អាជ្ញាធរ​ជាតិអប្សរា​អះអាងថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំពីលើកំពូលកណ្តាល​ នៃប្រាសាទអង្គរវត្តមាន​រយៈពេលតែ៥០វិនាទីប៉ុណ្ណោះ

AKP សៀមរាប ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ — លោក អ៊ឹម សុខរិទ្ធ អ្នកសិក្សាស្រាវជ្រាវ និងអនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិង តម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បាន​ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នេះ ថា ព្រះអាទិត្យរះចំពីលើកំពូលកណ្តាលនៃប្រាង្គប្រាសាទអង្គរវត្ត ឬ(ព្រឹត្តិការណ៍សមរាត្រី) តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអា ជ្ញាធរជាតិអប្សរាបានបង្ហាញថា ជារៀងរាល់ឆ្នាំសមរាត្រី (Equinox) តែងតែកើត​មានពីរដង គឺនៅរដូវប្រាំង (VernalEquinox)​ កើតទ្បើងនៅខែមីនា​ និងសមរាត្រីរដូវវស្សា​ (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ សមរាត្រីជាវេលាដែលថ្ងៃ និងយប់មានរយៈពេលស្ទើរ តែស្មើគ្នា។ ក្រៅពីនេះខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀតយប់មានរយៈពេល វែងជាងថ្ងៃវិញ ជាករណីពិសេសនៅអង្គរវត្តវេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នានេះ ដែលព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាល នៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។

ដោយឡែកចំពោះសមរាត្រីរដូវវស្សាប្រាំងនៅថ្ងៃទី២១ ខែមីនានេះ ព្រះអាទិត្យរះ​ទ្បើងចំកំពូលកណ្តាល ដែលយើងអាចមើលឃើញពីខ្លោងទ្វារកណ្តាលនៃគុកតារាជ (ខ្លោង ទ្វារធំខាងលិច) ចាប់ម៉ោង៥ និង៥០នាទី ដល់ម៉ោងប្រហែល៧ព្រឹក។ តែទៅបីយ៉ាង ណាក្ដី ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺអាស្រ័យលើអាកាសធាតុដែរ បើអាកាសធាតុអំណោយផលល្អ អ្នកទេសចរអាចផ្តិតយករូបភាពរបស់ថ្ងៃរះជាមួយប្រាសាទអង្គរវត្តដ៏ស្អាតអស្ចារ្យនេះបាន។ ប៉ុន្ដែបើអាកាសធាតុមិនល្អយើងមិនអាចទស្សនាថ្ងៃរះ​កំពូលអង្គរ ដូចដែលយើងចង់ឃើញ បាននោះទេ។ លោកបាន​បញ្ជាក់ថា សម្រាប់ខែមីនាឆ្នំានេះគឺអ្នកទេសចរអាចទស្សនាថ្ងៃរះ ចំកំពូល កណ្តាលនៃប្រាសាទអង្គរ បានយ៉ាងដ៏ស្រស់ស្អាតព្រោះថា អាកាសធាតុមេឃ ស្រឡះល្អ។

លោក អ៊ឹម​ សុខរិទ្ធី បាន​ពន្យល់ថា សម្រាប់​ព្រឹត្តិការណ៍​ថ្ងៃរះ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​នេះ គឺ​មិនមែន​រះ​ចំតាំង​ពីក្រោម​រហូត​ដល់លើនោះទេ គឺ​ថ្ងៃរះដំបូង​នៅឈៀងខាងត្បូងឬខាងស្តាំកំពូលកណ្តាបន្តិចរហូតដល់ឡុងម៉ោង៦និង៣០នាទីទើប​ថ្ងៃនេះបាន​រំកិលទៅចំពីលើកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ហើយ​ការ​រះចំកំពូល​កណ្តាល​ប្រាសាទ​អង្គរវត្ត​នេះ គឺមាន​រយៈពេល​តែប្រមាណ​៥០វិនាទី​ប៉ុណ្ណោះ។ ព្រោះ​ថា ព្រះ​អាទិត្យ​នេះ វាវិលរហូត វាមិនអាច​នៅឱ្យហ្នឹងពីលើកំពូល​ប្រាសាទ​បាន​យូរនោះទេ។

លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរាបាន​ឱ្យដឹងដែរថា ព្រឹត្តិការណ៍ សមរាត្រី ឬព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាល​ប្រាសាទអង្គរវត្តដ៏អស់ស្ចារ្យនេះ បាន​ធ្វើឱ្យមានល្បីល្បាញពេញពិភពលោក និងការទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យ និងផ្តិតយករូបភាពនេះ ទុកជា អនុស្សាវរីយ៍។  សម្រាប់ព្រឹកថ្ងៃទី២១ខែមីនានេះ គេឃើញថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់ពាន់នាក់បានមកទស្សនាថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះ៕

ដោយ ឃុត សៅ