នាក់បង្កឡើងដោយម៉ូតូ និងយានយន្ដដែលអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបន្ថែមថា ស្ថានភាពចរាចរណ៍គឺមានការ ប្រែប្រួលខ្លាំងក្នុងឆ្នាំ២០១៩នេះដោយសារតែកំណើនយានយន្ដបានកើនឡើងរហូតដល់៣០.៨ភាគរយ ដែលមានភាពមមាញឹកតាមដងផ្លូវ ជាពិសេសគ្រោះថ្នាក់បានកើតឡើងភាគច្រើន នៅតាមផ្លូវជាតិលេខ៤ លេខ៦ បន្ទាប់មកលេខ៥ និងផ្លូវជាតិលេខ១។ ជាមួយគ្នានេះដែរ អគ្គស្នងការដ្ឋាននគរបាលជាតិក៏បានស្នើដល់ក្រសួងសាធារណការ ក្នុងការកែទម្រង់ក្នុងការ ផ្សព្វផ្សាយទាំងរូបភាព និងវិធានការនានា ដោយបង្កើនការផ្សព្វផ្សាយណាដែលធ្វើឱ្យប្រជា ពលរដ្ឋមើលឃើញ ជាជាងការផ្សព្វផ្សាយដែលមើលមិនឃើញ ជាពិសេសបង្កើនការដាក់បដា អប់រំផ្សព្វផ្សាយនៅតាមដងផ្លូវ នៅគ្រប់រាជធានី ខេត្ដ ដោយត្រូវជំរុញបង្កើនឱ្យបានកាន់តែ ខ្លាំងក្លាបន្ថែមទៀត នៅតាមចំណុចសំខាន់ៗក្នុងភូមិសាស្រ្ដរាជធានី ខេត្ដនីមួយៗ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ក្នុងដើមឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរគឺមានស្ថានភាពកាចសាហាវជាងឆ្នាំ កន្លង មក ក្នុងនោះគ្រោះថ្នាក់ដែលបង្កដោយម៉ូតូមានចំនួន៥០ភាគរយ អ្នកបើកបររថយន្ដធុន ស្រាល​ចំនួន៣០ភាគរយ អ្នកបើកបររថយន្ដធុនធ្ងន់មានចំនួន១៤ភាគរយ គ្រោះថ្នាក់ផ្សេងៗ មាន២.៨​ភាគរយ ពិសេសគ្រោះថ្នាក់ភាគច្រើនគឺគោយន្ដ៕

ដោយ អ៊ុន រិទ្ធី