កិច្ចប្រជុំស្ដីពីបច្ចេកវិទ្យាថ្មីក្នុងការសាងសង់ផ្លូវឱ្យបានរឹងមាំ និងប្រើប្រាស់បានយូរអង្វែង

AKP ភ្នំពេញ ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​សាធារណការ​ និង​ដឹកជញ្ជូនបាន​ឱ្យដឹងថា​ កាល​ពី​ថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីបច្ចេកវិទ្យាថ្មីក្នុងការសាងសង់ផ្លូវឱ្យបានរឹងមាំ និងប្រើប្រាស់បានយូរអង្វែង ដោយមានការចូលរួមពីឯកឧត្ដមឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា តំណាងក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី ព្រមទាំងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

ប្រភពដដែល​បាន​គូសបញ្ជាក់ថា​ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ល្អៗពីសំណាក់ភាគីសិង្ហបុរី ក៏ដូចជាបើកវេទិកាជូនមន្ត្រីបច្ចេកទេស និងវិស្វករក្រសួងបានសួរដេញដោល និងសិក្សាបន្ថែមនូវវិធីសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗក្នុងការសាងសង់ផ្លូវឱ្យមានគុណភាពល្អ និងមានលក្ខណៈរឹងមាំថែមទៀត ស្របតាមភូមិសាស្ត្រ និងអាកាសធាតុ។

នៅក្នុង​ឱកាសនោះ​ ឯកឧត្ដមរដ្ឋលេខាធិការបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្ដមឯកអគ្គរដ្ឋទូតនៃប្រទេសសិង្ហបុរី និងតំណាងក្រុមហ៊ុនមកពីប្រទេសសិង្ហបុរីដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាថ្មីរបស់ប្រទេសសិង្ហបុរី ដើម្បីសាងសង់ផ្លូវឱ្យបានរឹងមាំ គុណភាពល្អ និងប្រើប្រាស់បានយូរអង្វែង ជូនដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានជូនពរឱ្យឯកឧត្ដមឯកអគ្គរដ្ឋទូត និងតំណាងក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី ឱ្យទទួលជោគជ័យគ្រប់ភារកិច្ច និងគ្រប់គម្រោង។

សូមបញ្ជាក់ថា បទបង្ហាញស្ដីពីបច្ចេកវិទ្យាថ្មីក្នុងការសាងសង់ផ្លូវនេះ ធ្វើឡើងដោយតំណាងក្រុមហ៊ុននៃប្រទេសសិង្ហបុរី ព្រមទាំងបានលើកយកបទពិសោធន៍គម្រោងសាងសង់ផ្លូវនៅតាមបណ្ដាប្រទេសមួយចំនួនមកបង្ហាញ រួមទាំងគម្រោងសាងសង់ផ្លូវនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕ ដោយ ទេស ច័ន្ទសុធារី

រូបថត៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន