ឯកឧត្តម​ ប៉ាន សូរស័ក្តិ​ ស្វាគមន៍ និង​គាំទ្រគម្រោងវិនិយោគក្រុមហ៊ុនចិន 4PX Express

AKP ភ្នំពេញ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា​ កាលពីថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋ    មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បានអនុញ្ញាត​ឱ្យ​ប្រតិភូក្រុមហ៊ុន Shenzhen 4PX Express ដឹកនាំដោយស្ថាបនិក និងនាយកប្រតិបត្តិ លោក KEVIN Yue Li និងមានការចូលរួមពីលោក Nick Beresford តំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា ចូល​ជួប​សម្តែង​ការគួរសម​ នៅទីស្តីការ​ក្រសួង​។​

នៅក្នុង​ឱកាសនោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​បានប្រកាសស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុន Shenzhen 4PX Express ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba Cainiao Logistics Group ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឆ្លងកាត់ព្រំដែននៅក្នុងប្រទេសកម្ពុជា និងបង្កើតកាលានុវត្តភាពធុរកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីពង្រីកការនាំចេញ។

ជាមួយគ្នា​នេះដែរ​ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញឱ្យក្រុមហ៊ុន Shenzhen 4PX Express ធ្វើការបោះទីតាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ (ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្ទេរចំណេះដឹង) សម្រាប់គាំទ្រប្រតិបត្តិការ E-Commerce និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹង​នេះ​ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើក្រុមហ៊ុន Shenzhen 4PX Express ពិចារណាចាប់ដៃគូ ជាមួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជំរុញវត្តមានផលិតផលខ្មែរ ដូចជា ទំនិញកសិកម្ម គ្រឿងចម្លាក់ពីដៃ វត្ថុអនុស្សាវរីយ៍ ផ្លែឈើស្រស់ និងម្ហូបអាហារ នៅលើទីផ្សារអនឡាញ ជាពិសេស Alibaba ដែលជាគេហទំព័របោះដុំទំនិញធំបំផុត នៅក្នុងប្រទេសចិន និងលើពិភពលោក។

​ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមហ៊ុន Shenzhen 4PX Express អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញវិស័យ E-Commerce តាមរយៈការពន្លឿនច្បាប់ស្តីពី E-Commerce និងយុទ្ធសាស្ត្រវិស័យនេះ ការកសាងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវប្បធម៌កម្ពុជា នៅតាមទីក្រុងធំៗក្នុងប្រទេសចិន និងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រសមាហ    រណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ជំនាន់ទី៤ ជាដើម។

ដោយ​ឡែក​ លោក KEVIN Yue Li និងសហការី បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ ទាក់ទងស្ថានភាពវិស័យ E-Com merce នៅក្នុងប្រទេសកម្ពុជា។

ស្ថាបនិកក្រុមហ៊ុន Shenzhen 4PX Express រូបនេះ បានប្តេជ្ញាចូលរួមអភិវឌ្ឍន៍វិស័យ E-Commerce ជាមួយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចាប់ដៃគូ ជាមួយអង្គការ UNDP និងក្រុមហ៊ុនក្នុងស្រុក ព្រមទាំងការកសាងស្ថានីយមួយ ដែលសហគ្រាសធុនតូច និងមធ្យម អាចទម្លាក់ផលិតផលរបស់ខ្លួន ដើម្បីក្រុមហ៊ុនលក់ និងចែកចាយទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក៕ ដោយ​ ទេស ច័ន្ទសុធារី

រូបថត៖ ក្រសួង​ពាណិជ្ជកម្ម​