ប្រមុខរាជរដ្ឋាភិបាល មានមោទនភាពចំពោះការរីកចម្រើនវិស័យអប់រំនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវមោទនភាពចំពោះការរីកចម្រើនរបស់វិស័យអប់រំនៅគ្រប់កម្រិត ក្នុងរយៈពេល​៤០​ឆ្នាំកន្លងមកនេះ បន្ទាប់ពីប្រទេសជាតិបានងើបចេញពីភ្នក់ភ្លើងសង្គ្រាមមកនោះ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ​អាស៊ីអឺរ៉ុបចំ​នួ​នជាង​១៥០០០​នា​​ក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ​មី​នា​​ ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោបានមានប្រសាសន៍រម្លឹកថា  ក្នុងរយៈ​ពេ​ល​ ៤០កន្លងមកនេះ យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍប្រទេសជាតិ ដែល​ពីមុន​​កម្ពុជាត្រូវបានគេហ៊ុមព័ទ្ធដោយសេដ្ឋកិច្ច តែយើងបានរើបម្រាស់រហូតសម្រេចបាន​នូវកំ​ណើ​ន​​សេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧ភាគរយ ក្នុង១ឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សរ៍ ចុងក្រោយនេះ។ ជា​នេះទៀត តាមរយៈវិស័យអប់រំ យើងបានចាប់ផ្តើមតាំងពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និង អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ រហូតដល់ពេលនេះយើង មានគ្រូបង្រៀន និងអ្នក​ជំ​នា​ញច្បា​ស់​លាស់ក្នុងការបណ្តុះបណ្តាលធនធាន មនុស្ស របស់យើង។ ក្រៅពីនេះ យើងក៏បាន​ខិត​ខំប្រឹងប្រែងងើបឈរឡើង រើបម្រាស់ចេញពីសង្គ្រាម ចេញពីរបបប្រល័យពូជសាសន៍ និង​ទប់​​ស្កាត់របបប្រល័យពូជសាសន៍មិនឱ្យវិលត្រឡប់ ខិតខំរួមគ្នាបង្កើតនយោបាយឈ្នះឈ្នះ ដើ​ម្បី​នាំមកនូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីលើកដំបូងនៅក្នុង​ប្រវត្តិសាស្ត្ររបស់ខ្លួ​ន​ផង​​ដែរ។

សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា ដើម្បីឱ្យប្រទេសកម្ពុជា មានឯករាជ្យ​ទាំងន​យោ​បា​យ និងសេដ្ឋកិច្ចនោះ គឺមានតែការខិតខំរបស់កម្ពុជាខ្លួនឯង ដោយមិនត្រូវពឹងផ្អែក​តែបរទេ​ស​ឡើយ ហើយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ  រាជរដ្ឋាភិបាលកម្ពុជានឹងប្រកា​ស​​​ចេញនូវកំណែទម្រង់សេដ្ឋកិច្ច ដែលមានចក្ខុវិស័យយូរអង្វែង ដើម្បីឈានឆ្ពោះទៅរកដង្ហើម​ដ​ក​​ចេញចូល និងរស់ដោយខ្លួនឯង ដោយគ្មានការគាបសង្កត់ពីបរទេស។ កំណែទម្រង់នេះនឹង​មិន​រងផលប៉ះពាល់ដោយកត្តាខាងក្រៅនោះទេ។ ប៉ុន្តែនឹងផ្តល់នូវភាពអនុគ្រោះ និងផលប្រ​យោ​ជន៍កាន់តែច្រើន ដើម្បីលើកទឹកចិត្តដល់វិស័យឯកជន ដែលជាឱកាសដ៏ល្អ សម្រាប់​វិនិ​យោគិន និងពាណិជ្ជករទាំងក្នុងស្រុក និងក្រៅស្រុកផង។

ឯកឧត្ដមបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ី អឺរ៉ុប បា​ន​ឱ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមាន និស្សិតថ្នាក់បរិញ្ញាបត្ររង ប​រិ​ញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា​២​០​១៦​-​២០១៧ និងឆ្នាំសិក្សា២០១៧-២០១៨។ ជាងនេះទៀត  និស្សិតដែលទទួលសញ្ញាបត្រនេះ ថ្នា​ក់​​បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មានការងារធ្វើ ១០០ភាគរយ ហើយថ្នាក់បរិញ្ញាបត្ររង និង​បរិញ្ញាបត្រមានការងារធ្វើ ៧៨ភាគរយ។ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានឱ្យដឹងទៀតថា ពិធីចែកសញ្ញាបត្រនៅថ្ងៃនេះ គឺជាការចែកលើកទី១២ហើយ សម្រា​ប់​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប។ បច្ចុប្បន្នសាកលវិទ្យាល័យអាស៊ី អឺរ៉ុប មានសិស្ស​ថ្នាក់​វិជ្ជា​ជីវៈ​ និងនិស្សិតកំពុងសិក្សាគ្រប់កម្រិតសរុបចំនួន ១១ ៩៩២នាក់ ក្នុងនោះមាននារី ៥ ៤៦៨​នា​ក់​​​។ មាននិស្សិតបរទេសចំនួន ២២នាក់ ក្នុងនោះជនជាតិអាម៉េរិក ១នាក់ កូរ៉េ ៥នាក់ ឡាវ ១១​នា​ក់ ចិន ២នាក់ ចិនតៃវ៉ាន់ ២នាក់ និងនីហ្សេរីយ៉ា ១នាក់។ បើគិតចាប់ពីឆ្នាំ​សិក្សា២០០៥-២០​០៦ ដល់ឆ្នាំសិក្សា២០១៧-២០១៨កន្លងមក សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត ដែលបានបញ្ចប់កា​រ​​សិ​ក្សាពីសាកលវិទ្យាល័យអាស៊ី អឺរ៉ុបសរុបចំនួន ៤៣ ៣១៣នាក់ នារី ២១ ៧៣៦នាក់៕

ដោយ  ជឹម ណារី