សម្តេចប្រធានរដ្ឋសភាដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈមួយចំនួន

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈមួយចំនួន។ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបានប្រាប់ ក្រុមអ្នកសារព័ត៌មាននៅក្រោយបញ្ចប់កិច្ចប្រជុំនោះថា ទី១-អង្គប្រជុំបានអនុម័តយល់ព្រម លើសំណើសុំប្រកាសទទួលស្គាល់លោកជំទាវ  គឹម សុវណ្ណា ជាតំណាងរាស្ត្រថ្មីមណ្ឌល រាជធានីភ្នំពេញ ជំនួសឯកឧត្តម ប៉ា សុជាតិវង្ស ដែលបានសុំលាលែង។ ទី២-អង្គប្រជុំបានអនុម័ត យល់ព្រមជ្រើសតាំងឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យ បណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា នៃរដ្ឋសភា ដើម្បីដាក់ជូនសម័យប្រជុំ ពេញអង្គរដ្ឋសភានាពេលខាងមុខ ធ្វើការបោះឆ្នោតជ្រើសតាំង​។ ទី៣-អង្គប្រជុំបានអនុម័ត យល់ព្រមជ្រើសតាំងឯកឧត្តម ច័ន្ទ សុផល ជាសមាជិក គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដើម្បីដាក់ជូនសម័យ ប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ ធ្វើការបោះឆ្នោតជ្រើសតាំង​។ ទី៤-អង្គប្រជុំបាន អនុម័តយល់ព្រម ទទួលយកបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិថ្មី ឆ្នាំ(២០១៩-២០២៨)ចំនួនមួយរូប ដើម្បីដាក់ជូនសម័យប្រជុំពេញ អង្គរដ្ឋសភានាពេលខាងមុខ ធ្វើការបោះឆ្នោតជ្រើសតាំង​។ ទី៥-អង្គប្រជុំបានអនុម័ត យល់ព្រមលើរបាយការណ៍ ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៦ ដោយបានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើការបញ្ចូលសកម្មភាព រដ្ឋសភាបន្ថែម រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី២ និតិកាលទី៦ នាពេលខាងមុខ៕

ដោយ ប៉ាល់ សុង